ក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាលអាមេរិក បានដាក់គីមីវិទូស៊ីរី ២៧១ នាក់ និងមន្ត្រីដទៃទៀតក្នុងបញ្ជីខ្មៅហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃចន្ទ ដោយបានដាក់ ទណ្ឌកម្មលើពួកគេជុំវិញតួនាទីដែលគេប៉ាន់ស្មាននៅក្នុងការវាយប្រហារអាវុធគីមីបណ្តាលឲ្យមនុស្សស្លាប់ច្រើនទៅលើទីប្រជុំជនមួយដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅដើមខែមេសានេះ។
នៅក្នុងសេចក្តីមួយនៃទណ្ឌកម្មធំៗបំផុតមិនធ្លាប់មានរបស់ខ្លួន ក្រសួងរតនាគារជាតិអាមេរិកបានផ្តោតទៅលើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវស៊ីរី (SSRC) ដែលមជ្ឈមណ្ឌលនេះទទួលខុសត្រូវចំពោះការផលិតអាវុធឧស្ម័នសារធាតុគីមីដែលគេសង្ស័យត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧។
ការវាយប្រហារនោះ បណ្តាលឲ្យមនុស្ស ៨៧ នាក់ស្លាប់នៅក្នុងនោះមានក្មេងៗជាច្រើននាក់នៅក្នុងទីប្រជុំជន Khan Sheikhun ដោយបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងនៅលោកខាងលិចដែលបានចោទប្រកាន់ប្រធានាធិបតីស៊ីរីលោកបាសារអាល់អាសាដ ពីបទទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
ទណ្ឌកម្មទាំងនោះគឺបង្កកទ្រព្យសម្បត្តិទាំងអស់នៅអាមេរិកដែលជារបស់បុគ្គល ២៧១ នាក់នៅក្នុងបញ្ជីខ្មៅនោះ និងរារាំងមិនឲ្យជនអាមេរិកណាម្នាក់ធ្វើអាជីវកម្មផ្សេងៗ ឬមានទំនាក់ទំនងជាមួយពួកគេទេ។
យោងតាមក្រុមផ្តួចផ្តើមគំនិតការគំរាមកំហែងអាវុធនុយក្លេអ៊ែរជាក្រុមពិគ្រោះយោបល់មួយមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា SSRC គឺជាមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនាំមុខគេនៅស៊ីរីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង យោធារបស់ប្រទេសនេះ។
មជ្ឈមណ្ឌល SSRC នោះ គឺប្រធានបទនៃការប្រកាសទណ្ឌកម្មពីរមុននៅក្នុងឆ្នាំ ២០០៥ និង ២០០៧ ដោយសារតួនាទីរបស់ខ្លួននៅក្នុងការផលិតអាវុធមហាប្រល័យ៕


