ក្រុងបាងកកៈ អ.ស.ប. បាននិយាយថា ជនភៀសខ្លួនសង្គ្រាម ៦៥ នាក់ បានត្រឡប់ពីជំរំព្រំដែនថៃ មកដល់មីយ៉ាន់ម៉ាពីថ្ងៃពុធ ជា គម្រោងធ្វើមាតុភូមិនិវត្តន៍ផ្លូវការដំបូងពីការរស់នៅនិរទេស ដែលបានជាប់ ដូចឃុំឃាំងរវាងប្រទេសទាំងពីរនោះ។
ថៃ បានផ្តល់ជម្រកដល់ជនភៀសខ្លួនមីយ៉ាន់ម៉ារាប់ម៉ឺននាក់ចាប់តាំងពីទសវត្សរ៍ ឆ្នាំ ១៩៨០ នៅពេលដែលគ្រួសារជាច្រើន បានចាប់ផ្តើមភៀសខ្លួនពី រដ្ឋការ៉េន ដើម្បីគេចខ្លួនពីយុទ្ធនាការ ប្រឆាំងការបះបោរដ៏ឃោរឃៅ របស់របបយោធា កាលនោះ។
ប៉ុន្តែថៃមិនទទួលស្គាល់ជាផ្លូវការជាជនភៀសខ្លួន ឬផ្តល់ការជ្រកកោននោះឡើយ ខណៈការ ភ័យខ្លាចពីសុវត្ថិភាព និងការខ្វះសិទ្ធិមានដីឆ្លងព្រំដែនមកវិញ បាន ធ្វើឲ្យជនជាតិការ៉េនដែលនិរទេសជាច្រើន គ្មានជំនឿចិត្តអំពីការត្រឡប់មកវិញទេ ថ្វីបើការគ្រប់គ្រងរបស់យោធា បានបញ្ចប់ក្តី។
យោងតាមឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងក្រសួងការបរទេសថៃ ឲ្យដឹងថា មនុស្ស ៦៥ នាក់ បានឆ្លងត្រឡប់មកវិញពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីគ្រួសារ ៦ នាក់ បានចាកចេញ។
អ្នកនាំពាក្យ UNHCR ដែលមានមូលដ្ឋាននៅថៃ លោកស្រី Vivian Tan បាននិយាយថា៖ «មនុស្សជាច្រើននិយាយថា ពួកគេមានអារម្មណ៍លើកទឹកចិត្តនឹង កំណែទម្រង់នៅមីយ៉ាន់ម៉ា និងមើលឃើញពីអនាគតប្រសើរជាងសម្រាប់ពួកគេខ្លួនឯង និងក្រុមគ្រួសារពួកគេនៅឯស្រុក»។
គម្រោងនេះគឺជាការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តដំបូងដែលគាំទ្រដោយរដ្ឋាភិបាលទាំងពីរ និងឧបត្ថម្ភដោយក្រុមអង្គការ ជំនួយអន្តរជាតិ ដែលកំពុងជួយ ដោយការដឹកជញ្ជូន និងការជួយ តាំងលំនៅជាថ្មី៕


