ក្រុងតូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក សុីនហ្សូ អាបេ កាលពីថ្ងៃពុធ បានប្តេជ្ញាចូលរួមក្នុងពិធីប្រកួតពហុកីឡា អូឡាំពិក នាសិសិររដូវក្នុងទឹកដីកូរ៉េខាងត្បូង ដោយបានបញ្ចប់នូវសេចក្តីសន្និដ្ឋានជាច្រើន ពីគ្រប់មជ្ឈដ្ឋាន ជុំវិញបញ្ហាដែលថា លោកនឹងមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកួតនេះទេ បន្ទាប់ពីមានសង្គ្រាមពាក្យសម្តីប្រកបដោយការរំជើបរំជួលចិត្តកន្លងមក ជាមួយក្រុង សេអ៊ូល ជុំវិញដំណោះស្រាយមួយនៃបញ្ហាទាសភាពផ្លូវភេទអំឡុងសម័យសង្គ្រាម។
លោក អាបេ បានថ្លែងប្រាប់កាសែត Sankei Shimbun ថា៖ «ខ្ញុំសូមចូលរួមបើកការប្រកួតពហុកីឡាអូឡាំពិក នៅក្នុងទីក្រុង Pyeongchang ដើម្បីជួយអបអរនិងលើកទឹកចិត្តក្រុមអត្តពលិកជប៉ុនប្រសិនបើលក្ខខណ្ឌអំណោយផលឲ្យខ្ញុំធ្វើដូច្នេះនោះ»។
លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ត្រូវបានដកស្រង់សម្តីដូច្នេះថា៖ «ពហុកីឡាអូឡាំពិកគឺជាពិធីបុណ្យមហោស្រពមួយដើម្បីសន្តិភាពនិងកីឡាហើយ ដែលជប៉ុនត្រៀមខ្លួនជាស្រេចដើម្បីផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះទទួលពិធីប្រកួតពហុកីឡានេះក្នុងទីក្រុងតូក្យូនាឆ្នាំ ២០២០។
លោកថ្លែងដូច្នេះដោយពោលសំដៅ ដល់ពហុកីឡាអូឡាំពិកនារដូវក្តៅនៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន។
សារព័ត៌មាន Jiji និងសារព័ត៌មាន Yomiuri Shimbun Daily ក៏បានធ្វើសេចក្តីរាយការណ៍ផងដែរថា លោកអាបេនឹងមានវត្តមានចូលរួមក្នុងពិធីរាត្រីសមោសរ បើកពិធីប្រកួតពហុកីឡាអូឡាំពិកនាសិសិររដូវដែលនឹងត្រូវបានប្រារព្ធធ្វើឡើង ក្នុងទីក្រុងមួយនៅក្នុងទឹកដីកូរ៉េខាងត្បូងនៅថ្ងៃទី ៩ ខែកុម្ភៈ។
[img]
លោក អាបេ បានធ្លាប់លើកឡើងថា លោកទំនងជាមិនមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ដើម្បីមានពេលវេលាផ្តោតអារម្មណ៍លើដំណើរការអនុម័តពង្រាងគម្រោងថវិកាជាតិ ជាទង្វើមួយដែលត្រូវបានគេមើលឃើញជាទូទៅថាជា «ទង្វើធ្វើឲ្យល្អមើល» បន្ទាប់ពីមានជំលោះមួយជាមួយក្រុងសេអ៊ូលជុំវិញជំលោះដែលបានអូសបន្លាយពេលអស់ជាច្រើនសតវត្សរ៍មកនោះ។
បញ្ហាពាក់ព័ន្ធក្រុមស្ត្រីដែលត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទបម្រើកាមតណ្ហាជប៉ុននៅក្នុងសង្គ្រាមលោកលើកទីពីរ (WWII) បានធ្វើឲ្យល្អកកករនូវចំណងទំនាក់ទំនងរវាងប្រទេសជិតខាងគ្នាទាំងពីរនេះ ដែលទាំងអស់គ្នាជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចគ្នាហើយដែលប្រទេសទាំងពីរបានរងការគម្រាមកំហែងពីកូរ៉េខាងជើងដែលប្រដាប់ដោយនុយក្លេអ៊ែរដូចគ្នា៕ AFP/ប្រែសម្រួលដោយ សុឹម សានិត


