ក្រុងបាងកកៈ ក្រុមមន្ត្រីសន្តិសុខថៃ បានរកឃើញភ័ស្តុតាងថ្មី ដោយធ្វើឲ្យពួកគេងាកមកផ្តោតលើជនសង្ស័យដែលបានឃុំខ្លួន Bilal Turk ដែលគេស្គាល់ថា Adem Karadag ថារូបគេអាចជាអ្នកដាក់គ្រាប់បែកនៅទីសក្ការៈអេរ៉ាវ៉ាន់។
លោក Karadag ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ សីហា នៅបន្ទប់មួយនៃផ្ទះល្វែង Pool Anant ក្នុងខណ្ឌ Nong Chok ដែលក្រុមអាជ្ញាធរ បានរកឃើញសម្ភារផលិតគ្រាប់បែកជាច្រើន។
ប្រភពសន្តិសុខជាច្រើនបាននិយាយថា ភ័ស្តុតាងខ្លះពីរូបភាពកាមេរ៉ាសុវត្ថិភាពដែលថតបាននៅឧទ្យាន Lumpini បង្ហាញថា បុរសអាវលឿងម្នាក់ដែលគេសង្ស័យថាដាក់គ្រាប់បែកនៅឯទីសក្ការៈនេះ ចូលទៅក្នុងបង្គន់មួយក្នុងឧទ្យាននោះ ជាទីដែលគាត់បានដូរអាវទៅជាអាវប្រផេះវិញ ហើយដូចគ្នានឹងលោក Karadag។
បន្ទាប់ពីចាកចេញពីឧទ្យាននេះ គាត់ក៏ឡើងឡានក្រុងទៅកាន់ផ្ទះល្វែងនៅ Nong Chok៕


