ក្រុងសាណា: យោងតាមប្រភពព័ត៌មានសុខាភិបាលនានាបានឲ្យដឹងថា ស្ត្រីម្នាក់ស្ថិតនៅក្នុងចំណោមក្រុមមនុស្ស ៤ នាក់ដែលត្រូវបានសម្លាប់អំឡុងការវាយប្រហារផ្លូវអាកាសមួយដែលបានប៉ះចំស្ថានីយប្រេងមួយក្នុងរដ្ឋធានីត្រួតត្រាដោយក្រុមឧទ្ទាមនៅយេម៉ែនកាលពីល្ងាចថ្ងៃសៅរ៍។
យោងតាមប្រភពព័ត៌មានដដែលនោះបានឲ្យដឹងថា មនុស្ស ១១ នាក់បានរងរបួសនៅក្នុងអំឡុងពេលនៃការវាយប្រហារផ្លូវអាកាសលើទីក្រុងសាណា។
ក្រុមសាក្សីជាច្រើនបានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅមុនពេលថ្ងៃលិចខណៈដែលក្រុមមនុស្សទាំងឡាយបានរៀបចំបរិភោគអាហារអំឡុងខែបរិសុទ្ធរ៉ាម៉ាដនរបស់ក្រុមអ៊ិស្លាមពីព្រឹកព្រលឹមដល់ពេលរាត្រី។ ភ្លាមៗមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយពាក់ព័ន្ធក្រុមជនដែលបានបង្កការវាយប្រហារនេះ។
អារ៉ាប៊ី សាអ៊ូឌីត ដែលបានដឹកនាំក្រុមចម្រុះយោធាមួយដែលបានកំពុងវាយប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមហ៊ូធីចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីទទួលបានការគាំទ្រជារដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ កំពុងបំពេញសកម្មភាពយ៉ាងសកម្ម ស្ទើរតែរាល់ថ្ងៃ នៅក្នុងទឹកដីយេម៉ែន។
កាលពីព្រឹកថ្ងៃសៅរ៍ ក្រុងរីយ៉ាដ បានធ្វើការរាយការណ៍ឲ្យដឹងថា ទាហាន ២ នាក់មកពីក្រុមសន្តិសុខជាតិរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រឆាំងក្រុមឧទ្ទាមហ៊ូធីនៅបណ្តោយតំបន់ព្រំដែនភាគខាងត្បូងរបស់អារ៉ាប៊ីសាអ៊ូឌីតជាប់ព្រំដែនរបស់យេម៉ែន។
ទីភ្នាក់ងារសារព័ត៌មាន SPA ផ្លូវការមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលា និងដំណើរដែលពួកគេស្លាប់។ របាយការណ៍នេះបានធ្វើឡើងខណៈដែលអ្នកនាំពាក្យក្រុមចម្រុះវរសេនីយ៍ឯកលោក Turki al-Maliki បានថ្លែងថា ប្រព័ន្ធការពារផ្លូវអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីត បានចាប់បាននិងកម្ទេច ដ្រូនរបស់ក្រុមឧទ្ទាមហ៊ូធី ដែលមានគោលដៅវាយប្រហារលើព្រលានយន្តហោះអន្តរជាតិនៃទីក្រុងអាបា (Abha) ភាគខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃសៅរ៍ដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន SPA លោក Maliki ថ្លែងថា ការត្រួតពិនិត្យមើលកម្ទេចកម្ទីបាក់បែកបង្ហាញឲ្យឃើញថា ដ្រូននោះត្រូវបានផលិតដោយអ៊ីរ៉ង់ និងប្រើប្រាស់ដោយក្រុមឧទ្ទាមហ៊ូធី។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានបើកកិច្ចអន្តរាគមន៍ខាងផ្នែកយោធាមួយនៅក្នុងទឹកដីយេម៉ែននៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី ដែលចំណុះអ៊ីរ៉ង់បានច្បាំងបណ្តេញក្រុមកងកម្លាំងគាំទ្ររដ្ឋាភិបាលចេញពីទីក្រុងសាណា និងបានបន្តច្បាំងដណ្តើមផ្នែកជាច្រើនទៀតនៃទឹកដីប្រទេសនេះ។
ជម្លោះនេះបានបណ្តាលឲ្យក្រុមមនុស្សជិតមួយម៉ឺននាក់បានស្លាប់ និងរាប់ម៉ឺននាក់ដទៃទៀតបានរងរបួស និង រាប់លាននាក់ទៀតបានស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរភិក្ស ជាអ្វីមួយដែលអង្គការសហប្រជាជាតិ (UN) បានហៅថាជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក។
លើសពីនេះទៀត ក្រុមពលរដ្ឋជាង ២២០០ នាក់ដទៃទៀតបានស្លាប់ដោយសារបញ្ហាជំងឺអាសន្នរោគនិងរាប់លាននាក់ទៀតស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរភិក្សជាអ្វីដែលអង្គការសហប្រជាជាតិបាននិយាយថា គឺជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងពិភពលោក។
លោក Mark Lowcock ប្រមុខកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រជាពលរដ្ឋប្រមាណជា ៨,៤ លាននាក់កំពុងប្រឈមមុខជាមួយការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងកំពុងប្រឈមមុខជាមួយការអត់អាហារស្លាប់នៅក្នុងទឹកដីយេម៉ែន»។
លោកបានព្រមានថា៖ «ប្រសិនបើលក្ខខណ្ឌមិនអំណោយផលទេ ពលរដ្ឋ ១០ លាននាក់ដទៃទៀតនឹងធ្លាក់ចូលក្នុងក្រុមមនុស្សក្រុមចំណាត់ថ្នាក់នេះនៅដំណាច់ឆ្នាំ»៕


