ក្រុងកូឡុំបូៈ ប្រធានសភា បានថ្លែងកាលពីថ្ងៃអាទិត្យថា សភាស្រីលង្កាបានព្រមានលោកប្រធានាធិបតី Maithripala Sirisena ថា មិនបានធ្វើការស៊ើបអង្កេតដ៏ចម្រូងចម្រាសទៅលើបញ្ហាសន្តិសុខ នៅមុនការវាយប្រហារគ្រាប់បែកទៅលើក្រុមអ្នកកាន់សាសនាគ្រិស្តកន្លងទៅ។
ការព្រមាននោះ បានកើតឡើងក្រោយពីលោកប្រធានាធិបតី Sirisena បានថ្លែងថា លោក នឹងមិនសហការជាមួយសភា ដើម្បីស៊ើបអង្កេត ហើយនឹងមិនអនុញ្ញាតឲ្យក្រុមមន្ត្រីប៉ូលិស ឬ ក្រុមការពារសន្តិសុខផ្តល់ភ័ស្តុតាង នៅមុនធ្វើការជ្រើសរើសគណៈកម្មាធិការ (PSC) នោះទេ។
លោកប្រធានាធិបតី Maithripala Sirisena បានកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់កាលពីយប់ថ្ងៃសុក្រ ដើម្បីប្រឆាំងការស៊ើបអង្កេតរបស់សភា ទៅលើការវាយប្រហារជាច្រើនកន្លែងកាលពីថ្ងៃទី ២១ ខែ មេសា ដែលបានបណ្តាលឲ្យមនុស្ស ២៥៨ នាក់ស្លាប់ នៅក្នុងនោះមានជនបរទេស ៤៥ នាក់ និងជិត ៥០០ នាក់ទៀតរងរបួស ហើយក្រុមអ្នកវាយប្រហារគំរាមបន្តធ្វើសកម្មភាព។
ប្រធានសភា លោក Karu Jayasuriya បានថ្លែងនៅក្នុងការឆ្លើយតបទៅកាន់លោកប្រធានាធិបតី Sirisena តាមរយៈសំណេរចំនួន ២ ទំព័រ ដោយវាយប្រហារខ្លាំងៗថា៖ «រាល់មន្ត្រីរាជការបម្រើការសាធារណៈ ដែលបានកោះហៅចូលប្រជុំដោយគណៈកម្មាធិការបម្រើសេវាកម្មសាធារណៈ PSC ត្រូវបំពេញកាតព្វកិច្ចដើម្បីផ្តល់ភ័ស្តុតាងឲ្យសភាធ្វើការស៊ើបអង្កេត»។
«ក្រុមមន្ត្រីទាំងនោះ បានដឹងយ៉ាងច្បាស់អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរប្រសិនបើពួកគេខកខានមិនបានធ្វើការឆ្លើយតបសភា»៕ AFP/SK


