ក្រុងតូក្យូៈ ជប៉ុនបានប្រវេប្រវាបញ្ចេញយន្តហោះចម្បាំង របស់ខ្លួនពីថ្ងៃចន្ទ បន្ទាប់ពីឃើញយន្តហោះចម្បាំងចិនជាច្រើន គ្រឿងបានហោះហើរឆ្លងកាត់ ច្រកសមុទ្រមួយ ចន្លោះកោះមីយ៉ាកុ និងអូគីណាវ៉ាជាលើកទីមួយ។
ក្រុងប៉េកាំង បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះជាង ៤០ គ្រឿង ដើម្បីចូលរួមលំហាត់សមយុទ្ធយោធាក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។
យោធាជប៉ុន បានសម្រេចចិត្តឲ្យយន្តហោះ.ខ្លួនឲ្យមានវត្តមាន នៅលើអាកាស បន្ទាប់ពីឃើញយន្តហោះចិន ៨ គ្រឿង ក្នុងនោះមានទាំងយន្តហោះទម្លាក់គ្រាប់បែក ៤ គ្រឿង ចម្បាំងពីរគ្រឿង និងយន្តហោះឈ្លបយកការណ៍ពីរ គ្រឿង។
ក្រោយមក យន្តហោះ ទាំងនោះបានបត់ក្បាលត្រឡប់ទៅសមុទ្រចិនខាងកើតវិញ ដោយ មិនរំលោភដែនអាកាសជប៉ុនទេ។
ក្រុមមន្ត្រីការពារជាតិជប៉ុន បាននិយាយថា នេះគឺជាលើកទីមួយហើយដែលយន្តហោះចិនបានឆ្លងកាត់តំបន់នេះ។
កងទ័ពរំដោះប្រជាជនចិន បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះទៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីហ្វឹកហាត់ការ យកការណ៍ ការសម្របសម្រួល និងការហោះហើរចាក់ប្រេង ដែលមានបំណងពិនិត្យសមត្ថភាពប្រយុទ្ធតំបន់ទឹកខៀវ។
លំហាត់នេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីការពារការគ្រប់គ្រងលើតំបន់ជាច្រើននៃសមុទ្រចិនខាងកើត ដែលខ្លួនបានឲ្យឈ្មោះថាតំបន់បង្ហាញអត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន កាលពីពីរឆ្នាំមុន។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ លោកអាបេបាននិយាយកាលពីថ្ងៃចន្ទថា ជប៉ុននឹងមិនអត់ឱនឲ្យរាល់ការប៉ុនប៉ងធ្វើការផ្លាស់ប្តូរស្ថានការណ៍ជាក់ស្តែងនៅក្នុងដែនទឹកដែលមានជម្លោះនោះដោយឯកតោភាគីទេ។
លោកបាននិយាយនៅក្នុងសុន្ទរកថាបើកសម័យប្រជុំសភាពេញអង្គថា៖ «យើងប្តេជ្ញាការពារទឹកដីជប៉ុនទាំងនៅក្នុងសមុទ្រ និងលើអាកាស»៕Sputnik


