ក្រុងអ៊ីស្តង់ប៊ុលៈ អភិបាលខេត្តបាននិយាយថាមនុស្ស ៦ នាក់ត្រូវបានសម្លាប់ និង ៣៩ នាក់បានរងរបួសពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហារគ្រាប់បែកក្នុងរថយន្តមួយដោយក្រុមសកម្មប្រយុទ្ធអម្បូរឃើដលើស្ថានីយប៉ូលិសមួយ និងជម្រកក្បែរនោះសម្រាប់ក្រុមមន្ត្រីនៅភាគអាគ្នេយ៍នៃប្រទេសតួកគី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយការិយាល័យរបស់អភិបាលខេត្ត Diyarbakir បាននិយាយថាមនុស្សបីនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តដំបូងរបស់គណបក្សពលករឃើដ (PKK) នៅក្នុងទីប្រជុំជនស៊ីណាខណៈមនុស្សបីនាក់បានស្លាប់នៅពេលអគារមួយបានបាក់រលំដោយសារការវាយប្រហារនោះ។
រូបភាពជាច្រើនត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយតួកគីបានបង្ហាញឲ្យឃើញការវាយប្រហារកាលពីយប់មិញបណ្តាលឲ្យខូចខាតយ៉ាងដំណំដល់អគារលំនៅឋានមួយដែលប្រើប្រាស់ដោយក្រុមមន្រ្តីប៉ូលិស និងគ្រួសាររបស់ពួកគេដោយជញ្ជាំងខាងក្រៅទាំងមូលបាក់បែកខ្ទេចខ្ទី។
ទាំងប៉ូលិស និងជនស៊ីវិលរងរបួសប៉ុន្តែរបាយការណ៍ពីដំបូងបាននិយាយថាអ្នកដែលស្លាប់គឺជាជនស៊ីវិល។
ការិយាល័យរបស់រដ្ឋាភិបាលបាននិយាយថាមនុស្ស ១៤ នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកពីដំបូងខណៈមនុស្ស ២៥ នាក់ត្រូវរងរបួសដោយសារអគារបាក់រលំនៅក្នុងនោះមានមនុស្ស ៥ នាក់ត្រូវបានសង្គ្រោះចេញពីកម្ទេចកម្ទីអគារដោយក្រុមសង្គ្រោះបន្ទាន់។
របាយការណ៍ជាច្រើនបានឲ្យដឹងថាក្រុមអ្នកវាយប្រហារនោះបានការពារការវាយប្រហារគ្រាប់បែកដាក់ក្នុងរថយន្តនោះដោយកាំភ្លើងបាញ់រ៉ុក្កែត និងកាំភ្លើងបាញ់ចម្ងាយឆ្ងាយ។
PKK បានចាប់ធ្វើការបះបោរផ្លូវការមួយប្រឆាំងនឹងរដ្ឋតួកគីនៅក្នុងឆ្នាំ ១៩៨៤ ពីដំបូងប្រយុទ្ធដើម្បីឯករាជ្យរបស់ក្រុមអម្បូរឃើដទោះបីជាខ្លួនទាមទារស្វ័យភាពកាន់តែធំក្តី៕ PSA


