ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងកាលពីថ្ងៃចន្ទថា ការវាយប្រហារមីស៊ីលទៅលើប្រទេសស៊ីរីភាគកណ្តាលបានបណ្តាលឲ្យយុទ្ធជនគាំទ្ររបបនេះ ២៦ នាក់ស្លាប់ ភាគច្រើននៃពួកគេនោះជាពលរដ្ឋអ៊ីរ៉ង់។
របបស៊ីរីដែលបានស្តីបន្ទោសការឈ្លានពានថ្មីក្រោយពីការវាយប្រហារនោះ បានបន្តបណ្តេញក្រុមប្រដាប់អាវុធចេញពីរដ្ឋធានីនេះ ដោយមានកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីបញ្ជូនក្រុមយុទ្ធជនទៅភាគខាងជើងប្រទេសនេះ។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថាការវាយប្រហារមីស៊ីលទាំងនោះបានចំទីតាំងយោធា ២ នៅក្នុងខេត្តអាឡិបប៉ូនិងហាម៉ាកាលពីល្ងាចថ្ងៃអាទិត្យ។
ក្រុមឃ្លាំមើលនោះបានឲ្យដឹងទៀតថា ការវាយប្រហារទៅលើខេត្តហាម៉ា បានចំមូលដ្ឋានមួយ ដែលត្រូវបានគេស្គាល់ថាជាកងពលតូច ៤៧ ជាទីដែលក្រុមយុទ្ធជនគាំទ្ររបបនេះឈរជើង។ ខេត្តទាំង ២ ត្រូវបានបំផ្លាញដោយមីស៊ីលបាញ់ចេញពីផ្ទៃរាប។
លោក Rami Abdel Rahman ដែលបានដឹកនាំក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស បានថ្លែងថា៖ «យុទ្ធជនយ៉ាងតិច ២៦ នាក់បានស្លាប់នៅក្នុងនោះមានស៊ីរី ៤ នាក់ក្នុងការវាយប្រហារនៅខេត្តហាម៉ា។
លោកបានថ្លែងប្រាប់ AFP ថា៖ «អ្នកដទៃ គឺជាយុទ្ធជនបរទេសពួកគេភាគច្រើនជាអ៊ីរ៉ង់។បើពិនិត្យមើលស្ថានភាពរបស់គោលដៅនោះ ការវាយប្រហារនោះ ទំនងជាការវាយប្រហាររបស់អ៊ីស្រាអែល»។

រដ្ឋមន្ត្រីព័ត៌មានអ៊ីស្រាអែលលោក Yisrael Katz បានប្រាប់វិទ្យុកងទ័ពកាលពីព្រឹក ថ្ងៃចន្ទថា លោក មិនបានដឹងពីការវាយប្រហារមីស៊ីលនាពេលថ្មីៗនេះទេ។
ប៉ុន្តែលោក បានថ្លែងទៀតថាអំពើហិង្សា និងអស្ថិរភាពនៅស៊ីរី គឺលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ ដើម្បីបង្កើត វត្តមានយោធានៅទីនោះ។ អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យបើករណសិរ្សនៅស៊ីរីភាគខាងជើងទេ។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោកបេនចាមីន នេតានីយ៉ាហ៊ូ កាលពីថ្ងៃចន្ទ បានថ្លែងថា លោកមានភ័ស្តុតាង ដែលអ៊ីរ៉ង់មានកម្មវិធីអាវុធនុយក្លេអ៊ែរជាសម្ងាត់ដែលប្រទេសនេះបានលាក់ពីភ្នែកសហគមន៍អន្តរជាតិចំពោះឯកសារបរមាណូសម្ងាត់របស់ខ្លួន។
សម្ព័ន្ធមិត្តរបស់លោកគឺអាមេរិក ដែលបានដឹកនាំ រលកនៃការវាយប្រហារមីស៊ីលដែលមិនធ្លាប់មានពីមុនទៅលើហេដ្ឋារចនាសម្ព័ន្ធអាវុធគីមីរបស់ស៊ីរី កំពុងពិចារណាអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជា ប្រវត្តិសាស្ត្រនោះ។
ប្រធានាធិបតីស៊ីរីលោកបាសារ អាល់អាសាដ ដែលសម្ព័ន្ធមិត្តនានារបស់លោកគឺរុស្ស៊ី និងអ៊ីរ៉ង់ មិនបានលើកឡើងអំពីការវាយប្រហារពេញ ១ យប់នោះទេ ប៉ុន្តែបានថ្លែងថាប្រទេសជាច្រើនដែលជាសត្រូវបានប្តូរទិសទៅរកការឈ្លានពានដោយផ្ទាល់៕


