ក្រុងវៀងចន្ទន៍ៈ ក្រុមមន្រ្តីបាននិយាយថា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា និងហ្វីលីពីនលោក Rodrigo Duterte បានចាប់ដៃគ្នានិងជជែកគ្នាមួយភ្លែតកាលពីថ្ងៃពុធ ដោយបានបន្ធូរបន្ថយភាពជាប់គាំងក្រោយពីលោក Duterte ហៅលោកអូបាម៉ាថា «កូនមីសំផឹង»។
ប្រធានាធិបតីរបស់សម្ព័ន្ធមិត្តយូរអង្វែងពីរ គ្រោងធ្វើការពិភាក្សានៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែសេតវិមាន បានលុបចោលជំនួបនោះ ក្រោយពីលោក Duterte ជេរប្រមាថ។
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay បាននិយាយដល់ជំនួបរយៈពេលខ្លីមួយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលជំនួបនេះ បានកើតឡើង»។
ជំនួបនោះ បានកើតចេញពីការពិតដែលថា ចំណងទំនាក់ទំនងរវាងហ្វីលីពីន និងអាមេរិកកាន់តែខ្លាំង និងរឹងមាំ។
លោក Duterte បានបញ្ចេញកំហឹងភ្លាមៗកាលពីថ្ងៃចន្ទនៅពេលលោកកំពុងការពារសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ប្រជាជនហ្វីលីពីន ២ ៤០០ នាក់។ លោក បានសម្តែងការសោកសា្ដយចំពោះការធ្វើឲ្យលោកអូបាម៉ាអាក់អន់ចិត្ត៕


