ក្រុងណៃពិដោៈ លោកស្រីអ៊ុងសាន ស៊ូជី នៃប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់ជំនួបកំពូលជាប្រវត្តិសាស្ត្រមួយ ជាមួយក្រុមឧទ្ទាមជនជាតិភាគតិចពីថ្ងៃសៅរ៍ ដោយហៅវា ថាជាជំហានទីមួយ លើអ្វី ដែលធានាថា ជាផ្លូវដ៏លំបាកមួយ ឆ្ពោះទៅសន្តិភាព។
សន្និសីទនៅក្រុងណៃពិដោគឺជាយុទ្ធនាការធំដំបូងរបស់លោកស្រី ស៊ូជី ដើម្បីបញ្ចប់ការបះបោរដែលបានផ្ទុះឡើងទូទាំងរដ្ឋតំបន់ព្រំដែនរបស់មីយ៉ាន់ម៉ា អស់រយៈពេលជិត ៧ ទសវត្សរ៍ហើយ។
ម្ចាស់ជយលាភីណូបែលសន្តិភាពរូបនេះ ដែលពេលនេះកំពុងដឹកនាំប្រទេស បន្ទាប់ពីតស៊ូលទ្ធិ ប្រជាធិបតេយ្យប្រឆាំងនឹងរបបយោធា បានស៊ូប្តូរពេលវេលាប៉ុន្មានខែដំបូងរបស់លោកស្រី ក្នុងអំណាចចាប់ផ្តើមការចរចាថ្មីៗរវាងកម្លាំងជីវពលឧទ្ទាម និងកងទ័ព។
ពុំមានដំណោះស្រាយណាមួយ បានលេចឡើងពីជំនួបកំពូល ៤ ថ្ងៃ ដែលផ្តល់ឲ្យក្រុមអ្នកតំណាងមកពីជនជាតិភាគតិច ១២ ក្រុមនូវឱកាសដើម្បីបន្ថយការឈឺចាប់ និងរៀបចំកំណត់សេចក្តីប្រាថ្នាខាងនយោបាយពួកគេនោះទេ។
សមិទ្ធផលធំបំផុតរបស់លោកស្រី ស៊ូជី គឺបាននាំយកអ្នកដើរតួនាទីថ្មីមកកាន់តុចរចាដែលក្នុងនោះ មានទាំងកងទ័ពឧទ្ទាមទាំងឡាយ ដែលមិនបានចុះហត្ថលេខា លើបទឈប់បាញ់ដ៏រង្គោះរង្គើមួយ ដែលសម្រុះសម្រួលដោយអតីតរដ្ឋាភិបាលដែលគាំទ្រដោយ យោធា។
ទោះជាយ៉ាងណា ក្រុមបីនៅតែប៉ះទង្គិចគ្នាយ៉ាងសកម្មជាមួយកងទ័ពមិនបានចូលរួមកិច្ចពិភាក្សានេះទេ ហើយកងជីវពល Wa ប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្បែរព្រំដែនចិន បានដើរចេញនៅថ្ងៃទី ពីរ ជុំវិញអ្វីដែលរដ្ឋាភិបាលបាននិយាយថាជាការយល់ច្រឡំ។
ថ្លែងទៅកាន់សាលសន្និសីទដែលពេញទៅដោយប្រតិភូពីថ្ងៃ សៅរ៍ ដែលជាថ្ងៃចុងក្រោយនៃ ជំនួបកំពូលនេះ លោកស្រី ស៊ូជី បាននិយាយថា៖ «ដើម្បីសម្រេចបាននូវសន្តិភាពគឺលំបាកណាស់។ នេះគឺជាជំនួបដំបូង។ បន្ទាប់ពី នេះ នឹងមានជំនួបជាច្រើនទៀតនិងមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើ នៅក្នុងអំឡុងចន្លោះពេលនេះ»។
សកម្មជនលទ្ធិប្រជាធិបតេយ្យ ជើងចាស់ ដែលបានជាប់ឃុំឃាំងក្នុងផ្ទះ ១៥ ឆ្នាំ ក្នុងអំឡុងពេលគ្រប់គ្រងរបស់របបយោធារូបនេះ បានជំរុញឲ្យគ្រប់ភាគី «សម្លឹងទៅមុខ» ខណៈដំណើរការសន្តិភាព នៅតែបន្ត ថ្វីបើពួកគេនៅតែមិនទុកចិត្តយោធា៕


