ក្រុងគូឡាឡាំពួៈ ក្រុមសកម្មជននិស្សិតម៉ាឡេស៊ី បានជួបជុំគ្នាពីថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យមាន ការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែលមានជាប់ពាក់ព័ន្ធ ក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកមួយ ចំពោះការលួចបន្លំទ្រង់ទ្រាយធំមួយ នៅឯមូលនិធិរដ្ឋ (1MDB) ដែលលោកជាប្រធាន។
មនុស្សជាង ១០០០ នាក់ បាន ផ្គើននឹងបម្រាមរបស់ប៉ូលិស ខណៈ ពួកគេបានប្រមូលផ្តុំនៅឯទីតាំងពីរក្នុងក្រុងគូឡាឡាំពួ និងបានដើរក្បួនទៅកាន់ទីលានឯករាជ្យជាប្រវត្តិសាស្ត្រ។
ពួកគេបានកាន់ បណ្ណប្រកាស និងរូបត្លុកចំអកលោកណាជីបជាច្រើន ដោយអ្នកខ្លះស្រែកព្រមៗគ្នាថា ចាប់ខ្លួន! ចាប់ខ្លួនលោកណាជីប!។
ក្រុមប៉ូលិស បានដាក់របាំងបិទ ជុំវិញទីលាននោះ ដោយបង្ខំឲ្យក្រុមអ្នកតវ៉ាជួបជុំ នៅជុំវិញបរិវេណនោះ។ នោះគឺជាការតវ៉ាដ៏ កម្រមួយដែលដឹកនាំដោយក្រុមសកម្មជននិស្សិត និងគាំទ្រដោយ បណ្តាបក្សប្រឆាំង និងក្រុមជនស៊ីវិល។
ការជួបជុំនេះ បានបញ្ចប់ដោយសន្តិវិធី បន្ទាប់ពីជិតបីម៉ោងដោយក្រុមប្រធាននិស្សិត ដាក់រូបទីងមោងចំអករបស់លោកណាជីប ភរិយាលោក លោកស្រី Rosmah Mansor កូនចុងរបស់គាត់ លោក Riza Shahriz Abdul Aziz និងអ្នកជំនួញ Low Taek Jho ទៅក្នុងគុកក្លែងក្លាយ មួយ។
លោក Riza ដែលសហការបង្កើតស្ទូឌីយោផលិតកម្មភាពយន្ត Red Granite Pictures ហើយលោក Low ដែលជិតស្និទ្ធនឹងគ្រួសារលោកណាជីប ត្រូវបានជាប់ឈ្មោះនៅក្នុងបណ្តឹងជាច្រើនរបស់ក្រសួងយុត្តិធម៌អាមេរិក។

ក្រសួងយុត្តិធម៌អាមេរិក បាននិយាយពីខែមុនថា ប្រាក់ ៣,៥ ពាន់លានដុល្លារ ត្រូវបានគេលួចពី 1MDB ជាមូលនិធីម៉ាឡេស៊ីមួយ ដែលលោកណាជីប បានបង្កើត។ ក្រសួងនោះ មានវិធានការដំបូងដោយរឹបអូសប្រាក់ ១.៣ ពាន់លានដុល្លារ ដែលខ្លួនបាននិយាយថា ត្រូវបានគេប្រើដើម្បីទិញទ្រព្យសម្បត្តិនៅអាមេរិក។
ក្រសួងនោះ បាននិយាយនៅ ក្នុងបណ្តឹងតុលាការថា ប្រាក់ជាង ៧០០ លានដុល្លារ បានធ្លាក់មកដល់គណនីជាច្រើនរបស់ Malaysian Official 1(MO1)។ វាមិនបានដាក់ឈ្មោះមន្ត្រីនោះទេ ប៉ុន្តែវាបានបង្ហាញថាកំពុងសំដៅដល់លោកណាជីប។ ការចោទប្រកាន់ជាច្រើនប្រឆាំងនឹង 1MDB នៅតែក្តៅគគុក ប៉ុន្តែលោកណាជីប បានបដិសេធដាច់ខាតថាពុំ ពាក់ព័ន្ធនិងពុំបានធ្វើអ្វីខុសទេ។
នៅឯទីជួបជុំ ប្រធាននិស្សិតលោក Anis Syafiqah Mohamad Yusof បាននិយាយថា៖ «តើយើងអាចបញ្ជូន MO1 ទៅដាក់គុក ហើយនាំយកមនុស្សនោះទៅកាត់ទោសបានទេ?»។
មូលនិធិរដ្ឋនេះត្រូវបានបង្កើត នៅក្នុងឆ្នាំ ២០០៩ ដោយលោកណាជីប ភ្លាមៗបន្ទាប់ពីលោក បានចូលកាន់អំណាច ដើម្បីលើកស្ទួយគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្ទុយទៅវិញ ក្រុមរដ្ឋអាជ្ញាអាមេរិក បាននិយាយថា ក្រុមមន្ត្រីមូលនិធិ បានបង្វែរប្រាក់ជាង ៣,៥ ពាន់លានដុល្លារតាមបណ្តាញ ក្រុមហ៊ុនមានតែឈ្មោះមិនធ្វើជំនួញ និងគណនីធនាគារជាច្រើន នៅសិង្ហបុរី ស្វ៊ីស លុចសំបួ និងអាមេរិក។
ក្រសួងយុត្តិធម៌អាមេរិកនិយាយ ថា ការទាមទាររឹបអូសប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារនៃប្រាក់នោះ ដែលក្រុមមន្ត្រីអាចតាមដានតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ អាមេរិក គឺជាវិធានការធំបំផុតមួយ ដែលត្រូវបានចាត់ការ។
ប្រាក់នោះ ត្រូវបានគេប្រើដើម្បី ចំណាយសម្រាប់អចលនទ្រព្យ ប្រណីតជាច្រើននៅញូវយ៉ក កាលីហ្វ័រនីញ៉ា យន្តហោះ ៣៥ លាន ដុល្លារមួយគ្រឿងនិងស្នាដៃសិល្បៈ លោក Vincent Van Goghនិង Claude Monet៕


