ក្រុងវ៉ាស៊ីនតោនៈ ក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់បក្សសាធារណរដ្ឋ ៥០ រូប បានចេញការទាត់ចោលដ៏ឈឺចាប់មួយ ចំពោះបេក្ខជនសេតវិមានរបស់គណបក្ស លោក ដូណាល់ ត្រាំ ពីថ្ងៃអង្គារ ដោយព្រមានថា លោកនឹងក្លាយជា «ប្រធានាធិបតីធ្វេសប្រហែសបំផុតម្នាក់ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បើសិនជាត្រូវបានជាប់ឆ្នោត»។
ក្រុមនេះដែលអ្នកខ្លះបានប្រកាសហើយថាពួកគេនឹងមិនបោះឆ្នោតឲ្យលោកត្រាំ រួមមាន អតីតក្រុមប្រមុខសន្តិសុខមាតុភូមិ ក្រុមនាយកចារកម្ម ក្រុមទីប្រឹក្សាប្រធានាធិបតីជាន់ខ្ពស់ និងអតីតអ្នកតំណាងពាណិជ្ជកម្ម អាមេរិកម្នាក់ផងដែរ។
ពួកគេធ្លាប់បម្រើក្រុមប្រធានាធិបតីបក្សសាធារណរដ្ឋពីលោក Richard Nixon ទៅដល់លោក George W. Bush។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែល ចេញផ្សាយក្នុងកាសែត The New York Times ពីថ្ងៃអង្គារ ពួកគេបានសរសេរថា៖ «យើងមានជំនឿថា គាត់នឹងក្លាយជា ប្រធានាធិបតីគ្រោះថ្នាក់ម្នាក់ហើយនឹងដាក់សន្តិសុខនិងសុខុមាលភាពជាតិក្នុងហានិភ័យ»។
ការមិនទទួលស្គាល់បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋរបស់ពួកគេ បានកើតឡើងបន្ទាប់ពីការដើរថយក្រោយមួយទៀតរបស់លោកត្រាំនៅពេលដែលព្រឹទ្ធសមាជិកអាមេរិកដ៏មានឥទ្ធិពលលោកស្រី Susan Collins បាននិយាយពីថ្ងៃអង្គារថា គាត់ «ពុំមានតម្លៃ» ដែលត្រូវបោះឆ្នោតឲ្យកាន់តំណែងខ្ពស់បំផុតរបស់អាមេរិក ហើយនឹងមិនទទួលបានការគាំទ្ររបស់លោកស្រីទេ។
ក្នុងអត្ថបទអត្ថាធិប្បាយមួយដែលផ្សាយក្នុងកាសែត Washington Post ពីថ្ងៃអង្គារ លោកស្រី Collins បានសរសេរថា៖ «ខ្ញុំនឹងមិនបោះឆ្នោតឲ្យ ដូណាល់ ត្រាំជាប្រធានាធិបតីទេ។ សម្រាប់ ខ្ញុំដែលជាជនសាធារណរដ្ឋមួយជីវិត នេះគឺមិនមែនជាការសម្រេចចិត្តមួយដែលខ្ញុំធ្វើលេងៗទេ»។
លោកស្រី បានសរសេររបន្តថា ដូណាល់ ត្រាំ មិនឆ្លុះបញ្ចាំងទាំងតម្លៃប្រវត្តិសាស្ត្ររបស់បក្សសាធារណរដ្ឋ និងទាំងមធ្យោបាយ គ្រប់ភាគី ចំពោះការគ្រប់គ្រង ដែលប្រកបដោយគ្រោះថ្នាក់ក្នុងការផ្សះផ្សាសម្រុះសម្រួលការបែកបាក់ដ៏ច្រើននៅក្នុងប្រទេសជាតិយើង។
ខណៈក្រុមអ្នកជំនាញសន្តិសុខអាមេរិកមិន បាននិយាយថា ពួកគេនឹងបោះឆ្នោតឲ្យលោកស្រីហ៊ីឡារី គ្លីនតុន តាមពិតពួកគេបានសម្តែងការសង្ស័យចំពោះ លោកស្រី ពួកគេបញ្ជាក់ថា គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបោះឆ្នោតឲ្យលោកដូណាល់ត្រាំទេ។ ពួកគេប្រកាសថា សេដ្ឋីរូបនេះ មិនស័ក្តិសម ធ្វើជាប្រធានាធិបតីអាមេរិក៕


