ក្រុងតូក្យូៈ នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ បានថ្លែងថា ជំនួបណាមួយដែលលោកធ្វើឡើងជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ត្រូវតែដោះស្រាយបញ្ហាពលរដ្ឋ ដែលត្រូវបានចាប់ពង្រត់ ជាបញ្ហាមួយដែលត្រូវបានបង្កជាឧបសគ្គដល់ទំនាក់ទំនងរវាងប្រទេសទាំង ២ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ។
កូរ៉េខាងជើង បានចាប់ពង្រត់ពលរដ្ឋជប៉ុនរាប់សិបនាក់នៅក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០ ដើម្បីជួយក្រុងព្យុងយ៉ាង ហ្វឹកហ្វឺនក្រុមចារបុរសរបស់ខ្លួន ជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលក្រុងតូក្យូ និយាយថា មិនដែលត្រូវបានដោះស្រាយឲ្យបានគ្រប់គ្រាន់នោះ។
លោកអាបេ បានថ្លែងប្រាប់កាសែត Sankei Shimbun daily នៅក្នុងបទសម្ភាសមួយដែលត្រូវបានគេចុះផ្សាយកាលពីថ្ងៃអាទិត្យថា៖ «នៅទីបញ្ចប់ ខ្ញុំត្រូវជួបលោកប្រធានគីម ជុងអ៊ុន» ដោយបានបន្ថែមថា លោកមានបំណងទម្លាយភាពមិនជឿទុកចិត្តទៅវិញទៅមករវាងប្រទេសទាំង ២។
ប៉ុន្តែលោក បានបន្ថែមថា៖ «នៅពេលណាយើងរៀបចំជំនួប ជំនួបនោះត្រូវតែចូលរួមចំណែកដោះស្រាយបញ្ហាចាប់ពង្រត់មនុស្សនោះ»។
ក្រុងតូក្យូ និងក្រុងព្យុងយ៉ាងមានទំនាក់ទំនងតឹងតែង និងយូរមកហើយ ចាប់ពីមានការឈឺចាប់ជាប្រវត្តិសាស្ត្រនៃអំពើសាហាវព្រៃផ្សៃនៅសម័យសង្គ្រាមនៅលើឧបទ្វីបកូរ៉េរហូតដល់ការគំរាមកំហែងដោយប្រើកម្លាំងប្រដាប់អាវុធយ៉ាងទៀងទាត់របស់ក្រុងព្យុងយ៉ាងនៅក្នុងនោះមានការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ នាពេលថ្មីៗនេះដែលបញ្ជូនគ្រាប់រ៉ុក្កែតសំដៅទៅជប៉ុននោះ៕



