ក្រុងប៉ារីស: នាយករដ្ឋមន្ត្រី សាអាត ហារីរី បានថ្លែងថា លោកនឹងវិលត្រឡប់ទៅលីបង់វិញនៅពេលប្រារព្ធទិវាឯករាជ្យនៅថ្ងៃពុធ និងពន្យល់ពីស្ថានភាពរបស់លោក បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែងដោយភាពភ្ញាក់ផ្អើល នៅអារ៉ាប៊ី សាអ៊ូឌីតមក បានបង្កឲ្យមានចលាចលនយោបាយកើតឡើង។
ថ្លែងបន្ទាប់ពីបើកកិច្ចចរចានៅក្នុងក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងព្យាយាមធ្វើការសម្របសម្រួលស្វែងរកផ្លូវចេញពីវិបត្តិនយោបាយនេះ នោះ លោកហារីរី បានថ្លែងថាលោកនឹង «ប្រកាសពីស្ថានភាពរបស់ខ្លួន ខណៈលោក» មកដល់ក្រុងបេរូតនោះ។
លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ដូចលោកអ្នកបានជ្រាបស្រាប់ ខ្ញុំបានលាលែងពីតំណែង ហើយយើងនឹងពិភាក្សាគ្នាអំពីបញ្ហានោះនៅលីបង់» ដោយបានថ្លែងថា លោកត្រូវការជួបជាមួយប្រធានាធិបតី Michel Aoun មុនពេលដំណើរកិច្ចការបន្តទៅទៀត។
ព័ត៌មាននេះ បានកើតឡើងបន្ទាប់ពីមានភាពមិនច្បាស់លាស់ដ៏ខ្លាំងក្លា រយៈពេល ២ សប្តាហ៍ បន្ទាប់ពីបានប្រកាសលាលែងពីតំណែង ដោយភាពភ្ញាក់ផ្អើលរបស់លោកហារីរីនៅថ្ងៃទី ៤ ខែវិច្ឆិកា។
ការខកខានរបស់លោកក្នុងការវិលត្រឡប់ទៅលីបង់វិញចាប់តាំងពីមានពាក្យចចាមអារ៉ាមជាច្រើនថា លោកកំពុងជាប់ឃុំខ្លួននៅក្នុងក្រុងរីយ៉ាដប្រឆាំងឆន្ទៈរបស់លោក ដែលទាំងរូបលោក និងក្រុមមន្ត្រីអារ៉ាប៊ី សាអ៊ូឌីត បានធ្វើការបដិសេធនោះ។
លោកបានឲ្យដឹងក្នុងទំព័រ ធ្វីធើរ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីមួយយប់កន្លងទៅថា៖ «ការណ៍ដែលនិយាយថា ខ្ញុំជាប់ឃុំនៅអារ៉ាប៊ី សាអ៊ូឌីត និងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសនេះជាការភូតភរ»។
ប្រភពព័ត៌មានដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រីបានឲ្យដឹងថាភរិយា និងកូនប្រុសច្បងរបស់លោកហារីរីឈ្មោះ Houssam បានញ៉ាំអាហារថ្ងៃត្រង់ជាមួយលោកប្រធានាធិបតីម៉ាក្រុងនៅឯវិមានអេលីហ្សេ៕


