តំបន់នៀរបាហ្គូៈ កងកម្លាំង គាំទ្រដោយអាមេរិក បានយករថយន្តជាង ៤០ គ្រឿង ដឹកជនស៊ីវិលជម្លៀសចេញពីទីតាំងឈរជើងចុងក្រោយរបស់ក្រុមរដ្ឋអ៊ិស្លាមកាលពីថ្ងៃចន្ទ ខណៈពួកគេចង់ជម្លៀសជនស៊ីវិលចេញឲ្យអស់ មុនពេលធ្វើការវាយប្រហារចុងក្រោយ ដើម្បី កម្ទេចក្រុមជីហាដជ្រុលនិយម ឲ្យអស់ពីទីនោះ។
កងកម្លាំងប្រជាធិបតេយ្យ ស៊ីរី (SDF) បានបើកការវាយប្រហាររបស់ខ្លួនយ៉ាងយឺតទៅលើទីតាំងចុងក្រោយរបស់ក្រុមជីហាដ ដោយសារតែមានវត្តមានជនស៊ីវិលជាច្រើននៅទីនោះ ហើយវាគ្រាន់តែជាទឹកដីរដ្ឋ «កាលិហ្វ» មួយរបស់ក្រុម IS ដែលនៅសេសសល់នៅក្នុង ប្រទេស ស៊ីរី និងអ៊ីរ៉ាក់ នោះ។
អ្នកឆ្លើយឆ្លងសារព័ត៌មាន AFP ម្នាក់ បានឃើញរថយន្តយ៉ាងតិច ៤៦ គ្រឿង បានដឹកបុរស ស្ត្រី និងក្មេងៗ ដែលបើកសំដៅទៅប៉ុស្តិ៍របស់កងកម្លាំង SDF នៅខាងមុខ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រនៅទីតាំងឈរជើងរបស់ក្រុមជីហាដនៅភាគខាងជើង។

រថយន្តមួយគ្រឿង បានដឹកស្ត្រីមានកន្សែងរុំមុខពណ៌ខ្មៅ និងបុរស ដែលបិទមុខជិត។ អ្នករងរបួសក៏នៅក្នុងចំណោមជនស៊ីវិល ត្រូវបានគេជម្លៀសចុងក្រោយបំផុតនោះដែរ។
ទីតាំងឈរជើងរបស់យុទ្ធជនសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម និងជនស៊ីវិលទាំងអស់នោះ ភាគច្រើនជាសាច់ញាតិរបស់ក្រុមជីហាដជ្រុលនិយម ត្រូវបានជាប់គាំងនៅក្នុងទឹកដីនៅមិនសល់មួយគីឡូម៉ែត្រនៅក្នុងភូមិបាហ្គូនៅក្បែរព្រំដែនទឹកដីរបស់អ៊ីរ៉ាក់។
កងកម្លាំងSDF ដឹកនាំដោយឃើដ បានជម្លៀសបុរស ស្ត្រីនិងក្មេងៗជិត ៥ ពាន់នាក់ ចេញពីទីតាំងឈរជើងចុងក្រោយរបស់ក្រុមជីហាដកាលពីថ្ងៃពុធ និងថ្ងៃសុក្រ ប៉ុន្តែគ្មាននរណាម្នាក់នៅសល់ទៀតទេ កាលពីចុងសប្តាហ៍មុន។
កាលពីថ្ងៃចន្ទថ្មីៗនេះ អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី លោក Mustefa Bali បានថ្លែងថា មនុស្សរាប់ពាន់នាក់ បានជាប់នៅក្នុងទីតាំងឈរជើងចុងក្រោយរបស់ក្រុម IS៕ AFP/SK


