ក្រុងសុកឆូៈ ប្រជាជនកូរ៉េវ័យចំណាស់ៗ រាប់សិបនាក់ បានជួបប្រាស្រ័យជាមួយសាច់ញាតិ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទជាលើកទី ១ ចាប់តាំងពីឧបទ្វីបនេះនិងសាច់ញាតិគ្រួសាររបស់ពួកគេបានបែងចែកនិងព្រាត់ប្រាសគ្នាដោយសង្គ្រាមកាលពីជាង ៧ ទសវត្សរ៍មុន។
មន្ត្រីរដ្ឋាភិបាលរបស់កូរ៉េខាងត្បូងបានថ្លែងថា ការជួបជុំដែលមានរយៈពេល ៣ ថ្ងៃនេះគឺជាលើកទី ១ នៅក្នុងរយៈពេល ៣ ឆ្នាំ និងបន្ទាប់ពីទំនាក់ទំនងការទូតនៅលើឧបទ្វីបកូរ៉េបានស្គាល់ភាពធូរស្រាល និងល្អប្រសើរជាងមុន។ ការជួបជុំបានចាប់ផ្ដើមនៅឯភ្នំដែលជារមណីយដ្ឋានមួយនៅក្នុងប្រទេសកូរ៉េខាងជើង។
មនុស្សរាប់លាននាក់បានបែកចេញពីគ្នាដោយសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែលបានធ្វើឲ្យបងប្អូនសាច់ញាតិព្រាត់ប្រាសគ្នា ដោយឪពុកម្ដាយព្រាត់កូនប្រពន្ធព្រាត់ប្ដី។
សង្គ្រាមកាប់សម្លាប់គ្នាត្រូវបានផ្អាក ដោយយុទ្ធសាស្ត្រសន្តិភាពមិនមែនដោយសន្ធិសញ្ញាសន្តិភាពនោះទេ ដែលនេះបានធ្វើឲ្យកូរ៉េទាំង ២ ជាលក្ខណៈបច្ចេកទេសគឺនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយ។
ឧបទ្វីបទាំងមូលត្រូវបានខណ្ឌចែកដោយតំបន់គ្មានកងទ័ព ហើយដែលរាល់ការទាក់ទងស៊ីវិលទាំងអស់ សូម្បីតែដំណឹងសាមញ្ញអំពីគ្រួសារក៏ត្រូវបានហាមឃាត់ដែរ។
ប្រជាជនកូរ៉េខាងត្បូងអាយុ ៨៩ ឆ្នាំ ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុត និងកំពុងឈរក្រោមកម្តៅថ្ងៃ បានដើរឆ្ពោះ ទៅកាន់ទូរថភ្លើងទាំង ១៤ ដែលស្ថិតនៅក្នុងកំពង់ផែកូរ៉េខាងត្បូងនៃក្រុងសុកឆូ។
អ្នកខ្លះសម្ដែងអារម្មណ៍សប្បាយចិត្ត ហើយអ្នកផ្សេងទៀត បានសម្ដែងអារម្មណ៍ស្ដែងអំពីភាពមិនគួរឲ្យជឿ។ បន្ទាប់មកក្បួនរថយន្ត ក៏បានចេញដំណើរដែលត្រូវបានហែហមដោយក្រុមប៉ូលិស និងបុគ្គលិកពេទ្យហើយបន្ទាប់មកបានឆ្លងកាត់តំបន់គ្មានកងទ័ព ហើយបានចូលទៅក្នុងទឹកដីរបស់ប្រទេសកូរ៉េខាងជើង។
ក្នុងចំណោមមនុស្សទាំងអស់នោះ អ្នកស្រី Lee Keumseom ដែលមានរាងស្គមស្ដើងនិងមានវ័យ ៩២ ឆ្នាំទៅហើយនោះ ត្រូវទៅជួបជាមួយនឹងកូនប្រុសលោកស្រីជាលើកទី ១ ចាប់តាំងពីលោកស្រី និងកូនស្រីរបស់លោកស្រី ត្រូវបានព្រាត់ប្រាសគ្នាពីកូនប្រុស និងស្វាមីរបស់លោកស្រី ខណៈពេលដែលពួកគេកំពុងភៀសខ្លួន។ នៅពេលនោះ កូនប្រុសអ្នកស្រីទើបតែមានអាយុ ៤ ឆ្នាំប៉ុណ្ណោះ៕


