ក្រុងបាងកកៈ «ក្រុមអាវក្រហម»គាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់បានប្រមូលផ្ដុំនៅរាជធានីរបស់ប្រទេស ថៃដើម្បីប្រជែងជាមួយការប៉ុនប៉ងរបស់ក្រុមអ្នកតវ៉ាប្រឆាំងដើម្បីឲ្យប្រគល់អំណាច ទៅឲ្យរបបដែលមិនជាប់ឆ្នោតមួយ ដោយការព្រមានថា ព្រះរាជាណាចក្រនេះ កំពុងឆ្ពោះទៅរក«សង្គ្រាមស៊ីវិល»។
ការបណ្ដេញ នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងរដ្ឋមន្ត្រី៩ រូប ដោយតុលាការរដ្ឋធម្មនុញ្ញនៅសប្ដាហ៍មុន ពីបទផ្លាស់ប្ដូរមិនត្រឹមត្រូវ នៃមន្ត្រីសន្តិសុខកំពូលម្នាក់ បានទម្លាក់ព្រះរាជាណាចក្រជ្រួលច្របល់នេះទៅក្នុងវិបតិ្តកាន់តែជ្រៅថែមទៀត។
ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសប្រមាណជា បីពាន់នាក់បានប្រចាំការសម្រាប់ការជួបជុំ គាំទ្ររដ្ឋាភិបាលនៅឯជាយក្រុងបាងកកភាគ ខាងលិចពីថ្ងៃសៅរ៍ ដោយគេរំពឹងថានឹងមានអ្នកមកចូលរួមតវ៉ាច្រើនបំផុតនៅពេលយប់។

ដោយកាន់លើករូបថតលោកស្រីយីងឡាក់ឡើងខ្ពស់ ចលនាអាវក្រហមនេះបាននិយាយ ថា ខ្លួននឹងបន្តការតវ៉ាក្នុងរយៈពេលយូរតាមតែខ្លួនគិតថាចាំបាច់ ដើម្បីការពាររដ្ឋការដែលរងរបួសនេះ។
ដោយជេរប្រទេច ការអំពាវនាវរបស់ក្រុមប្រឆាំងដើម្បីឲ្យក្រុមចៅក្រម ប្រធានព្រឹទ្ធសភា និងក្រុមឥស្សរជនសំខាន់ជាច្រើនទៀតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប្រមុខក្រុមអាវក្រហមលោកចាទូផន ព្រំផាន បាននិយាយថា៖« ក្រុម អាវក្រហម មិនអាចទទួលការតែងតាំងនាយករដ្ឋមន្រ្តីមិនស្របតាមលទ្ធិប្រជាធិបតេយ្យ និងអធម្មនុញ្ញភាពបានទេ»។
លោកបាននិយាយថា៖ «វានឹងជាការចាប់ផ្ដើមនៃមហន្តរាយមួយសម្រាប់ប្រទេសជាតិដែលនឹងនាំទៅរកសង្គ្រាមស៊ីវិល»។
ក្រុម បាតុករប្រឆាំង កំពុងត្រៀមខ្លួនព្យាយាមវាយសមាជិករដ្ឋាភិបាលដែលនៅសេសសល់ឲ្យសន្លប់ដើម្បីជួយឲ្យមានការដឹកនាំគ្មាន បោះឆ្នោតចូលកាន់អំណាចក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងមើលការខុសត្រូវកំណែទម្រង់មិនច្បាស់លាស់ដែលពួកគេនិយាយថានឹងទប់ស្កាត់អំពើពុករលួយ។
ទង្វើ បែបនេះ នឹងបញ្ឆេះមហាកំហឹងក្រុមអ្នកគាំទ្រលោកស្រីយីងឡាក់ និងបងប្រុសលោកស្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្ដេញ ចេញដោយក្រុមឧត្តមសេនីយ៍រាជានិយមក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ដែលបង្កភាពវឹកវរខាងនយោបាយជាច្រើនឆ្នាំមកនេះ។
ការបង្រ្កាបដោយយោធាលើការតវ៉ាអាវក្រហមប្រឆាំងរដ្ឋាភិបាលមុន បានធ្វើឲ្យមនុស្សរាប់សិបនាក់ស្លាប់នៅកណ្ដាលក្រុងបាងកកនៅក្នុងឆ្នាំ២០១០។

ស្រមោល នៃការប្លន់អំណាចក៏បានគំរាមកំហែងប្រទេសថៃជាប្រចាំផងដែរ ដោយចាប់តាំងពីឆ្នាំ១៩៣២មក បានជួបរដ្ឋប្រហារដែលទទួលជោគជ័យ ឬប៉ុនប៉ង១៨លើក។
នាយកនៃការស្រាវជ្រាវនៅវិទ្យាស្ថាននៃកិច្ចការអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យឈៀង ម៉ៃ លោក Paul Chambers បាននិយាយ ថា៖ «រដ្ឋាភិបាលកំពុងចំណាយថាមពលខ្លួនក្នុងក្ដីសង្ឃឹមថាអាចទប់ស្កាត់ វិធានការយោធានៅមួយឡែក»។ លោកបានបន្ថែមថា៖ «ខ្ញុំភ័យខ្លាចតែរដ្ឋប្រហារយោធាមួយ អាចជិតមកដល់»។
ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ចង់ឲ្យសភាជាន់ខ្ពស់ ដកគណៈរដ្ឋមន្រ្តីទន់ខ្សោយ ដែលក្នុងនោះមាននាយករដ្ឋមន្ត្រីចាំផ្ទះ លោក នីវ៉ាត់ ទំរង់ ប៊ូនសុងផៃសាន ជាអ្នកស្មោះត្រង់នឹងលោក ថាក់ស៊ីន ចេញ។
នៅក្នុងសុន្ទរកថាពីថ្ងៃសៅរ៍ មេដឹកនាំតវ៉ាលោក ស៊ូថេប ធឿកស៊ូបាន បានជំរុញឲ្យមានការតែងតាំងមេដឹកនាំដែលមិនជាប់ឆ្នោត«ជាបន្ទាន់» ដោយនិយាយថា លោក នីវ៉ាត់ទំរង់ គ្មានភាពពេញច្បាប់៕


