តាមច្បាប់ការបើកបរបង្កឱ្យអ្នកដទៃគ្រោះថ្នាក់ ដោយចេតនាតែងតែប្រឈមមុខនឹងការមានទោស។ ក៏ប៉ុន្តែក្នុងករណីអ្នកបើកបរ ថយរថយន្តកិនមនុស្សស្លាប់ ឬរបួសដោយអចេតនា (មិនដឹងថា មានមនុស្សនៅពីក្រោយរថយន្ត) តើមានទោសឬទេ? ជុំវិញករណីបែបនេះភ្នំពេញប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី លី កុសល មានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ ដែលមានខ្លឹមសារដូចតទៅ ៖
ឧបមាថា លោក (ក) កំពុងបើករថយន្តយឺតៗ តែចៃដន្យមានក្មេងម្នាក់ទៅតោងពីក្រោយរថយន្តនោះ តែចៃដន្យម្ចាស់បានថយរថយន្តកិនក្មេងម្នាក់នោះស្លាប់។ ក្នុងករណីបែបនេះតើលោក (ក) ទទួលខុសត្រូវឬយ៉ាងណា បើគាត់គ្មានចេតនាបើកបុកសម្លាប់ក្មេងនោះផង? តែនេះមកពីក្មេងរត់តោងរថយន្តលោក (ក) ដោយខ្លួនឯងទេតើ?
ករណីនេះ ប្រសិនបើរកឃើញថា គ្រោះថ្នាក់នោះមានការចូលរួមពីអ្នកបើកនោះដែលកើតចេញពីការធ្វើធ្វេសប្រហែសរបស់ខ្លួន ដោយមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយមុននឹងបញ្ជារថយន្តនោះ គឺអ្នកបើកបរត្រូវតែទទួលខុសត្រូវ ដោយមានចែងក្នុងមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ហើយប្រសិនបើជាអ្នកបើកបរនោះមិនមានបណ្ណបើកបរត្រឹមត្រូវ ឬស្ថិតនៅអាការស្រវឹងនោះ ទោសទណ្ឌនឹងមានស្ថានទម្ងន់ថែមទៀតផង។
ប៉ុន្តែករណីដែលគេរកឃើញថា អ្នកបើកបរនោះមិនមានកំហុសទេ ហើយគ្រោះថ្នាក់នោះកើតឡើងចេញពីអំពើផ្ទាល់ទាំងស្រុងពីជនដែលស្លាប់នោះមកលើរថយន្ត និងអ្នកបើកបរនោះគឺមិនទទួលខុសត្រូវនោះឡើយ ដូចដែលមានចែងក្នុងមាត្រា ៤ នៃក្រមព្រហ្មទណ្ឌ ដែលបានចែងថា «ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត [...]»។
ប្រសិនបើលោក (ក) ទទួលទោស តើគាត់ត្រូវមានទោសត្រឹមកម្រិតណាដែរ?
ប្រសិនបើតុលាការរកឃើញថា លោក (ក) ពិតជាមានកំហុសនៅក្នុងនោះមែនដោយកើតចេញពីការខ្ជីខ្ជា ការធ្វេសប្រហែសមិនប្រុងប្រយ័ត្នជាដើម លោក (ក) អាចនឹងត្រូវផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកដែលមានចែងដូចតទៅ៖
- មាត្រា ៨៥ : ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀលទៅ ១៥ លានរៀល និងអាចត្រូវផ្តន្ទាទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនឹងត្រូវបន្ថែមទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ ពិន័យជាប្រាក់ ១០ លានរៀល និង ២៥ លានរៀល បើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖
ក- គ្មានបណ្ណបើកបរ ឬមានតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុង ១ លីត្រឈាមឡើងទៅ។
គ- បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់។
ឃ- រត់គេចពីកន្លែងកើតហេតុមិនទទួលខុសត្រូវ [...]។
ករណីនេះ បើលោក (ក) សុំសម្របសម្រួលជាមួយឪពុកម្តាយក្មេងត្រឹមទទួលយកសំណង តើលោក (ក) រួចផុតពីការជាប់បណ្តឹងឬយ៉ាងណា? ព្រោះថា លោក (ក) បានចេញការខូចខាតទៅឱ្យឪពុកម្តាយរបស់ក្មេងរួចហើយ។
ជាគោលការណ៍មិនរលត់នោះទេ វៀរលែងតែមានមូលហេតុដូចខាងក្រោម៖
- មរណភាពនៃជនល្មើស
- ការផុតអាជ្ញាយុកាល
- ការលើកលែងទោសជាទូទៅ
- និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
- អាជ្ញាអស់ជំនុំ។ និងមូលហេតុផ្សេងទៀតនៃការរលត់បណ្តឹងអាជ្ញា
- ដោយការសម្របសម្រួលជាមួយរដ្ឋ។
- ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។
- ដោយការបង់ប្រាក់ពិន័យសរុប ឬប្រាក់ពិន័យសម្របសម្រួល។
ករណីមិនចូលលក្ខខណ្ឌខាងលើនោះទេ ការសម្របសម្រួលសំណងរដ្ឋប្បវេណីរវាងជនបង្ក និងគ្រួសារជនរងគ្រោះ នៅតែមិនអាចរលត់បណ្តឹងអាជ្ញាដដែល។
ករណីនេះដែរ បើឪពុកម្តាយក្មេងមិនព្រមសម្រួលគ្នា ហើយបើពួកគាត់ធ្វើបណ្តឹងទៅតុលាការតែម្តងដោយរំលងនគរបាលមូលដ្ឋាន តើបានទេ?
ចំណុចនេះឪពុកម្តាយជនរងគ្រោះអាចដាក់ពាក្យបណ្តឹងទៅតុលាការដោយផ្ទាល់បាន ដូចដែលមានចែងក្នុងមាត្រា ៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ដូចគ្នា ប៉ុន្តែជនរងគ្រោះជាជនអនាថា ឬជាមនុស្សវិកលចរិត តើផ្លូវច្បាប់ដោះស្រាយបែបណាចំពោះលោក (ក)?
ដោយយោងតាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
[...]។ មាត្រា ៣២ ក៏បានចែងផងដែរថា “ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន[...]។
ហេតុដូច្នេះហើយមិនថាក្មេង អនាថា ឬជាមនុស្សវិកលចរិតនោះទេ គឺមានសិទ្ធិ និងទទួលបានកិច្ចគាំពារផ្នែកសន្តិសុខដូចនឹងពលរដ្ឋទូទៅផងដែរ៕