ជាទូទៅ​ការបំផ្លាញ​វត្ថុតាង​នៃ​បទល្មើស​អ្វីមួយ អ្នកប្រព្រឹត្ត​រមែង​តែង​ប្រឈម​នឹង​ទោសទណ្ឌ​ទៅតាម​ទំហំ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​។ ​ចុះ​ប្រសិនបើ​បុគ្គល​ម្នាក់​បាន​បំផ្លាញ​រូបថត​មនុស្ស​ម្នាក់ទៀត​ដោយ​ចេតនា តើ​ប្រឈម​នឹង​ទោសទណ្ឌ​ដែរឬទេ​? ​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​-​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី លី កុសល មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ តាមរយៈ​សំណួរ​ដូចតទៅ​៖

ឧបមាថា លោក​ (​ក​)​ បានឱ្យ​រូបថត​គាត់ ទៅ​លោក​ (​ខ​)​ មើល តែ​ត្រូវ​គាត់​ (​លោក ខ​) ​យក​រូបថត​នោះ​ទៅ​ដុតចោល​។ ក្នុងករណី​ដូចនេះ​តើ​ទង្វើ​បែបនេះ​ចាត់​ថា​ជា​បទល្មើស​ឬ​? លោក​ (​ក​)​ អាច​ប្តឹង​បានទេ​?

ចំពោះ​ឧទាហរណ៍​នៃ​សំណួរ​ខាងលើ​​នេះ​វា​អាចមាន​ ២ ​ទិដ្ឋភាព ដែល​ត្រូវ​យកមក​ពិនិត្យថា តើ​ការដុត​រូបថត​នោះ​ក្នុង​គោលបំណង​អ្វី​? ជា​គោលបំណង​បំផ្លាញ​ភ័ស្តុតាង ឬក៏​ជា​ចេតនា​ធ្វើឱ្យ​បាត់បង់ ខូចខាត​ធម្មតា​? ហើយ​ករណី​ដូចនឹង​ទង្វើ​បែបនេះ​វា​អាច​ចូល​ជា​បទល្មើស​ទាំង​ ២​ ទិដ្ឋភាព​ខាងលើនេះ​ដូច​​គ្នា ប៉ុន្តែ យើង​ត្រូវ​ពិចារណា​អំពី​ព្យសនកម្ម​ដែល​កើតឡើង​នោះ​ថា វា​មាន​ទំហំ​ប៉ុនណា​? ដែល​ចំណុច​ត្រង់នេះ ព្រះរាជអាជ្ញា ក៏ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ដែរ អំពី​ព្យសនកម្ម​ដែល​កើតចេញពី​បទល្មើស ថា តើ​វា​ធន់​ល្មម ក្នុងការ​ធ្វើបណ្តឹង​អាជ្ញា​ ឬ​អត់​? ​បើជា​ការដុត​បំផ្លាញ​រូបថត​មួយ​ក្នុង​គោលដៅ​បំផ្លាញ​ភ័ស្តុតាង​ក្នុង​បទល្មើស​អ្វីមួយ​ផ្សេងទៀត ករណីនេះ​គឺ​វា​មាន​ទម្ងន់​ក្នុង​ការឱ្យ​អយ្យការ​ឈរលើ​គោល​ការ​នីត្យានុកូលភាព​នៃ​ការ​ចោទប្រកាន់ ប៉ុន្តែ​បើ​គ្រាន់តែ​សកម្មភាព​ដុតបំផ្លាញ​គឺជា​ចេតនា​ធ្វើឱ្យ​ខូចខាត ហើយ​ការខូចខាត​នោះ​ត្រឹមតែ​រូបថត​ ១​ សន្លឹក ព្រះរាជអាជ្ញា​នឹង​ពិចារណា​អំពី​គោលការណ៍​កាលានុវត្តភាព​នៃ​ការ​ចោទប្រកាន់​ទៅវិញ ដោយហេតុថា ព្យសនកម្ម​នោះ​វា​តូច​ពេក​ដែល​មិន​សមតុល្យ​ទៅនឹង​ការចំណាយ​របស់​រដ្ឋ​ទៅលើ​សេវាកម្ម​រដ្ឋ​ក្នុង​ការ​ដំណើរការ​រឿងក្តី​នេះ​។

បើជា​បទល្មើស​តើ​អាច​ជាប់​ពន្ធនាគារ​ដែរ​ឬ​យ៉ាងណា​?

ករណីនេះ​ប្រសិនបើ​ការបំផ្លាញ​នោះ​គ្រាន់តែ​ជា​គោលដៅ​បំផ្លាញ​ទ្រព្យ​ឱ្យ​ខូចខាត​ធម្មតា​ដោយ​កំហឹង​មួយពេល​ទេនោះ គឺ​មិន​មានទោស​ជាប់​ពន្ធនាគារ​ទេ បើ​ផ្អែកទៅលើ​ព្យសនកម្ម​ត្រឹមតែ​រូបថត​ ១​ សន្លឹក​ដែល​បានកើត​ឡើង​នោះ វា​មាន​លក្ខណៈ​តិចតួច​ពេក គឺ​តុលាការ គ្រាន់តែ​ពិន័យ​ជា​ប្រាក់ ឬក៏​អាច​ព្យួរទោស​ទៅលើ​ជនជាប់ចោទ​តែប៉ុណ្ណោះ យោងតាម​មាត្រា​ ៤១០ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​ចែង​ថាៈ អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា​ដោយ​បំផ្លិចបំផ្លាញ​ធ្វើឱ្យ​ទ្រុឌទ្រោម ឬ ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៦ (​ប្រាំមួយ​) ​ខែ ទៅ​ ២ (​ពីរ​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល ទៅ ៤ ០០០ ០០០ (​បួន​លាន​) រៀល​លើកលែង​តែ​ការខូចខាត​មាន​លក្ខណៈ​ស្រាល​។ ប៉ុន្តែ​បើ​ការបំផ្លាញ​រូបថត ​១ ​សន្លឹក​នោះ​ក្នុង​គោលដៅ​ទុច្ចរិត​ផ្សេង​នោះ គឺ​នឹង​ត្រូវមាន​ទោសទណ្ឌ​ទៅតាម​ចេតនា​ទុច្ចរិត​នៃ​បទល្មើស​នីមួយៗ​នោះ​ផងដែរ​។

ជា​នីតិវិធី​ផ្លូវច្បាប់ បើ​បុគ្គល​ណា​ម្នាក់​បង្ក​បទល្មើស​ទៅលើ​បុគ្គល​ម្នាក់ទៀត តែ​បុគ្គល​ដែល​ទទួលរង​បទល្មើស​នោះ​មិន​ប្ដឹង តើ​ដំណើរការ​ផ្លូវច្បាប់​វិវឌ្ឍ​ទៅមុខទៀត​ ឬ​ត្រូវ​បញ្ចប់​ត្រឹមហ្នឹង​?

បើ​បុគ្គល​ណា​ម្នាក់​បង្ក​បទល្មើស​ទៅ​បុគ្គល​ម្នាក់ទៀត តែ​បុគ្គល​ដែល​ទទួលរង​បទល្មើស​នោះ មិន​ប្តឹង​ពាក់ព័ន្ធ​នឹង​នីតិវិធី​ច្បាប់​នៅក្នុង​បទល្មើស​ព្រហ្មទណ្ឌ គឺ​តែងតែមាន​បណ្តឹង​ ២ ជាប់​ជានិច្ច

-​បណ្តឹងអាជ្ញា និង​បណ្តឹងរដ្ឋប្បវេណី

+ បណ្តឹងអាជ្ញា៖

កាលណា​អំពើ​ដែលជា​បទល្មើស​ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​សង្គម​ប្រាកដជា​បង្កឱ្យ​មាន​ភាព​ចលាចល​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បង្ក​ភាពវឹកវរ​ដល់​សង្គម នោះ​អង្គការ​អយ្យការ​ដែលជា​ម្ចាស់​បណ្តឹងអាជ្ញា​តែ​ ១​ គត់​នឹង​ចោទ​ប្តឹង​លើ​បុគ្គល​នោះ មិន​ថា រូបវន្តបុគ្គល​ក្តី ឬ​នីតិបុគ្គល​ក្តី ដោយ​គោរព​នូវ​គោលការណ៍​សមភាព​ចំពោះមុខ​ច្បាប់​។ ប្រភព​ដែល​នាំឱ្យមាន​បណ្តឹងអាជ្ញា រួមមាន​៖ បណ្តឹង​បរិហារ បណ្តឹងទាមទារ បណ្តឹង​សាមញ្ញ និង​បណ្តឹងរដ្ឋប្បវេណី​។ ម្ចាស់​បណ្តឹងអាជ្ញា ក៏​អាច​ចោទ​ប្តឹង​ដោយ​គ្មាន​បណ្តឹង​បាន​ផងដែរ នៅក្នុង​ករណី​ដែល​ខ្លួន​បានដឹង​អំពី​អត្ថិភាព​នៃ​បទល្មើស​នោះ​ដោយ​ខ្លួនឯង​។ បណ្តឹងអាជ្ញា មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស ដោយ​បង្ហាញ​ឱ្យឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស និង​ផ្តន្ទាទោស​ជននេះ​តាមច្បាប់​កំណត់​។ ដូច្នេះ​ការដក​ពាក្យ​បណ្តឹងរដ្ឋប្បវេណី គឺ​មិន​នាំឱ្យ​រលត់​បណ្តឹងអាជ្ញា​ទេ​។

លើកលែងតែ​ក្នុងករណី​ច្បាប់​ព្រហ្មទណ្ឌ​មាន​ចរិត​លក្ខណពិសេស​បានកំណត់​ជាក់លាក់​ថា “​ការដក​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​មូលហេតុ​នៃ​ការ​រលត់​បណ្តឹងអាជ្ញា​” ទើប​បណ្តឹងអាជ្ញា​រលត់​។ ឧទាហរ៍ណ៍​៖ មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ​បាន​ចែងថា “​ការចោទប្រកាន់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ពុំ​អាចធ្វើ​បានឡើយ បើ​មាន​សំណើ​ពី​ជនរងគ្រោះ​ជា​នីតិជន ដោយ​បទល្មើស​នោះ​ជា​បទមជ្ឈិម​ស្រាល ឬ​បទលហុ​។ ​ដូច្នេះ កាលណា​លក្ខខណ្ឌ​នេះ​ត្រូវបាន​បំពេញ​នោះ​បណ្តឹង​អាជ្ញា​របស់​អង្គការ​អយ្យការ​ត្រូវតែ​រលត់​។ មូលហេតុ​នៃ​ការ​បញ្ញត្តិ​បែបនេះ ដោយសារ​តែ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ដើមហេតុ​បង្ក​កើតចេញពី​បុគ្គល​ឯកជន​ហើយ​កាលណា​ជនរងគ្រោះ​អាច​ទទួលយក​ការប្រើ​ហិង្សា​ (​សមរម្យ​) បែបនេះ ក្នុង​នាម​ជា​រដ្ឋ​មិនគួរ​គប្បី​លូកដៃ​ចូលក្នុង​ទំនាក់ទំនង​ឯកជន​បែបនេះ​ទេ​។

+ បណ្តឹងរដ្ឋប្បវេណី៖

បណ្តឹង​រដ្ឋប្បវេណី សំដៅលើ​បណ្តឹង​ដែល​ធ្វើ​ដោយ​ជនរងគ្រោះ​ ឬ​ដើមបណ្តឹង​​រដ្ឋប្បវេណី ឬ​សិទ្ធិវន្ត​នៃ​ជនរងគ្រោះ ដើម្បី​ទទួល​ការជួសជុល​ព្យសនកម្ម​ផ្លូវកាយ ផ្លូវចិត្ត និង​សម្ភារ​។ បណ្តឹងរដ្ឋប្បវេណី​មាន​គោលបំណង​ធ្វើឱ្យបាន​ជួសជុល​ការខូចខាត​ដែល​បណ្តាល​មកពី​អំពើ​ល្មើស​ដល់​ភាគី​រងគ្រោះ ហើយ​ក្នុង​គោលបំណង​នេះ​ឱ្យ​អ្នករងគ្រោះ​បាន​ទទួល​សំណង​ជំងឺ​ចិត្ត​ធួន​ល្មម​នឹង​ព្យសនកម្ម​ដែល​ខ្លួន​បានទទួល​។

ងាក​ទៅ​អង្គហេតុ​របស់​យើង​វិញ ថ្វីដ្បិត​ជនរងគ្រោះ​មិនបាន​ប្តឹង ក៏​មិនអាច​រំលត់​នូវ​បណ្តឹងអាជ្ញា​នោះដែរ ហើយ​មន្ត្រីនគរបាល​យុត្តិធម៌​ ឬ​ប្រជាពលរដ្ឋ​ដែល​ដឹង​អំពី​បទល្មើស​នោះ​អាច​ប្តឹង​បរិហារ​ទៅ​អយ្យការ ដើម្បីឱ្យ​បណ្តឹង​អាជ្ញា​នោះ​មាន​ចលនា​ផងដែរ​។

ករណីនេះ​ប្រសិន​បើ​លោក ​(​ក​)​ មិន​ប្ដឹង​តើ​នរណា​អាច​ប្ដឹង​ជំនួស​បាន​?

យោងតាម​មាត្រា​ ២១ ​នៃ​ក្រមព្រហ្មទណ្ឌ​​ចែងថា ការចោទប្រកាន់​អាច​ប្រព្រឹត្ត​ទៅបាន​តាម​បណ្តឹង​របស់​អយ្យការ​តែប៉ុណ្ណោះ ការចោទប្រកាន់​ត្រូវតែមាន​បណ្តឹង​ពី​ជនរងគ្រោះ​ ឬ​ពី​សិទ្ធិវន្ត​ឬ​បណ្តឹង​បរិហារ​ជា​ផ្លូវការ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ជាទីកន្លែង​ដែល​អំពើ​នោះបាន​ប្រព្រឹត្ត​៕