ជាទូទៅ គូ​ស្វាមីភរិយា​ដែល​បាន​រៀបការ​តាម​ប្រពៃណី និង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ កាលបើ​មាន​ករណី​លែង​គ្នា គឺ​តែងតែ​ធ្វើឡើង​តាមរយៈ​ការ​ប្ដឹងទៅ​តុលាការ ដើម្បី​ចែកទ្រព្យ​សម្បតិ្ត​រួម​ ឬមួយ​ប្ដឹង​ទាមទារ​សិទ្ធិ​គ្រប់គ្រង​លើ​កូន​ជាដើម​។ ​ចុះបើ​ក្នុងករណី​ប្ដី​ប្រពន្ធ​ដែល​មិនបាន​រៀបការ តែមាន​កូន​​ជាមួយគ្នា ប្រសិនបើ​ពួកគាត់​ចែកផ្លូវ​គ្នា​​វិញ តើ​អាច​ប្ដឹង​ទាមទារ​កូន​នៅ​តុលាការ​បានដែរ​ឬទេ​? ​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ-​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី​​តាំង ហេងហុក ជា​ប្រធានការិយាល័យ​មេធាវី​រុងរឿង ដែលមាន​ទីតាំង​ស្ថិតនៅ​​ផ្ទះ​លេខ​ ១៤ ​អឹន ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃា្លង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ តាមរយៈ​សំណួរ​ដូចខាងក្រោម ៖

ឧបមាថា លោក ​(​ក​)​ បានរួម​រស់​ជាមួយ​នារី​ម្នាក់​ជា​ប្តី​ប្រពន្ធ តែ​មិនបាន​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​ទេ ហើយ​រហូត​មានកូន​ជាមួយគ្នា​ម្នាក់​ទៀតផង​។ ក្រោយមក​លោក​ (​ក​)​ បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​របស់គាត់ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​ទាមទារ​យក​កូន តែ​លោក​ (​ក​)​ មិនឱ្យ​។ ​តើ​បែបនេះ​អាច​ប្តឹងទៅ​តុលាការ​បានទេ ​ព្រោះ​ពួកគេ​មិនបាន​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​ផង​នោះ​?

ការរួម​សមគ្គសង្វាស​ជា​ប្តី​ប្រពន្ធ បើទោះបី​ជា​បាន​រៀបការ​តាម​ប្រពៃណី​ក៏ដោយ ប្រសិនបើ​មិនបាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ច្បាប់​មិនបាន​ទទួលស្គាល់​បុគ្គល​នោះ​ថា​ជា​សហព័ទ្ធ​ (​ប្តី​-​ប្រពន្ធ​ស្របច្បាប់​)​ទេ ។ ប៉ុន្តែ​ស្ថានភាព​នៃ​ការរស់នៅ​ដូចជា​ប្តី​ប្រពន្ធ​បែបនេះ​ច្បាប់​កំណត់ថា​ជាការ​រស់នៅ​បែប​អនីតិសង្វាស​។ ​នៅក្នុង​នីតិវិធី​នៃ​ការប្តឹង​ទៅ​តុលាការ ដើម្បី​បែងចែក​កូន​បាន​ទៅខាង​ឪពុក ឬ​ម្តាយ​នោះ គឺអាច​ធ្វើ​ទ្បើង​តាមរយៈ​ការពិភាក្សា​រវាង​ឪពុក និង​ម្តាយ​ ឬ​តាម​​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។

យោងតាម​មាត្រា​ ១០៣៧ កថាខណ្ឌ ១ និង​កថាខណ្ឌ​ ៣ នៃ​ក្រមរដ្ឋប្បវេណី ចែងថា ៖ បើ​ឪពុកម្តាយ​លែងលះ​គ្នា​ត្រូវ​កំណត់​យក​ឪពុក​ ឬ​ម្តាយ​ណា​ម្ខាង ជា​អ្នកមាន​អំណាច​មេបា តាម​ការពិភាក្សា​របស់​ឪពុកម្តាយ​។ បើ​ការពិភាក្សា​នៃ​កថាខណ្ឌ​ទី​ ១ ឬ​កថាខណ្ឌ​ទី ​២ ខាងលើនេះ​ពុំបាន​សម្រេច​ ឬ​ពុំ​អាច​ពិភាក្សា​បានទេ តុលាការ​ត្រូវ​កំណត់​អ្នកមាន​អំណាច​មេបា ដោយ​ពិចារណា​ទៅលើ​ផលប្រយោជន៍​របស់​កូន​នោះ​។

បើទោះបីជា​បុរស និង​ស្ត្រី​រួម​រស់នៅ​ជាមួយគ្នា​ក្នុង​នាម​ជា​អនីតិសង្វាស ក៏​ច្បាប់​នៅតែ​ការពារ​ពាក់ព័ន្ធ​នឹង​ការកំណត់​អំណាច​មេបា​លើ​កូន និង​អាច​យក​ក្រម​រដ្ឋប្បវេណី​មក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិចារណា​ផងដែរ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ករណី​មាន​វិវាទ​ទៅលើ​ការកំណត់​អំណាច​មេបា គឺ​តុលាការ​មាន​ឆន្ទានុសិទ្ធិ​សម្រេច​កំណត់​យក​ឪពុក ឬ​ម្តាយ​ជា​អ្នកមាន​អំណាច​មេបា ដោយ​ផ្អែកលើ​ផលប្រយោជន៍​ក្មេង​ថា តើ​ស្ត្រី​ជា​ម្តាយ​នោះ​មាន​មុខរបរ​ច្បាស់លាស់ លំនៅ និង​ក្តី​ស្រទ្បាញ់​ចំពោះ​ក្មេង​កម្រិតណា​។ ប្រសិន​បើ​តុលាការ​យល់ឃើញ​ថា ម្តាយ​ល្អ​ជាង​ឪពុក​គឺ​តុលាការ​អាច​សម្រេច​កំណត់​ម្តាយ​ជា​អ្នកមានអំណាច​មេបា​លើ​កូន​។

ករណី​នេះដែរ ប្រសិនបើ​ពួកគេ​សុំច្បាប់​ធ្វើលិខិត​អាពាហ៍ពិពាហ៍​បន្ទាប់ពី​មាន​កូន​ជាមួយគ្នា ដើម្បីឱ្យ​ស្របតាម​ច្បាប់សង្គម​តើ​បានទេ​?<៊strong>

តាម​ការពិនិត្យ​ទៅលើ​បរិបទ​សង្គម​ជាក់ស្តែង​ឃើញថា មូលហេតុ​ដែល​នាំឱ្យ​គូស្រករ​មិនបាន​ធ្វើការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​អាចមកពី​ភាគី​នៃ​អនីតិសង្វាស​ជា​អនីតិជន ភាគី​ខ្វះ​ការយល់ដឹង និង​ការអប់រំ​ផ្នែក​ច្បាប់ ភាគី​អនីតិសង្វាស​គិតថា នីតិវិធី​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​មាន​លក្ខណៈ​ស្មុគស្មាញ ចំណាយ​ពេលវេលា និង​ចំណាយ​ថវិកា​ច្រើន ហើយ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា ការរៀប​ការ​តាម​ប្រពៃណី​មាន​សារៈសំខាន់​ជាង​។

យោងតាម​មាត្រា​ ៩៥៥ ​នៃ​ក្រម​រដ្ឋប្បវេណី​ចែងថា អាពាហ៍ពិពាហ៍​នឹងមាន​អានុភាព​ដោយ​ការដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍ ការជូនដំណឹង​ជា​សាធារណៈ​ការចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍ និង​ការចុះបញ្ជី​នៅ​ចំពោះមុខ​មន្ត្រី​អត្រា​នុកូលដ្ឋាន​។ ការដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍ ការជូនដំណឹង​ជា​សាធារណៈ ការចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍ និង​ការចុះបញ្ជី​អាពាហ៍ពិពាហ៍ ដែល​បានកំណត់​នៅក្នុង​កថាខណ្ឌ​ទី​ ១ ខាងលើនេះ ត្រូវធ្វើ​ដោយ​ផ្អែក​តាម​នីតិវិធី​ដែល​បានកំណត់​នៅក្នុង​បទប្បញ្ញត្តិ​ស្តីពី​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​។

ក្នុង​ករណី​នេះ ខ្ញុំ​យល់ឃើញថា គោលការណ៍​ច្បាប់​មិនបាន​ហាមឃាត់​គូស្រករ​ដែលជា​អនីតិ​សង្វាស មិន​ឱ្យ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ស្របច្បាប់​នៅពេល​ដែល​ពួកគេ​មានកូន​មុនពេល​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នោះទេ ពោលគឺ​ការចុះ​សំបុត្រអាពាហ៍ពិពាហ៍​នេះ​អាចធ្វើ​ទ្បើង​មុន​ ឬ​ក្រោយ​ការរៀបការ​តាម​ប្រពៃណី​ក៏បាន ឬ​មានកូន​រួច​ហើយក៏​អាច​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​បានដែរ​។

ប៉ុន្តែ​ការចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នេះ​ត្រូវធ្វើឡើង​ដោយ​គោរព​តាម​ឆន្ទៈ​របស់​គូភាគី និង​នីតិវិធី​រៀប​អាពាហ៍ពិពាហ៍​ដូច​បានបញ្ជាក់​ខាងលើ​។ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការធ្វើការ​ផ្សព្វផ្សាយ​អំពី​ការជូនដំណឹង​ជា​សាធារណៈ​នៅ​លំនៅឋាន​របស់​គូភាគី នៅ​សាលាឃុំ​ ឬ​សង្កាត់ ដែលជា​ទីស្នាក់ការ​របស់​មន្ត្រី​អត្រា​នុកូលដ្ឋាន​ក្នុង​រយៈពេល​ ១០​ ថ្ងៃ ដើម្បីឱ្យ​ជន​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ​អាចធ្វើ​ការតវ៉ា​។ បន្ទាប់មក គូភាគី​អាចធ្វើការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​លំនៅឋាន​ខាង​ស្រី ដោយមាន​សាក្សី​ ២​ រូប ដឹងឮ​អំពី​ការចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​។ ​កិច្ចសន្យា​នេះ​នឹង​បង្កើត​អានុភាព​គតិយុត្ត ដោយ​ប្តូរ​ឋានៈ​របស់​គូភាគី​ពី​ «​អនីតិ​សង្វាសជន​» ​មកជា​ «​សហព័ទ្ធ​ ឬ​ប្តី​ប្រពន្ធ​ស្របច្បាប់​»​។

ឧបមា​ថា​លោក​ (​ក​)​ ដដែល​បាន​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​ជាមួយគ្នា​ហើយ​តែ​ប្រពន្ធ​របស់គាត់​ទាមទារ​យក​កូន​ម្នាក់​នោះមក​ចិញ្ចឹម តើ​ច្បាប់​នឹង​ដោះស្រាយ​បែបណា​ដែរ​?

ដូច​បានបញ្ជាក់​នៅក្នុង​សំណួរ​ទី​ ១ រួចហើយ ការសម្រេច​អំពី​អ្នកមាន​សិទ្ធិអំណាច​មេបា​នេះ គឺអាច​ធ្វើ​ទ្បើង​តាម​ការព្រមព្រៀង​គ្នា​របស់​ឪពុក និង​ម្តាយ​ថា​តើ​អ្នកណា​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​។ ផ្ទុយទៅវិញ ប្រសិនបើ​ពុំមាន​ការ​ព្រមព្រៀង​គ្នា​នោះទេ គឺ​តុលាការ​នឹង​ធ្វើការ​សម្រេចសេចក្តី​ដោយ​ផ្តល់​ទៅឱ្យ​ភាគី​ម្ខាង​ណាមួយ​នូវ​សិទ្ធិអំណាច​មេបា​នេះ ដោយ​ផ្អែកលើ​ផលប្រយោជន៍​របស់​កូន ពោលគឺ​ស្ថានភាព​ជីវភាព​រស់នៅ លំនៅ​ច្បាស់លាស់ មុខរបរ ការ​ទំនុកបម្រុង​អប់រំ​កូន និង​ការផ្តល់​អាហារូបត្ថម្ភ ដើម្បី​ពិចារណា​សម្រេច​កំណត់​ឪពុក ឬ ម្តាយ​ជា​អ្នកមាន​អំណាច​មេបា​លើ​កូន​៕