
លោកមេធាវី តែ ចំណាន កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅ អ្នកដែលប្រព្រឹត្តផ្ទុយនឹងច្បាប់រមែងតែងប្រឈមនឹងទោសទណ្ឌទៅតាមទំហំនៃបទល្មើសជាក់ស្ដែង។ ចុះបើក្នុងបុគ្គលិកម្នាក់ ឬច្រើនបើកអាជីវកម្មកន្លែងហែលទឹកកម្សាន្ត រួចមានករណីលង់ទឹកស្លាប់នៅទីនោះ តើម្ចាស់ត្រូវទទួលខុសត្រូវដែរឬយ៉ាងណា? ជុំវិញចម្ងល់នេះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោក មេធាវី តែ ចំណាន ជាប្រធានការិយាល័យមេធាវីប្រាថ្នាណាវតាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) បានបើកកន្លែងហែលទឹកកម្សាន្ត តែចៃដន្យភ្ញៀវម្នាក់បានលង់ទឹកស្លាប់នៅកន្លែងកម្សាន្តនោះ។ តើករណីបែបនេះលោក (ក) មានចំណែកទទួលខុសត្រូវការស្លាប់នេះទេ? ព្រោះអី លោក (ក) ជាម្ចាស់កន្លែងកម្សាន្តនោះ?
ជាគោលការណ៍ទូទៅនៅក្នុងនីតិព្រហ្មទណ្ឌ ឬច្បាប់ព្រហ្មទណ្ឌ នៅពេលដែលមានមនុស្សណាម្នាក់ស្លាប់ គេតែងសួររកបុគ្គលដែលត្រូវទទួលខុសត្រូវចំពោះបទល្មើស ឬការស្លាប់នោះ។ ជាក់ស្តែង ក្នុងករណីនេះមានភ្ញៀវបានលង់ទឹកស្លាប់នៅកន្លែងកម្សាន្ត តើម្ចាស់កន្លែងកម្សាន្តមានចំណែកក្នុងការទទួលខុសត្រូវលើការស្លាប់នេះដែរឬទេ? ដើម្បីអាចឱ្យម្ចាស់កន្លែងកម្សាន្ត ឬបុគ្គលណាម្នាក់ផ្សេងទៀតទទួលខុសត្រូវបានគេចាំបាច់ត្រូវដឹងអំពីមូលហេតុនៃការស្លាប់នេះជាមុនសិន។ ជាបទពិសោធក្នុងការអនុវត្ត ក្រោយមានហេតុការណ៍ខាងលើនេះកើតឡើង គេត្រូវសុំគោលការណ៍ពីអាជ្ញាធរមានសមត្ថកិច្ច និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ដើម្បីបង្កើតក្រុមការងារចុះស្រាវជ្រាវកន្លែងកើតហេតុ (ទីតាំងអាងហែលទឹក) ខាងលើនេះជាមុនសិន ដោយបិទផ្អាកដំណើរការជាបណ្តោះអាសន្ន។ ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរួចហើយ ប្រសិនបើរកឃើញថា ការស្លាប់នោះ កើតចេញពីកំហុសរបស់ម្ចាស់កន្លែងកម្សាន្ត ឬបុគ្គលិក មិនបានអនុវត្តតាមការណែនាំ និងវិធានការសុវត្ថិភាព របស់មន្ត្រីទេសចរណ៍ និងមន្ត្រីនគរបាលទេសចរណ៍ជាដើម នោះពិតណាស់ថា លោក (ក) ដែលជាម្ចាស់កន្លែងកម្សាន្តនោះនឹងអាចមានចំណែកទទួលខុស-ត្រូវលើការស្លាប់នេះ ទៅតាមទំហំជាក់ស្តែងនៃកំហុសដែលខ្លួនបានបង្កទ្បើង។ ផ្ទុយទៅវិញ ប្រសិនបើការស្លាប់នោះមិនមែនបណ្តាលមកពីការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា និង/ឬ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវទេនោះលោក (ក) ដែលជាម្ចាស់កន្លែងកម្សាន្តជាគោលការណ៍ច្បាប់មិនតម្រូវឱ្យមាននូវការទទួលខុសត្រូវលើការស្លាប់នេះទ្បើយ។
ឧទាហរណ៍៖ ករណីលង់ទឹកស្លាប់បែបនេះ នាពេលកន្លងមកក៏ធ្លាប់កើតមានទ្បើងនៅពេលយប់ចំពោះអនីតិជន (ជាកុមារ) ពាក់កណ្តាលខែមេសា ឆ្នាំ ២០១៥។
ករណីនេះដែរ លោក (ក) បានបដិសេធទទួលខុសត្រូវ ព្រោះគាត់លើកហេតុផលថា គាត់ជាម្ចាស់ទីតាំងកម្សាន្តមែន តែគាត់មិនបានហៅ ឬអូសទាញជនរងគ្រោះឱ្យមកស្លាប់ទេ ក៏ប៉ុន្តែបើគិតពីផ្លូវច្បាប់វិញយ៉ាងម៉េចដែរ?
យោងតាមមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ (គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ) “បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ អំពើផ្ទាល់ខ្លួន មានន័យថា ប្រសិនបើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស ហេតុនេះ បុគ្គលនោះត្រូវតែជាអ្នកទទួលខុស-ត្រូវព្រហ្មទណ្ឌចំពោះបទល្មើសនោះ។ ករណីនេះ លោក (ក) ពិតជាអាចបដិសេធក្នុងការទទួលខុសត្រូវបាន ព្រោះថា គាត់មិនមែនជាអ្នកប្រព្រឹត្តបទល្មើសដោយផ្ទាល់ទ្បើយ លើកលែងការស្លាប់នោះបណ្តាលមកពីកំហុសរបស់អ្នកតំណាង (បុគ្គលិក) ហើយធ្វើទ្បើងដើម្បីជាប្រយោជន៍របស់ខ្លួន ក្នុងករណីនេះ លោក (ក) ដែលជាម្ចាស់ទីតាំងកម្សាន្ត មិនអាចបដិសេធក្នុងការទទួលខុសត្រូវបានទ្បើយ ព្រោះថា នេះជាការទទួលខុសត្រូវព្រហ្មទណ្ឌក្នុងនាមជានីតិបុគ្គលដែលមានបញ្ញតិ្តក្នុងមាត្រា ៤២ នៃក្រមព្រហ្មទណ្ឌ។ នេះគឺមានលក្ខណៈខុសគ្នាទៅនឹងរឿងក្តី រដ្ឋប្បវេណី គឺច្បាប់បានអនុញ្ញាតឱ្យអ្នកដទៃអាចជាអ្នកត្រូវទទួលខុសត្រូវជំនួសបាន (ការទទួលខុសត្រូវរដ្ឋប្បវេណីចំពោះអំពើរបស់អ្នកដទៃ) ដូចជា ការទទួលខុសត្រូវរបស់និយោជក (ចំពោះអំពើរបស់និយោជិត) និងអំពើអនីត្យានុកូលរបស់នីតិបុគ្គល ជាដើម (មាត្រា ៧៤៧ និងមាត្រា ៧៤៨ នៃក្រមរដ្ឋប្បវេណី)។
ប្រសិនបើលោក (ក) ត្រឹមតែចេញសំណងជំងឺចិត្តទៅឱ្យក្រុមគ្រួសារជនរងគ្រោះតើអាចបញ្ចប់ត្រឹមនេះបានទេ? ហើយថា តើលោក (ក) ជាប់បណ្តឹងអាជ្ញា ឬយ៉ាងណា?
យោងតាមមាត្រា ២ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ញត្តិមានបណ្តឹង ២ គឺបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី។ បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណីគឺជាបណ្តឹង ២ ផ្សេងគ្នា។
- បណ្តឹងអាជ្ញា៖ គឺជាបណ្តឹងដែលមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។
- បណ្តឹងរដ្ឋប្បវេណី៖ គឺជាបណ្តឹងដែលមានគោលបំណងក្នុងការជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងឱ្យជនរងគ្រោះបានទទួលនូវសំណងជំងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល។
យោងតាមមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ញត្តិថាៈ “មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។ ការណ៍នេះ ការធ្វើបណ្តឹងអាជ្ញាគឺជាសិទ្ធិផ្តាច់មុខរបស់ស្ថាប័នអយ្យការ ឬព្រះរាជអាជ្ញា។ ទាក់ទិននឹងចំណោទបញ្ហាខាងលើ ករណីលោក (ក) ត្រឹមតែចេញសំណងជំងឺចិត្តទៅឱ្យក្រុមគ្រួសារជនរងគ្រោះតើអាចបញ្ចប់ត្រឹមនេះបានទេ? ហើយថា តើលោក (ក) ជាប់បណ្តឹងអាជ្ញាឬយ៉ាងណា? បណ្តឹងអាជ្ញានឹងត្រូវចាប់ផ្តើមដំណើរការដោយការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌណាមួយដោយស្ថាប័នអយ្យការ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ (ចៅក្រមស៊ើបសួរ) និងយុត្តាធិការជំនុំជម្រះ (ចៅក្រមជំនុំជម្រះ)។ ហេតុដូច្នេះ ករណីនេះប្រសិនបើព្រះរាជអាជ្ញាសម្រេចចោទប្រកាន់រួចហើយ នោះច្បាស់ណាស់ថា ត្រឹមតែចេញសំណងជំងឺចិត្តទៅឱ្យក្រុមគ្រួសារជនរងគ្រោះ លោក (ក) មិនអាចរួចផុតពីបណ្តឹងអាជ្ញាបានទ្បើយ។ ដោយទ្បែកប្រសិនបើគ្មានការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌណាមួយទេ ការចេញសំណងជំងឺចិត្តទៅឱ្យក្រុមគ្រួសារជនរងគ្រោះរបស់លោក (ក) នោះនឹងអាចត្រូវបញ្ចប់ត្រឹមនេះ ដោយមិនជាប់នូវបណ្តឹងអាជ្ញាទ្បើយ។
ករណីនេះដែរ ប្រសិនបើអាងទឹកនោះមានសរសេរស្លាកហាមមនុស្សចុះលេងទឹក។ តើបែបនេះលោក (ក) ត្រូវរួចផុតដោយមិនជាប់ពាក់ព័ន្ធបទល្មើសឬ?
ប្រសិនបើមានការសរសេរស្លាកហាមមិនឱ្យមនុស្សចុះលេងទឹក ហើយជនរងគ្រោះនៅតែចចេសរឹងរូសមិនព្រមគោរពកាតព្វកិច្ចរបស់ម្ចាស់កន្លែងកម្សាន្តតម្រូវ តាមផ្លូវច្បាប់ លោក (ក) ត្រូវរួចផុតពីការទទួលខុសត្រូវចំពោះបទល្មើសនេះ ព្រោះថា ខ្លួនបានអនុវត្តវិធានការសុវត្ថិភាពបានត្រឹមត្រូវហើយ ដោយបានដាក់ស្លាកហាមមិនឱ្យមនុស្សចុះលេងទឹក ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុនេះ។
ជារួមមកវិញ ការស្លាប់ដោយសារការលង់ទឹកនៅតែជារឿងសោកសៅ បើមិនមានការយកចិត្តទុកដាក់ទេនោះ។ ហានិភ័យនៃការលង់ទឹកភាគច្រើន គឺកើតឡើងដោយសារកង្វះការយល់ដឹងពីគ្រោះថ្នាក់ កង្វះចំណេះដឹង កង្វះជំនាញហែលទឹក និងជំនាញក្នុងការមើលថែទាំកុមារ (កុមារ លេង ក្នុងទឹក ដោយគ្មានអ្នកមើលថែ) ព្រមទាំងកង្វះជំនាញសង្គ្រោះបឋមជាដើម។ ដើម្បីអាចកាត់បន្ថយការលង់ទឹកបាន លុះត្រាតែមានការយកចិត្តទុកដាក់ពីបុគ្គល និងស្ថាប័នពាក់ព័ន្ធក្នុងការបង្កើន ការប្រុងប្រយ័ត្ន និងទប់ស្កាត់តាមរយៈការណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នពីការលង់ទឹក និងគ្រោះថ្នាក់ផ្សេងៗដើម្បីបង្ការ និងទប់ស្កាត់៕