
លោកមេធាវី យុង ផានិត កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅអ្នកប្រព្រឹត្តឧក្រិដ្ឋជាក់ស្ដែងរមែងប្រឈមមុខនឹងការជាប់ពន្ធនាគារដោយចៀសមិនរួចឡើយ។ ក៏ប៉ុន្តែមានអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសបែបនេះខ្លះ ត្រូវបានចាប់ឃុំខ្លួនទាំងមិនទាន់ដឹងថា គេពិតជាបានប្រព្រឹត្តបទល្មើសមែនឬក៏អត់ផង។ ចង់ដឹងថាតើហេតុអ្វីបានជាមានការឃុំខ្លួនបែបនេះទៅវិញ?
ជុំវិញករណីនេះ ភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី យុង ផានិត ក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់ដែលមានការិយាល័យផ្ទះលេខ ២១១០B ផ្លូវជាតិលេខ ៥ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ តាមរយៈសំណួរដូចតទៅ៖
ឧបមាថា មានបុរស ៤ នាក់បានធ្វើដំណើរតាមផ្លូវ ក៏ប៉ុន្តែខណៈកំពុងធ្វើដំណើរនោះស្រាប់តែមានគេមកចាក់បុរសម្នាក់ក្នុងចំណោមនោះបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត រីឯជនដៃដល់ក៏បានគេចខ្លួនបាត់។ ករណីបែបនេះតើអ្នកដែលនៅក្នុងក្រុមជាមួយជនរងគ្រោះនោះនឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនឬយ៉ាងណា?
ដើម្បីដឹងថា តើមនុស្សដែលស្ថិតនៅក្នុងក្រុមជាមួយអ្នកដែលត្រូវបានគេចាក់សម្លាប់នោះត្រូវនគរបាលឃាត់ខ្លួនឬយ៉ាងណានោះ គួរគួប្បីអង្កេតមើលថាតើការស្លាប់របស់ជនរងគ្រោះចាត់ចូលក្នុងបទអី? បទឧក្រិដ្ឋ បទមជ្ឈិម ឬក៏បទលហុ។ តាមអង្គហេតុបទល្មើសខាងលើគឺបានបង្ហាញឱ្យឃើញ និងចាត់ចូលក្នុងបទឧក្រិដ្ឋ ប៉ុន្តែដោយសារជនប្រព្រឹត្តរត់គេចខ្លួនបាត់។ ម្យ៉ាងដើម្បីស្រាវជ្រាវរកមុខជនដៃដល់ឱ្យឃើញផងនោះ នគរបាលយុត្តិធម៌ត្រូវតែអនុវត្តតាមច្បាប់គឺត្រូវឃាត់ខ្លួនគ្នីគ្នាទាំងប៉ុន្មាននាក់ដែលដើរក្នុងក្រុមជាមួយជនរងគ្រោះ ដើម្បីសាកសួរ និងសុំគោលការណ៍ពីព្រះរាជអាជ្ញា។ បន្ទាប់មកនគរបាលយុត្តិធម៌ប្រគល់មនុស្សទាំងនោះទៅព្រះរាជអាជ្ញា និងបញ្ជូនទៅចៅក្រមស៊ើបសួរ ហើយបើចៅក្រមស៊ើបសួរយល់ថា ជនទាំង ៣ នាក់អាចជាប់សង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសនោះចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ។
ហេតុអ្វីបានជាត្រូវឃុំមនុស្សទាំងនោះទៅវិញ ព្រោះពួកគេម្នាក់ៗសុទ្ធតែប្រកែកថា មិនបានសម្លាប់ជនរងគ្រោះផងនោះ។ ម្យ៉ាងបើពួកគេជាអ្នកប្រព្រឹត្តចាំបាច់អីត្រូវពួកគេយកជនរងគ្រោះទៅមន្ទីរពេទ្យនៅមុនពេលស្លាប់?
មូលហេតុដែលចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបុគ្គលទាំងនោះ ដោយសារសាកសពរបស់ជនរងគ្រោះពេលកើតហេតុស្ថិតនៅក្នុងចំណោមអ្នកទាំង ៣ នាក់ ហើយពេលដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យក៏ពួកគេជាអ្នកយកទៅដែរ។
ឧទាហរណ៍ថា ជនទាំង ៣ នាក់នោះពួកគេឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេបានឃើញជនម្នាក់មកចាក់ជនរងគ្រោះហើយរត់គេចខ្លួនបាត់។ ចម្លើយនេះមានភាពច្រពេចច្រពិលក្នុងការវិនិច្ឆ័យពេលនគរបាលយុត្តិធម៌សួរបញ្ជាក់អំពីអត្តសញ្ញាណជនសង្ស័យក៏នៅតែជនទាំង ៣ នាក់ឆ្លើយមិនច្បាស់លាស់។ ព្រោះថាកាលណាមានមនុស្សត្រូវគេសម្លាប់ត្រូវតែមានអ្នកទទួលខុសត្រូវ។
ចំពោះថា ការដែលតុលាការឃុំខ្លួនជនទាំង ៣ នាក់នោះវិញ ក៏មិនមែនប្រាកដថា អ្នកទាំងនោះត្រូវតែមានទោសទេ តែផ្ទុយទៅវិញការឃុំខ្លួនគឺដើម្បីស្រាវជ្រាវរកការពិតនៃសំណុំរឿងនេះប៉ុណ្ណោះ។ មូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ននេះ ព្រោះតែនគរបាលយុត្តិធម៌ដែលស្ថិតនៅក្រោមអំណាចព្រះរាជអាជ្ញា គឺត្រូវតែឃុំខ្លួនបណ្តោះអាសន្នដល់ក្រុមបុគ្គលទាំងនោះសិនហើយ ដើម្បីស៊ើបអង្កេត ព្រោះពួកគាត់សង្ស័យជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ។ ថ្វីដ្បិតតែក្រុមជនទាំងនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារមែន ក៏ប៉ុន្តែពួកគេនៅតែស្ថិតក្នុងចំណុចជនសង្ស័យនៅឡើយទេ ពោលគឺពួកគេមិនទាន់ជំនុំជម្រះ និងចោទប្រកាន់ក្នុងបទល្មើសអ្វីនៅឡើយដែរ។
យោងមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ការឃុំខ្លួនបណ្តោះអាសន្នអាចត្រូវបានបង្គាប់កាលណាការឃុំខ្លួនបណ្តោះអាសន្នជាការចាំបាច់៖
១-ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មី។
២-ដើម្បីរារាំងកុំឱ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត។
៣-ដើម្បីរក្សាភ័ស្តុតាង ឬតម្រុយជាសម្ភារ។
៤-ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
៥-ដើម្បីការពារសន្តិខុសឱ្យជនត្រូវចោទ។
៦-ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈកុំឱ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស។
ការឃុំខ្លួននេះដែរ ក៏ដើម្បីឱ្យក្រុមជនទាំងនោះសហការជាមួយនគរបាលយុត្តិធម៌ធ្វើយ៉ាងណារកភ័ស្តុតាងមកបញ្ជាក់អះអាងថា ក្រុមខ្លួនមិនមែនជាអ្នកសម្លាប់ជនរងគ្រោះ។ ហេតុដូច្នេះកុំឱ្យមានការយល់ច្រឡំថា ហេតុអ្វីបានជាសមត្ថកិច្ចមិនបានបើកការស៊ើបអង្កេតហើយបែរជាទៅឃាត់ខ្លួនក្រុមមនុស្សទាំងនោះទៅវិញ? ដោយហេតុថា សាកសពរបស់ជនរងគ្រោះនៅក្នុងដៃក្រុមមនុស្សដែលជាមិត្តភក្ដិរបស់ជនរងគ្រោះខណៈដែលក្រុមមនុស្សទាំងនោះយកមិត្តភក្ដិទៅមន្ទីរពេទ្យហើយបានស្លាប់។
ប្រសិនបើក្រុមមនុស្សទាំងនោះ ឆ្លើយបដិសេធថា ពួកគេមិនបានប្រព្រឹត្តតែមានអ្នកផ្សេងមកសម្លាប់ បែបនេះតើច្បាប់ត្រូវទាមទារឱ្យបង្ហាញអ្វីមកបញ្ជាក់?
បើមានករណីបែបនេះច្បាប់ត្រូវទាមទារពីទម្រង់ពីរូបភាពរបស់ជនល្មើសដោយជនល្មើសមកធ្វើសកម្មភាពយ៉ាងម៉េច ហើយមានរាងរៅយ៉ាងម៉េច? ហើយជនរងគ្រោះពីមុនមកធ្លាប់មានជម្លោះជាមួយនរណាដែរអត់? ហើយនៅទីតាំងកើតហេតុមានមនុស្សអ៊ូអរដែរអត់? ហើយជនទាំង ៣ នាក់មានការស្រែកឱ្យមនុស្សនៅក្បែរៗនោះ ជួយជនរងគ្រោះដែរឬអត់? តែបើនៅកន្លែងនោះមានមនុស្សច្រើន តែពួកគេមិនស្រែកឱ្យអ្នកផងជួយ នេះហើយជាចំណុចដែលគេសង្ស័យ ព្រោះនគរបាលយុត្តិធម៌មានជំនាញរបស់គាត់។ តែបើក្រុមមនុស្សទាំងនោះឆ្លើយ មិងមាំង [ស្ទាក់ស្ទើរ ]មិនសមហេតុផលគឺមានន័យថា ពួកគេនោះហើយជាអ្នកប្រព្រឹត្ត៕