
លោកមេធាវី លី កុសល កាលពីពេលកន្លងមក។ រូបថត សហការី
តាមច្បាប់ ការបើកបរល្មើសច្បាប់ធ្វើឱ្យអ្នកដទៃគ្រោះថ្នាក់តែងតែប្រឈមមុខនឹងផ្លូវច្បាប់ដោយចៀសពុំរួចឡើយ។ ចុះក្នុងករណីយើងកំពុងបើករថយន្តត្រូវច្បាប់ ហើយមានអ្នកបើកបរម៉ូតូល្មើសច្បាប់ផ្សេងបើកបរមកបុករថយន្តគាត់បណ្ដាលឱ្យស្លាប់ខ្លួនឯង តើភាគីខាងរថយន្តត្រូវប្រឈមនឹងផ្លូវច្បាប់ដែរឬយ៉ាងណា? ជុំវិញករណីបែបនេះភ្នំពេញ-ប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) បានជិះម៉ូតូបំពានភ្លើងស្តុបក្រហមហើយមានរថយន្ត ១ គ្រឿងធ្វើដំណើរក្នុងទិសដៅអាទិភាព (ភ្លើងសញ្ញាពណ៌ខៀវ) តែគាត់ត្រូវបានរថយន្តនោះបុកស្លាប់។ ករណីនេះតើត្រូវដោះស្រាយបែបណា?
ពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងស្ទើរតែជារៀងរាល់ថ្ងៃ ហើយភាគីនីមួយៗតែងតែលើកហេតុផលយកត្រូវរៀងៗខ្លួនដោយមិនបានពិចារណា និងយល់ដឹងពីបញ្ហាផ្លូវច្បាប់នោះទេ។
ចំពោះករណីនេះប្រសិនបើរកឃើញ និងមានភ័ស្តុតាងបង្ហាញថា ការបុកស្លាប់នេះកើតចេញពីការខ្ជីខ្ជា ធ្វេសប្រហែស មិនបានពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយរបស់អ្នកបើកបររថយន្តនោះ គឺម្ចាស់រថយន្តជាអ្នកទទួលខុសត្រូវទាំងផ្នែកសំណងរដ្ឋប្បវេណី និងការទទួលខុសត្រូវព្រហ្មទណ្ឌដោយមានចែងក្នុងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ប៉ុន្តែក្នុងករណីដែលគេរកឃើញថា រថយន្ត ១ គ្រឿង បើកបរនោះមិនមានកំហុសទេ ហើយគ្រោះថា្នក់នោះគឺបានកើតចេញពីអំពើផ្ទាល់ទាំងស្រុងរបស់លោក (ក) ដូច្នេះខាងភាគីរថយន្ត មិនទទួលខុសត្រូវអ្វីឡើយ ដូចមានចែងក្នុងមាត្រា ៤ នៃក្រមព្រហ្មទណ្ឌដែលបានចែងថាៈពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្តបទល្មើស។
បើមើលទិដ្ឋភាពជាក់ស្តែងវិញ គឺប្រាកដណាស់ថា ភាគីរថយន្តបើកបរក្នុងទិសដៅអាទិភាពរបស់ខ្លួន ហើយបានគោរពតាមភ្លើងសញ្ញាបញ្ជាទិសដៅត្រឹមត្រូវផង។ តើភាគីរថយន្តរួចផុតពីការទទួលខុសត្រូវឬទេ?
ដូចដែលបានបកស្រាយទៅនឹងសំណួរទី ១ ខាងលើរួចមកហើយ ករណីនេះយើងត្រូវពិនិត្យមើលការបុករបស់រថយន្ត និងម៉ូតូថា តើជាការបុកពីមុខប្រសព្វគ្នា ឬម៉ូតូទៅបុកចំហៀងរថយន្ត? ករណីដែលរថយន្តបុកចំពីមុខជាម៉ូតូនោះ ភាគីរថយន្តមិនអាចរួចផុតពីការទទួលខុសត្រូវបានឡើយ ប៉ុន្តែប្រសិនបើរថយន្តនោះបើកបរក្នុងទិសដៅអាទិភាពហើយ ត្រូវបានម៉ូតូបុកពីចំហៀងរថយន្តនោះនាំឱ្យភាគីរថយន្តរួចផុតពីការទទួលខុសត្រូវ។
ប្រសិនបើភាគីរថយន្ត មានចំណែកក្នុងការទទួលខុសត្រូវតើត្រឹមកម្រិតណាដែរ?
ប្រសិនបើរកឃើញ និងមានភ័ស្តុតាងបង្ហាញថា មានចំណែករថយន្តក្នុងការបុកស្លាប់នេះកើតចេញពីការខ្ជីខ្ជា ធ្វេសប្រហែស មិនបានពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយរបស់អ្នកបើកបររថយន្តនោះគឺម្ចាស់រថយន្តត្រូវទទួលខុសត្រូវទាំងផ្នែកសំណងរដ្ឋប្បវេណី និងការទទួលខុសត្រូវព្រហ្មទណ្ឌ។
យោងតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថាៈ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀលទៅ ១៥ លានរៀល និងអាចត្រូវផ្តន្ទាទោសបន្ថែមណាមួយ ឬច្រើនដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។ ចំណែកឯការទាមទារសំណងរដ្ឋប្បវេណីរបស់ជនរងគ្រោះវិញគឺផ្អែកទៅលើឆន្ទានុសិទ្ធិរបស់តុលាការថា តើព្យសនកម្មរបស់ជនរងគ្រោះមានការខាតបង់ដល់កម្រិតណា?
ចុះបើភាគីម៉ូតូមានគ្នា ៣ នាក់ហើយត្រូវភាគីរថយន្តបុកស្លាប់ទាំងអស់ តែខាងភាគីរថយន្តក្រឡាប់បណ្តាលឱ្យស្លាប់មនុស្សម្នាក់ផងដែរ។ បើស្លាប់ទាំងសងខាងបែបនេះតើច្បាប់ត្រូវមានដំណោះស្រាយបែបណា?
ចំពោះការស្លាប់ទាំងសងខាងបែបនេះគឺជាគោលការណ៍ច្បាប់នាំឱ្យមានការរលត់នៃបណ្តឹងអាជ្ញា យោងតាមមាត្រា ៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថាៈមូលហេតុនៃការរលត់នៃបណ្តឹងអាជ្ញាមានដូចតទៅគឺៈ
១-មរណភាពនៃជនល្មើស។
២-ការផុតអាជ្ញាយុកាល។
៣-ការលើកលែងទោសជាទូទៅ។
៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។
៥-អាជ្ញាអស់ជំនុំ។
កាលណាបណ្តឹងអាជ្ញាត្រូវរលត់ហើយ ការចោទប្រកាន់ខាងបទល្មើសព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ឈប់៕