ជា​ទូទៅ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រកប​អាជី​វកម្ម​ឬដាំដំណាំលើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ដែល​មាន​រៀងៗ​ខ្លួន​ វៀរលែងតែ​ដី​នោះ​ជា​របស់​សា​ធារ​ណៈ ​ឬ​ជាដី​របស់​រដ្ឋ។ ចុះ​បើក្នុង​ករណី​​ម្ចាស់​កម្ម​សិទ្ធិ​បាន​ដាំ​ដំណាំ​នៅ​ក្នុង​បរិវេណលំនៅ​ឋាន​ដែល​គាត់​បានទិញ​ពី​ម្ចាស់បុរី តើ​ម្ចាស់​បុរី​នោះ​មាន​សិទ្ធិ​មក​បំផ្លាញ​ចោល​វិញដែរ​ឬ​ទេ?​ ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការ​បក​ស្រាយ​ពី​លោក​មេធាវី ផុន ធារិន ដែល​បម្រើ​ការ​នៅ​ការិ​យា​ល័យ​មេធាវី ផុន ធារិន ស្ថិត​នៅ​បុរីឌឺ​មេគ្គង​រ៉ូយ៉ាល់ ផ្ទះ​លេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ តាម​រយៈ​សំណួរ​ដូច​ខាង​ក្រោម​៖

ឧបមា​ថា លោក (ក) បាន​ទិញ​ផ្ទះ ១ ល្វែង​នៅក្នុង​បុរី​មួយ​ហើយ​គាត់​បាន​ដាំ​ដើម​ឈើ​នៅ​មុខ​ផ្ទះ​ក្នុង​បរិវេណដី​របស់​គាត់​ តែ​ត្រូវ​ម្ចាស់​បុរី​កាប់​ចោល។​ តើ​ម្ចាស់​បុរី​មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ទេ​ ព្រោះ​ថាទាំងផ្ទះ​និង​បរិវេណដី​ដាំដើមឈើ​​នោះ ​បាន​លក់​ឱ្យ (ក) កាន់​កាប់​ជា​កម្ម​សិទ្ធិ​រួច​ហើយ​?

ប្រសិន​បើ​លោក (ក) បាន​ទិញ​ផ្ទះ​ ១ ​ល្វែង​នៅ​ក្នុង​បុរី ហើយ​គាត់​បាន​ដាំ​ដើម​ឈើ​នៅ​មុខ​ផ្ទះ​ក្នុង​បរិវេណ​ដី​របស់​គាត់ ករណី​នេះ​ម្ចាស់​បុរី​ពុំមាន​សិទ្ធិ​កាប់​ដើម​ឈើ​ណា​មួយ​ដែល​លោក ​(ក) បាន​ដាំ​នៅលើ​ដី​ដែលជា​កម្ម​សិទ្ធិ​របស់​គាត់​បាន​ទេ ​ព្រោះ​ថា​ លោក ​(ក) ម្ចាស់​កម្ម​សិទ្ធិ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រើ​ប្រាស់​ អាស្រ័យ​ផល​និង​ចាត់​ចែង​ទៅ​លើ​ដី​និង​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន។​ ទោះបី​យ៉ាង​ណាក្តី​ ម្ចាស់​ផ្ទះ​ត្រូវ​អនុវ​ត្តតាម​គោល​ការណ៍ ការ​គ្រប់​គ្រង​រប​ស់បុ​រី​ដែល​ម្ចាស់​នីមួយៗ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ភាគី​បុរី​។

តើ​បែប​នេះ​លោក ​(ក) អាច​ប្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ទាក់​ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គាត់​​បាន​ដែរឬទេ? ហើយ​បើ​ប្តឹង​បាន ​តើ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អ្វី?​

បើ​ម្ចាស់​បុរី​កាប់​ដើម​ឈើ​នៅលើ​ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​លោក ​(ក) ករណីនេះ​​គាត់​អាច​ប្ដឹង​ទៅ​អាជ្ញា​ធ​រមាន​សមត្ថ​កិច្ច​ទាក់​ទង​ទៅ​នឹង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់​បានពីបទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា ​យោង​តាម​មាត្រា​ ៤១០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​បាន​បញ្ញត្តិ​ថា​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា​ដោយ​បំផ្លិច​បំផ្លាញ​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម ​ឬ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​នោះ ​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគា​រ​ពី ៦ (ប្រាំ​មួយ) ខែទៅ ២ (ពីរ) ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ​១​ ០០០​ ០០០ (មួយ​លាន) រៀល ទៅ ៤ ​០០០​ ០០០ (បួន​លាន) រៀល ​លើក​លែង​តែ​ការ​ខូច​ខាត​មាន​លក្ខណៈ​ស្រាល។ បន្ថែម​លើស​ពី​នេះ​ តាម​មាត្រា​ ៤១១ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ក៏បាន​កំណត់​ពី​ស្ថាន​ទម្ងន់​ទោស​បាន​ចែង​ថា​ កា​លណា​បទ​ល្មើស​នេះ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ទីកន្លែង​ជា​លំនៅ​ឋាន​ឬ​កាល​បើ​បទល្មើស​នេះ​បាន​ប្រព្រឹត្ត​នាំ​ឲ្យ​ខូច​ប្រយោ​ជន៍​ដល់​ដំណាំ​ឬ​កសិ​ផល​។

បើ​ផ្ទះ​ដែល​លោក (ក) ទិញ​នោះ​គាត់​បង់​លុយ​ឱ្យ​អ្នក​លក់​អស់ហើយ​ ដូចនេះ​តើ​គាត់​មាន​សិទ្ធិ​ធ្វើ​អ្វី​បាន​ចំពោះ​ផ្ទះ​នោះ​និង​លើ​ទំហំ​ដី​របស់​គាត់​ដែល​មាន​នៅ​ក្នុង​ប្លង់​ដី?

បើ​ផ្ទះ​ដែល​លោក (ក) ទិញ​នោះ​គាត់​បង់​លុយ​ឲ្យ​អ្នកលក់​គ្រប់​ចំនួន​រួចរាល់​អស់​ហើយ ​គាត់​នឹង​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ករ​លើដី​ និង​ផ្ទះ​រួម​ទាំង​វត្ថុ​ផ្សេងៗដែល​មាន​លើដី​នោះ ​ហើយ​គាត់​មាន​សិទ្ធិ​អំណាច​តាម​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើ​សកម្ម​ភាព​ប្រើ​ប្រាស់ ​អាស្រ័យ​ផល​និង​ចាត់​ចែង​លើ​ទ្រព្យ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ដោយ​សេរី​ពេញ​លេញ​ក្នុង​ទំហំ​ដែល​ច្បាប់​បាន​កម្រិត ដោយ​យោង​តាម​មាត្រា​១៣៨​ នៃ​ក្រម​រដ្ឋ​ប្ប​វេណី។​

ចុះបើ​សិន​លោក (ក) បង់​រំលស់​ តើ​គាត់​មាន​សិទ្ធិ​ធ្វើអ្វីៗ​បានទេ​ចំពោះ​ផ្ទះ​នោះ? ឬក៏​បង់​លុយ​អស់​ទើប​មាន​សិទ្ធិ​កាន់​កាប់​ផ្ទះ​បាន?​

ប្រសិន​បើ​លោក (ក) បង់​រំលស់​ផ្ទះ​មិន​ទាន់​គ្រប់​ចំនួន គាត់​មាន​សិទ្ធិ​ត្រឹម​តែ​ប្រើប្រា​ស់​ដូច​ជាការ​ស្នាក់​នៅ សិទ្ធិ​ក្នុង​ការ​ជួល​ឬ​អាស្រ័យ​ផល​លើ​ដំណាំ ​ដើម​ឈើ​ដែល​គាត់​បាន​ដាំ​នៅលើ​ដី​និង​ផ្ទះ​តែ​ប៉ុណ្ណោះ តែ​គាត់​ពុំ​ទាន់​មាន​សិទ្ធិ​ក្នុងការ​ចាត់​ចែង ដាក់​បញ្ចាំ ​ឬ​ផ្ទេ​រកម្មសិទ្ធិ​ទៅ​ឲ្យ​អ្នក​ផ្សេង​បា​នទេ ព្រោះ​ម្ចាស់​កម្ម​សិទ្ធិ​នៅតែ​ជា​ឈ្មោះ​របស់​ម្ចាស់​បុរី ​ឬ​ម្ចាស់​គម្រោង ដរាប​ណា​គាត់​មិន​ទាន់​បង់​ប្រាក់​គ្រប់​ចំនួន​៕