ភ្នំពេញ៖ អ្នក​ដំណើរ​តាម​ដង​ផ្លូវ​នឹង​មាន​អារម្មណ៍​​ចម្លែក​ចិត្ដ​នៅ​ពេល​បាន​ឃើញ​ប្រអប់​ធុង​មួយ​រាង​ដូច​ទូទឹកកក​​ជិះ​នៅ​លើ​ស៊ីក្លូ​នៅ​ម្ដុំ​មាត់​ទន្លេ និង​មុខ​វត្ដ​បទុម ខុស​ពី​ស៊ីក្លូ​ដឹក​មនុស្ស និង​អីវ៉ាន់​ដទៃ​។ អ្នក​ដំណើរ​អាច​ហៅ​ស៊ីក្លូ​នេះ​ឱ្យ​ឈប់​ ដោយ​មិនមែន​ឡើង​ជិះ​នោះ​ទេ តែ​ផ្ដល់​ជំនួយ​ផ្សេងៗ​ដាក់​ក្នុង​ធុង​នេះ​។

ទើប ​២ ​ខែ Local4Local បន្ដ​​បង្កើត​យុទ្ធនាការ «​ធុង​សហគមន៍​​ស៊ីក្លូ» ឬ​ក៏ «​ធុង​ស៊ីក្លូ» ដោយ​មាន​ជំនួយ​​ពី​សមាគម​ស៊ីក្លូ​ផង​ដែរ​។

អំឡុង​ពេល​បិទ​ខ្ទប់​កាល​ពី​ខែ​មេសា​ Local4Local ជា​កម្មវិធី​ដំណើរ​ការ​ដោយ​យុវជន​តែ​ម្នាក់​ត្រូវ​បាន​បង្កើត​ឡើង​ពី​សំណាក់​និស្សិត​កម្ពុជា​ដែល​ជាប់​គាំង​ដោយសារ​តែ​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​​បន្ដ​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្ដល់​ជំនួយ​ជា​អាហារ​ដល់​ជន​ក្រីក្រ​នៅ​ភ្នំពេញ​។

«​ធុង​សហគមន៍​​ស៊ីក្លូ» គឺ​ជា​ធុង​ស្បៀង​​អាហារ និង​​សម្ភារ​ប្រើប្រាស់​ចាំបាច់​ចល័ត​ដំបូង​នៅ​ភ្នំពេញ​ ដែល​បរិច្ចាគ​​ពី​សំណាក់​អ្នក​មាន​ទឹក​ចិត្ដ​សប្បុរស និង​ត្រូវ​បាន​ចែកចាយ​ដល់​អ្នក​ត្រូវ​ការ​ជំនួយ​តាមរយៈ​ស៊ីក្លូ​។

អ្នក​រត់​ស៊ីក្លូ ដែល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​នេះ នឹង​ធ្វើ​ការ​ចែកចាយ​សម្ភារ និង​​ស្បៀង​បរិច្ចាគ​​នៅ​តាម​តំបន់​​​ពលរដ្ឋ​ក្រីក្រ​រស់នៅ​។

លោក តាំង ហ៊ួងហាវ អាយុ ២១ ​ឆ្នាំ ស្ថាបនិក Local4Local ​​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ធុង​សហគមន៍​​ស៊ីក្លូ​​​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​សហគមន៍​តាមរយៈ​ការ​ចែក​រំលែក​ និង​ទឹក​ចិត្ដ​ចំពោះ​អ្នក​ត្រូវការ​ជំនួយ​។ វា​ក៏​បាន​​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​រត់​ស៊ី​ក្លូ​ឱ្យ​មាន​​ការងារ​ស្ថិតស្ថេរ​ ក៏​ដូចជា​អ្នក​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​មាន​បាយ​ហូប​​»។

​យុវជន តាំង ហ៊ួង ហាវ ស្ថាបនិកកម្មវិធី​សប្បុរសធម៌ Local4Local​​។ រូបថត សហ​ការី

លោក​​​បន្ដ​ថា​៖ «​ពួក​គេ​សប្បាយ​ចិត្ដ ពី​ព្រោះ​ខ្ញុំ​​​និយាយ​ជាមួយ​ពួក​គាត់​ ហើយ​ពួក​គាត់​តប​វិញ​ថា ធ្វើ​ល្អ​បាន​ល្អ​ ហើយ​ពួក​គាត់​ជឿ​លើ​អំពើ​បុណ្យ​ ដោយ​ការ​ចែក​ទាន​ដល់​អ្នក​ត្រូវ​ការ​​បំផុត​»។

បច្ចុប្បន្ន មាន​ធុង​សហគមន៍​ចល័ត​​តែ ១ ​ប៉ុណ្ណោះ​ ហើយ​វា​នឹង​ធ្វើ​ដំណើរ​នៅ​បរិវេណ​មាត់​ទន្លេ និង​មុខ​វត្ដ​បទុម​នា​ពេល​ព្រឹក ហើយ​ជួន​កាល​នៅ​ពេល​រសៀល។

លោក ហាវ ដែល​មាន​គំនិត​បង្កើត​កម្មវិធី​មនុស្ស​ធម៌​ដំបូង​ដោយ​អ្នក​រត់​ស៊ីក្លូ​ម្នាក់​ដែល​ដឹក​រូប​លោក​ជុំវិញ​ទីក្រុង​ភ្នំពេញ​​និយាយ​ថា​៖​ «មនុស្ស​គ្រប់​រូប​អាច​បរិច្ចាគ​សម្ភារ​ប្រើប្រាស់​ដូចជា អាហារ​ក្ដៅៗ​ ម៉ាស់ ទឹក គ្រឿង​កំប៉ុង សៀវភៅ សម្លៀក​បំពាក់ និង​អាហារ​មិន​ឆាប់​ខូច​»។

យុវជន​រូប​នេះ គ្រោង​ដាក់​ពង្រាយ​ធុង​សហគមន៍​ពី​ចន្លោះ ៨ ទៅ ១០ ​ធុង​បន្ថែម​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​ទំនង​ជា​ចង់​បន្ដ​ពង្រីក​​ទៅ​កាន់​បណ្ដា​ខេត្ដ​មួយ​ចំនួន​ទៀត​។

ដោយសារ​តែ​គំនិត​ផ្ដួចផ្ដើម​ធុង​សហគមន៍ ឬ​ធនាគារ​ស្បៀង​នេះ​ហាក់​ដូចជា​ថ្មី​នៅ​កម្ពុជា លោក ហាវ និយាយ​ថា លោក​រំពឹង​ថា សកម្មភាព​ដ៏​សប្បុរស​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ឡើង​កម្មវិធី​ស្រដៀង​គ្នា​នេះ​នៅ​ទូទាំង​ប្រទេស​។

លោក ហាវ ដែល​បា​នធ្វើ​ដំណើរ​មក​លេង​ឪពុក​ម្ដាយ​ និង​​បាន​ជាប់​នៅ​ក្នុង​​ប្រទេស​តាំង​ពី​ខែ​មីនា ឆ្នាំ​ ២០២០ បាន​និយាយ​ថា៖ «​ខ្ញុំ​លើក​ទឹក​ចិត្ដ​ម្ចាស់​ភោជនីយដ្ឋាន និង​ហាង​លក់​ដូរ​នានា​ដាក់​ប្រអប់​បរិច្ចាគ​នៅ​ក្នុង​ហាង​របស់​ខ្លួន​ដោយ​ការ​សរសេរ​ពាក្យពេចន៍​លើក​ទឹក​ចិត្ដ​ភ្ញៀវ​ធ្វើ​ការ​បរិច្ចាគ​ធនធាន និង​សម្ភារ​ផ្សេង​ៗ​។ ១ ថ្ងៃ​ម្ដង អ្នក​រត់​ស៊ីក្លូ​​អាច​មក​ប្រមូល​ និង​ធ្វើ​ការ​ចែកចាយ​ដល់​អ្នក​ក្រីក្រ​»។

​អ្នករត់ស៊ីក្លូយកស្បៀង​អាហារ និងសម្ភារប្រើប្រាស់ចែក​ដល់អ្នកខ្វះខាត។ រូបថត សហ​ការី

លោក​បាន​នឹក​ឃើញ​បង្កើត​ធុង​សហគមន៍​ផ្ដល់​វត្ថុ​ផ្សេងៗ​ដោយ​ឥតគិត​​ថ្លៃ​ដំបូង​ដែល​ដំឡើង​នៅ​មុខ​ផ្ទះ និង​សាលា​រៀន​លើ​អនឡាញ ហើយ​លោក​ចង់​នាំ​យក​គំនិត​នេះ​មក​អនុវត្ដ​នៅ​កម្ពុជា​។

លោក​បាន​និយាយ​ថា​៖ «​អំឡុង​ពេល​កូវីដ ១៩ វា​ជា​វេលា​ដ៏​លំបាក​សម្រាប់​​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​។ ដូច្នេះ ធុង​សហគមន៍​ស៊ីក្លូ​ក៏​ចាប់​ផ្ដើម​លេច​ជា​រូបរាង​ ដោយសារ​វា​អនុញ្ញាត​ឱ្យ​ធុង​សប្បុរសធម៌​នេះ​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​​អ្នក​ចង់​បរិច្ចាគ​»។

Local4Local ផ្ដោត​ទៅ​លើ​ការ​ជួយ​អ្នក​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ ​​ងាយ​រងគ្រោះ​​ពី​វិបត្ដិ​កូវីដ ១៩។ អ្នក​លក់​ចំណី​អាហារ​តាម​ចិញ្ចើម​ផ្លូវ​មាន​ការ​លក់​​ដូរ​ធ្លាក់​ចុះ ហើយ​អ្នក​រត់​ស៊ីក្លូ​ពិបាក​រក​ម៉ូយ​អំឡុង​ពេល​វិបត្ដិ​ដែល​​រុញ​គ្មាន​ភ្ញៀវ​នេះ​។

Local4Local ​​បង្កើត​កម្មវិធី​ជា​ច្រើន​​ទៀត ដូចជា Food Coupon ដែល​​ដំណើរ​ការ​ពាក់​កណ្ដាល​​ខែ​មិថុនា​នេះ ដោយ​ចាប់​ផ្ដើម​ពី​អ្នក​រត់​ស៊ីក្លូ ១៣០ ​នាក់។

អ្នក​រត់​ស៊ីក្លូ​ម្នាក់​នឹង​ទទួល​បាន​បុង​អាហារ ១០ ​សន្លឹក ដែល​មាន​សុពលភាព​ប្រើប្រាស់ ២ សប្ដាហ៍ ហើយ​បុង​នីមួយៗ​អាច​ប្ដូរ​យក​អាហារ​ ១ ឈុត ​នៅ​តាម​តូប​អាហារ​លើ​ចិញ្ចើម​ផ្លូវ ដែល​បាន​កំណត់​​។

លោក ហាវ បាន​លើក​ឡើង​ថា គោល​បំណង​ចែក​បុង​អាហារ​ គឺ​ចង់​កាត់​បន្ថយ​ការ​ប៉ះពាល់​គ្នា​ដោយ​ផ្ទាល់​អំឡុង​ពេល​កូវីដ និង​អាច​ប្រើ​បាន​គ្រប់​គ្នា​សម្រាប់​អាហារ​ឥត​គិត​ថ្លៃ​។

ស្រប​ពេល​កម្មវិធី​សប្បុរសធម៌​នៅ​កម្ពុជា​នេះ លោក​​​និយាយ​ពី​ការ​វិល​ត្រឡប់​ទៅ​​សិក្សា​​ថា៖ «​ខ្ញុំ​នៅ​សិក្សា​​ឆ្នាំ​ទី៣ ឯ Minnesota ហើយ​ខ្ញុំ​នឹង​វិល​ទៅ​​អាមេរិក​វិញ​នៅ​អំឡុង​ខែ​កញ្ញា​។ យ៉ាងណា​មិញ ខ្ញុំ​រំពឹង​ថា Local4Local នៅ​តែ​មាន​ដំណើរការ​»។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​​ mailto:haotang101@gmail.com ឬ​​បរិច្ចាគ​តាម​គណនី​ ABA Taing Huang Hao: 002 851 840៕

វីដេអូ៖