The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​​យុវជន​ស្ម័គ្រចិត្ត​​បៃតង​វ៉ររៀរស៍ ប្រើ​កូន​ឈើ ៣ ពាន់​ដើម និង​គ្រាប់​ឈើ ៥ ម៉ឺន​ ផ្គុំ​ជា​​​​រូប​ស្រ្តី​ដែល​មាន​បេះដូង​ស្រឡាញ់​​ធម្មជាតិ​




ក្រុម​​យុវជន​ស្ម័គ្រចិត្ត​​បៃតង​វ៉ររៀរស៍ ប្រើ​កូន​ឈើ ៣ ពាន់​ដើម និង​គ្រាប់​ឈើ ៥ ម៉ឺន​ ផ្គុំ​ជា​​​​រូប​ស្រ្តី​ដែល​មាន​បេះដូង​ស្រឡាញ់​​ធម្មជាតិ​

Content image - Phnom Penh Post
រូប​​ស្រ្តី​បេះដូង​ស្រឡាញ់ធម្មជាតិ​​​ ប្រើកូនឈើ ៣ ពាន់ដើម និង ​៥ ម៉ឺនគ្រាប់​​។ សហ​ការី

ក្រុម​​យុវជន​ស្ម័គ្រចិត្ត​​បៃតង​វ៉ររៀរស៍ ប្រើ​កូន​ឈើ ៣ ពាន់​ដើម និង​គ្រាប់​ឈើ ៥ ម៉ឺន​ ផ្គុំ​ជា​​​​រូប​ស្រ្តី​ដែល​មាន​បេះដូង​ស្រឡាញ់​​ធម្មជាតិ​

ភ្នំពេញ៖ តាមរយៈ​យុទ្ធនាការ​​​នៃ​គម្រោង​លុញ​គ្រាប់​ឈើ​​ឱ្យ​បាន​ចំនួន ១ លាន​គ្រាប់ និង​បណ្តុះ​​កូន​ឈើ​​ ដើម្បី​​​​​ចូលរួម​​​ផ្សព្វផ្សាយ​អំពី​ការ​ការពារ​បរិស្ថាន​ពិភព​លោក​​ ​និង​ជួយ​សង្គ្រោះ​ផែន​ដី​នោះ ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​បៃតង​វ៉ររៀរស៍ ​(Baitong Warriors)​ ក៏​បាន​ផ្គុំ​​ជា​រូប​ភាព​ស្រ្តី​ម្នាក់​ ដែល​មាន​បេះដូង​​ស្រឡាញ់​ធម្មជាតិ​​ បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​ទៅ​ដល់​​​មហាជន​នៅ​​ក្នុង​បណ្តាញ​សង្គម​​​ជាមួយ​​​នឹង​ស្នាដៃ​​ដ៏​អស្ចារ្យ​នេះ​។​

បើ​​តាម​គណនី​ហ្វេសប៊ុក​លោកស្រី​ នួន សុន្ទរី ហៅស្រីអូន ដែល​ជា​ថៅកែ​ស្រី​​នៃ​ក្រុមហ៊ុន​​​សម្រស់​ធម្មជាតិ​​ និង​ផលិតកម្ម​រាម​បាន​បង្ហោះ​សារ​ជូន​ពរ​ថា ជា​កាដូ​ពិសេស​សម្រាប់​លោកស្រី ​យឹម ឆៃលីន ដែល​​​​ជា​​ឧត្តម​ភរិយា​លោក ហ៊ុន ម៉ានី​ នោះ ជាមួយ​នឹង​បណ្តុំ​​រូបភាព​ជាច្រើន​សន្លឹក​ថា៖ «​នេះ​គឺ​ជា​កាដូពិ​សេស​ ដែល​ពួក​យើង​ខិតខំ​​​សម្រិតសម្រាំង​​ធ្វើ​អស់​រយៈពេល ២ ថ្ងៃ សម្រាប់​មនុស្ស​ពិសេស ​ក្នុង​​​​ថ្ងៃ​ពិសេស​របស់​គាត់​ នារី​ដែល​មាន​បេះដូង​​ធម្មជាតិ ​នារី​ដែល​បាន​ជួយ​ដល់​បងស្រី Mam Somaly​ ក្នុង​​ការ​​សង្គ្រោះ​​​កុមារ​រងគ្រោះ ដោយ​អំពើ​ព្រៃផ្សៃ​នានា​ជាង ១០ ឆ្នាំ ​នារី ដែល​មាន​រូប​សម្បត្តិ​​​​ស្រស់​ស្អាត ​គាត់​​គឺ​ជា​លោក​ជំទាវ​ Yim Chhayline ​ហើយ​គាត់​ក៏​​ជា​ប្រធាន​​កិត្តិយស​​នៃ​យុវជន​​​​​ស្ម័គ្រ​ចិត្ត​​ជួយ​សង្គម Baitong Warriors-​បៃត​ងវ៉ររៀរស៍ ​ដោយ​យក​គ្រាប់​ឈើ​​លុញ (ថ្នាំ​បញ្ចុះ​កម្តៅ​ផែន​​ដី) ​ជិត​ ១០ ​​ម៉ឺន​គ្រាប់ ​មក​តម្រៀប​ជា​រូប​ដែល​លុញ​​ដោយ​ផ្ទាល់​ពី​ប្រជាជន​ក្នុង​ឃុំ​ត្រពាំង​ជោ ជាង​ ៨០ នាក់​ ក្រោម​​​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​នាង​ខ្ញុំ ​ស្រីអូន ​និង​​តម្រៀប​​​ដោយ​វិចិត្រករ ដែល​មាន​​ទេពកោសល្យ​​ច្នៃ​ប្រឌិត​ខ្ពស់ Teum Khom Selong ​Vat​ រីករាយ​ថ្ងៃ​កំណើត​ បងស្រី​ជា​ទី​គោរព និង​ស្រឡាញ់​​​ សង្ឃឹម​ថា បងស្រី​នឹង​ពេញ​ចិត្ត​នូវ​កាដូ​មួយ​នេះ!»។

Content image - Phnom Penh Post
រូប​លោកស្រី​ យឹម ឆៃលីន ត្រូវ​បាន​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​បៃតងវ៉ររៀរស៍​ ច្នៃ​កូនឈើ និង​គ្រាប់ឈើ​ ផ្គុំជារូប​ភាព​ដ៏​ស្រស់ស្អាតជាស្រ្តី​បេះដូងធម្មជាតិ​​។ ហ្វេសប៊ុក ស្រីអូន, ការ​ប្រើកូនឈើ និង​គ្រាប់​ឈើ​ច្នៃ​ជារូប​មនុស្ស​។ សហ​ការី

បើ​តាម​លោក​ តាន់ គីមស៊ួ ដែល​ជា​ប្រធាន​ក្រុម​​យុវជន​​ស្ម័គ្រ​​ចិត្ត​ជួយ​សង្គម​​បៃតងវ៉ររៀរស៍ ​(Baitong Warriors) ក៏​​បាន​បញ្ជាក់​បន្ថែម​ថា៖ «​តាម​​ពិត​ទៅ នោះ​ជា​គឺ​រូប​របស់​លោក​ជំទាវ យឹម ឆៃលីន ​ជា​​ឧត្ត​ម​ភរិយា​​លោក ហ៊ុន ម៉ានី ដែល​ក្រុម​ការងារ​យើង​​បាន​​សម្រេច​ចិត្ត​ធ្វើ​ឡើង​ ដើម្បី​ជា​​កាដូ​ពិសេស​​នៃ​​​ថ្ងៃ​ប្រារព​ខួប​​កំណើត​​របស់​​គាត់​ កាល​ពី​ថ្ងៃទី​ ១៦ ខែ​ មិថុនា ឆ្នាំ​ ២០២១​ កន្លង​មក​ ដោយ​នេះ​​ គឺ​ជា​ការ​ដឹង​គុណ និង​តប​ស្នង​ដល់​លោក​ជំទាវ ដែល​តែងតែ​ជួយ​គាំទ្រ និង​ជំរុញ​ដល់​ក្រុម​​យើង​ក្នុង​យុទ្ធនាការ​​​គម្រោង​លុញ​​គ្រាប់​ឈើ​ចំនួន ១ លាន​គ្រាប់ ដើម្បី​​ផ្សព្វផ្សាយ​​ពី​ការ​ការពារ​បរិស្ថាន​ពិភព​លោក​​ ​និង​ជួយ​សង្គ្រោះ​ផែនដី​នោះ។ លោក​ជំទាវ​ គឺ​ជា​ស្រ្តី​​មាន​​ក្តី​ស្រឡាញ់​ធម្មជាតិ​ខ្លាំង​ ដូច្នេះ​ហើយ​ ទើប​យើង​​​សម្រេច​បង្កើត​​​ជា​ស្នាដៃ​សិល្បៈ​ច្នៃ​ប្រឌិត​​​មួយ​នេះ ជូន​ជា​កាដូ​នៃ​ថ្ងៃ​​ខួប​កំណើត​​របស់​គាត់​តែ​ម្តង​​»។​

Content image - Phnom Penh Post
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​បៃតងវ៉ររៀរស៍​ បើកយុទ្ធនាការ​លុញគ្រាប់​ឈើ​នៅ​ជើងភ្នំឱរ៉ាល់​។ សហ​ការី

លោក​ តាន់ គីមស៊ួ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖ «ចំពោះ​រូបភាព ដែល​​ផ្គុំ​​ជា​រូប​ស្រ្តី​មាន​បេះដូង​ស្រឡាញ់​ធម្មជាតិ​​​នោះ​ ដោយសារ​​វិចិត្រករ​យើង​មាន​ចំណេះដឹង និង​ជំនាញ​ ច្នៃ​គឺ​​វិចិត្រករ​ រៀម មុនីស៊ីឡុង និង​​​គ្រូ​​របស់​គាត់​​ម្នាក់​ទៀត​​​ឈ្មោះ​​លោក​ ថូម​ ដែល​​​ប្រើ​ពេល​វេលា​ចំនួន​ ២ ​ថ្ងៃ​។ យើង​​​​ប្រើ​​​កូន​​ឈើ​​ចំនួន​​ជិត ​៣ ០០០ ដើម និង​គ្រាប់​ឈើ​ចំនួន ៥ ម៉ឺន​គ្រាប់ ដើម្បី​ច្នៃ​​​រូបភាព​​នេះ​ឡើង។​ ហើយ​​ការ​ចំណាយ​​ទៅ​​លើ​​ការងារ​​​ច្នៃ​ប្រឌិត​ជា​រូបភាព ប្រើ​កូន​ឈើ និង​គ្រាប់​ឈើ​នេះ គឺ​ជា​ការ​​ជួយ​ឧបត្ថម្ភ​ទាំង​ស្រុង​​​​​​ពី​សំណាក់​​​​លោកស្រី នួន សុន្ទរី ហៅស្រីអូន​ ដែល​ជា​ថៅកែ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​​ ដែល​គាត់​បាន​ចំណាយ​ប្រាក់​​​ទិញ​អាហារ​គ្រឿង​សមុទ្រ​ប្រមាណ ​៥០០-១ ០០០ គីឡូ នា​ពេល​​​បង្កើត​រូប​​នោះ ដើម្បី​ចម្អិន​ម្ហូប​អាហារ​ជូន​បងប្អូន​ពលរដ្ឋ ដែល​​ចូលរួម​លុញ​គ្រាប់​ឈើ​នោះ​​​​។​ គាត់ [ស្រី​អូន​]​​​ មិន​​ត្រឹម​តែ​ឧបត្ថម្ភ​សម្រាប់​ការ​ច្នៃ​រូប​ប៉ុណ្ណឹង​ទេ គឺ​គាត់​ជួយ​ទាំង​ស្រុង​ នៅ​ក្នុង​យុទ្ធនាការ​​លុញ​​គ្រាប់​​ឈើ​​​ចំនួន ​១​ លាន​គ្រាប់​ នោះ​តែ​ម្តង ដែល​នឹង​ចំណាយ​ប្រាក់​ខ្ទង់​ ១០ ម៉ឺន​ដុល្លារ​»។​

យុទ្ធនាការ​​​គម្រោង​​​លុញ​គ្រាប់ឈើ ១ លាន​គ្រាប់​​ លោក តាន់ គឹមស៊ួ​ ​ក៏​បាន​បញ្ជាក់​​ដែរ​​ថា​៖ «យុទ្ធនាការ​​​នេះ សំខាន់​​ណាស់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ទៅ​​​ដល់​បងប្អូន​ខ្មែរ​យើង​ឱ្យ​ចូល​​​រួម​ដាំ​ដើម​​ឈើ​​ទាំង​អស់​គ្នា​។ ​ថ្មីៗ​នេះ ក៏​មាន​អ្នក​​​សិល្បៈ​​ ជា​តារា​ចម្រៀង​ និង​សម្តែង​​ចូលរួម​​​ផង​ដែរ»៕​

អត្ថបទគួរចាប់អារម្មណ៍