ក្រុងហ្គាបូរ៉ូន៖ ដុំពេជ្រ ១ ១៧៤ ការ៉ាត់ពណ៌សដ៏វិសេសមួយគ្រាប់ ត្រូវបានកកាយឃើញក្នុងប្រទេសបុតស្វាណា ជារតនៈសម្បត្ដិដ៏កាន់ធំមួយទៀតជាងដុំពេជ្រយក្ស ដែលត្រូវបានជីកក្នុងប្រទេសនេះ កាលពីមួយខែមុន។
ការរកឃើញថ្មីចុងក្រោយ ដែលមានទំហំប៉ុនបាតដៃមនុស្សប្រុស ត្រូវបានប្រទះឃើញកាលពីថ្ងៃទី ១២ ខែមិថុនា ដោយក្រុមហ៊ុនរុករកត្បូងពេជ្រកាណាដា Lucara និងបានបង្ហាញទៅដល់គណរដ្ឋមន្ដ្រីរបស់ប្រទេសក្នុងទីក្រុងហ្គាបូរ៉ូន កាលពីថ្ងៃពុធ។
នាយកគ្រប់គ្រងក្រុមហ៊ុន អ្នកស្រី ណាស៊ីម ឡារី បាននិយាយថា៖ «នេះគឺជាប្រវត្ដិសាស្ដ្រសម្រាប់យើង ក៏ដូចជាបុតស្វាណាផងដែរ។ តំបន់រ៉ែពេជ្រនេះ គឺស្ថិតក្នុងលំដាប់ទី៣ ក្នុងចំណោមរ៉ែត្បូងធំៗបំផុតក្នុងលោក»។
អ្នកស្រី ឡារី បានប្រាប់ AFP ថា៖ «ទាក់ទងនឹងទំហំដ៏ធំរបស់ត្បូងពេជ្រ វាពិតជាស្ថិតក្នុងលំដាប់ទី៣ ប្រាកដមែន»។
កាលពីខែមុន ក្រុមហ៊ុនរ៉ែពេជ្របុតស្វាណា Debswana បានឱ្យដឹងថា ខ្លួនបានរកឃើញត្បូង «ធំបំផុតទី៣» ក្នុងពិភពលោក ដែលមានទំហំ ១ ០៩៨ ការ៉ាត់ កាលពីថ្ងៃទី ១ ខែមិថុនា។
ការរកឃើញចុងក្រោយនេះ បានធ្វើឱ្យ បុតស្វាណា ក្លាយជាប្រទេសឈានមុខលើវិស័យត្បូងពេជ្រធំបំផុតក្នុងលោក ដោយមានត្បូង ៦ គ្រាប់ក្នុងចំណោមបញ្ជីកំពូលត្បូងធំៗ ១០ គ្រាប់។
ដុំពេជ្រធំបំផុតដែលត្រូវបានរកឃើញលើផែនដី គឺជាត្បូង Cullinan ទំហំ ៣ ១០៦ ការ៉ាត់ នៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ១៩០៥។ ផ្នែកខ្លះនៃត្បូងនោះត្រូវបានប្រើជាគ្រឿងតុបតែងមកុដចក្រភពអង់គ្លេស។
ប្រធានាធិបតី ម៉ុកវីតស៊ី ម៉ាស៊ីស៊ី កាលពីថ្ងៃពុធ បានស្វាគមន៍ចំពោះភាពរីករាយនេះ និងអបអរចំពោះការរកឃើញរតនៈសម្បត្ដិដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេស ដោយបានសន្យាថា ប្រទេសនៅអាហ្វ្រិកខាងត្បូងមួយនេះនឹងកាន់តែរុងរឿង។
បុតស្វាណា គឺជាប្រទេសផលិតត្បូងពេជ្រឈានមុខមួយនៅតំបន់អាហ្វ្រិក៕ AFP/HR