ខេត្តតាកែវ៖ ដោយសារមិនចង់ទុកចោលនូវកាកសំណល់នៃផ្លែដូង ក្រៅពីទាញយកផលជាទឹក និងសាច់នោះ ទើបស្ថាបនិកនៃមណ្ឌលសិប្បកម្មដូងតាកែវ បានខិតខំរិះរកវិធីច្នៃប្រឌិតរហូតអាចទាញយកបានប្រយោជន៍ពីស្រកីដូង និងត្រឡោក (លលាដ៍ដូង) បន្ថែម ដើម្បីចូលរួមបង្កើតការងារនៅក្នុងសហគមន៍ លើកស្ទួយជីវភាពប្រជាជនមួយកម្រិតទៀត។
នេះគឺជាការច្នៃប្រឌិតថ្មីមួយទៀត របស់សហគមន៍ប្រជាពលរដ្ឋរស់នៅក្នុងភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចំនួនប្រមាណ ៤២ នាក់ តាមរយៈការជួយផ្តួចផ្តើមគំនិត និងទទួលយកផលិតផលច្នៃរួចមកវិញពីមណ្ឌលសិប្បកម្មដូងតាកែវ។
លោក មាគ ស៊ន ជាប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានរៀបរាប់អំពីដំណើរការនៃការច្នៃស្រកីដូង និងត្រឡោក (លលាដ៍ដូង) មកធ្វើជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ដូចជាស្បែកជើង (ទ្រនាប់ជើង) ទ្រនាប់ចាន ទ្រនាប់កែវ និងគ្រឿងអលង្ការផ្សេងៗនោះថា៖ «ដើមឡើយ គឺលោក អូលីវីយេ ដែលជាស្ថាបនិកមណ្ឌលសិប្បកម្មដូងតាកែវ បង្កើតឡើងដោយព្រះសហគមន៍កាតូឡិចកម្ពុជា។ លោកមិនចង់ឃើញទុកចោលកាកសំណល់នៃស្រកីដូង និងត្រឡោកដូង ទើបលោកខិតខំរិះរកវិធីច្នៃវា។ ក្រោយមកក៏រកឃើញវិធីយកសរសៃស្រកីដូង ដែលរឹងមាំល្អ មកតម្រៀប និងតគ្នាជាខ្សែវែងៗ ហើយយកមកត្បាញជាផ្ទាំងដូចជាផ្ទាំងសរសៃក្រណាត់អំបោះ និងជាចុងក្រោយ ទើបយើងយកទៅកាត់ជារូបរាងស្បែកជើង (ទ្រនាប់ជើង) និងទ្រនាប់ចាន ឬទ្រនាប់កែវ តាមការចង់បាន។ ចំណែកឯត្រឡោកដូងវិញ យើងជ្រើសយកត្រឡោកដូងណា ដែលមានភាពរឹងមាំល្អ ទើបរក្សាទុក ដើម្បីយកមកច្នៃជាគ្រឿងអលង្ការនានាតាមការកុម្ម៉ងដែរ»។
ប្រធានមណ្ឌលសិប្បកម្មដូងតាកែវរូបនេះបន្តថា៖ «សព្វថ្ងៃនេះ បងប្អូន ដែលធ្វើការងារនៅមណ្ឌលយើងមានចំនួន ៤២ នាក់ ទាំងប្រុសទាំងស្រី ដោយភាគច្រើនជាស្រ្តី និងមានជនពិការ ២ នាក់ដែរ។ យើងមានសរសៃស្រកីដូង ជូនពួកគាត់ ដើម្បីយកទៅតគ្នា និងត្បាញជាដុំៗ ដូចជាសរសៃក្រណាត់អំបោះ សម្រាប់ការច្នៃជាទ្រនាប់ជើង ទ្រនាប់ចាន និងទ្រនាប់កែវ។ ហើយសរសៃស្រកីដូងនោះ គឺវាសល់មកពីការងារច្នៃផ្សេងមួយទៀតរបស់យើង គឺធ្វើជីកំប៉ុសពីកម្ទេចស្រកីដូងនោះ»។
បើទោះបីចង្វាក់ផលិតកម្មនៃសិប្បកម្មដូងតាកែវ ដែលច្នៃស្រកីដូង ទៅធ្វើជាស្បែកជើង ទ្រនាប់កែវ ទ្រនាប់ចាន និងត្រឡោកដូង មិនសូវមានគេស្គាល់ច្រើន និងគាំទ្រច្រើននៅឡើយមែនក្តី តែវាជាគំនិតច្នៃប្រឌិតមួយ មានអត្ថប្រយោជន៍ច្រើនបានចូលរួមបង្កើតការងារ ក្នុងសហគមន៍ និងអាចរកប្រាក់កម្រៃបន្ថែមមួយកម្រិតទៀតជួយជីវភាពផងដែរ។
លោក មាគ ស៊ន ក៏ប្រាប់ឱ្យដឹងពីតម្លៃនៃស្បែកជើង និងទ្រនាប់កែវ ទ្រនាប់ចាន ដែលច្នៃពីស្រកីដូង នោះថា៖ «ស្បែកជើង ដែលសហគមន៍មណ្ឌលដូងតាកែវ ច្នៃមានប្រភេទ គឺការច្នៃតាមធម្មតា និងច្នៃបែបពិសេសតាមតម្រូវការភ្ញៀវ ដោយតម្លៃស្បែកជើងស្រកីដូងធម្មតានោះ លក់ចន្លោះពីតម្លៃ ១២ ដុល្លារ ទៅ ១៥ ដុល្លារ ក្នុង ១ គូ ឯស្បែកជើងស្រកីដូងច្នៃពិសេសមានតម្លៃ ១៧ ដុល្លារ ក្នុង ១ គូ។ ចំណែកទ្រនាប់ចាន ឬទ្រនាប់កែវ និងទ្រនាប់ផ្សេងៗនោះ ក៏មាន ២ ប្រភេទនៃការច្នៃដែរ ដោយទ្រនាប់ស្រកីដូងច្នៃធម្មតា វាមានតម្លៃចន្លោះពី ៨ ដុល្លារ ទៅ ១០ ដុល្លារ ខណៈទ្រនាប់ច្នៃពីស្រកីដូងបែបពិសេសវិញនោះ ១ មានតម្លៃ ១២ ដុល្លារ»។
ចំពោះបងប្អូនចាប់អារម្មណ៍ចង់បានស្បែកជើង ឬគ្រឿងទ្រនាប់ផ្សេងៗច្នៃពីស្រកីដូង ដែលមាននៅមណ្ឌលសិប្បកម្មដូងតាកែវ បានបង្កើតតាំងពីឆ្នាំ ២០១៦ មក ដែលផ្ដួចផ្ដើមរបស់លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូឡិចប្រចាំភូមិភាគភ្នំពេញ មានទីតាំងស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ឬក៏អាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 010 956 250៕