ភ្នំពេញ៖ ឈាមពិតជាចាំបាច់បំផុតសម្រាប់ការវះកាត់ជួយសង្គ្រោះជីវិត ហើយខណៈកូវីដបានបង្កការលំបាកចំពោះពលរដ្ឋទូទៅក្នុងការស្វែងរកសេវាសុខភាព ការបរិច្ចាគឈាមក្លាយជាបញ្ហាប្រឈមសម្រាប់ការប្រើនៅតាមគ្លីនិកនានា។
ទន្ទឹមនឹងនេះ អង្គការបេះដូងជប៉ុនកំពុងជួបបញ្ហាខ្វះឈាម ខណៈដែលមានតម្រូវការវះកាត់ឈាមកើនឡើងនៅកម្ពុជា។
ទោះបីជាម្ចាស់ជំនួយតែងតែផ្ដល់ការឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាហូរហែទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន ដែលបង្កើតលទ្ធភាពនៃការវះកាត់សង្គ្រោះជីវិតកុមាររហូតដល់ទឹកដីជប៉ុន បញ្ហាកង្វះឈាមអាចរារាំងកុមារមហារីកនៅមន្ទីរពេទ្យបេះដូងជប៉ុនជាច្រើនពីឱកាសវះកាត់សំខាន់។
កញ្ញា រ៉េមី ហូរីកាវ៉ា ជាមន្ដ្រីទំនាក់ទំនងរបស់អង្គការបេះដូងជប៉ុន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ឈាមសំខាន់បំផុត។ អ្នកជំងឺមហារីកកុមារីរបស់យើងពឹងអាស្រ័យទាំងស្រុងលើការបញ្ចូលឈាមចំពោះនីតិវិធីនៃការព្យាបាលពួកគេ»។
យោងតាមអង្គការបេះដូងជប៉ុនបានឱ្យដឹងថា ការផ្គត់ផ្គង់ឈាមសម្រាប់ការវះកាត់នៅកម្ពុជា គឺជារឿងដ៏លំបាកមួយស្រាប់ទៅហើយ តែតម្រូវការឈាមកើនឡើង និងផលប៉ះពាល់នៃវិបត្ដិកូវីដសកលធ្វើឱ្យការបរិច្ចាគឈាមកាន់តែលំបាកចំពោះមន្ទីរពេទ្យនានាក្នុងការទទួលបានឈាម។
ប្រភពដដែលបានបន្ថែមថា អ្នកជំងឺតែងតែពឹងលើសមាជិកគ្រួសារដែលមានប្រភេទឈាមត្រូវគ្នា ហើយវាគ្មានអ្វីចម្លែកទេ ដែលបុគ្គលិកមន្ទីរពេទ្យបេះដូងជប៉ុន រមែងធ្វើការបរិច្ចាគឈាមជូនពួកគេនោះ។ ការធ្វើដំណើរទៅមន្ទីរពេទ្យក្នុងសម័យកូវីដនេះ ត្រូវបានរឹតបន្តឹងចំពោះអ្នកមកពីខាងក្រៅ ដែលធ្វើឱ្យការលើកទឹកចិត្ដបរិច្ចាគកាន់តែលំបាកថែមទៀត។
កញ្ញា ហូរីកាវ៉ា បានបន្ដថា៖ «ដោយសារតែយើងស្ថិតនៅឆ្ងាយពីរាជធានី មជ្ឈមណ្ឌលបរិច្ចាគឈាម (NBTC) នៅជិតបំផុតក៏ត្រូវធ្វើដំណើរជិត ២ ម៉ោងដែរ។ កុមារកើតមហារីកតែងតែតម្រូវឱ្យមានការបញ្ចូលឈាមច្រើនប្លោក ហើយក្រុមគ្រួសារពួកគេជាច្រើនពិបាកស្វែងរកអ្នកបំពេញតម្រូវការដ៏ច្រើននេះបានណាស់»។
ដើម្បីគាំទ្រដល់ដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) ក្នុងរាជធានីភ្នំពេញ អង្គការនេះបានបង្កើតយុទ្ធនាការនៅលើហ្វេសប៊ុក Japan Heart Blood Donation Friends-មិត្តភក្តិផ្តល់ឈាមអង្គការបេះដូងជប៉ុន ដើម្បីផ្ដល់នូវអ្នកបរិច្ចាគឈាមពីអ្នកជួយឧបត្ថម្ភ និងមហាជនទូទៅ។
ហ្វេសប៊ុកគ្រុប Japan Heart Blood Donation Friends-មិត្តភក្តិផ្តល់ឈាមអង្គការបេះដូងជប៉ុន ត្រូវបានបង្កើតឡើងដោយមន្ទីរពេទ្យផ្ទាល់ក្នុងខែមិថុនា ដើម្បីជួយសម្រួលដល់អ្នកចង់បរិច្ចាគឈាមក្នុងរាជធានីភ្នំពេញ ដែលអាចបរិច្ចាគនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដោយងាយស្រួល។
បច្ចុប្បន្ន ហ្វេសប៊ុកគ្រុបនេះ មានសមាជិក ៦០ នាក់ ហើយសមាជិក ១២ នាក់ បានធ្វើការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតដល់អ្នកជំងឺមហារីកកុមារនៅមជ្ឈមណ្ឌលបេះដូងជប៉ុន។
ពាក់អាវពណ៌លឿង និងម៉ាស់ពណ៌ខៀវផ្ទៃមេឃ ដែលនៅតែមើលឃើញថា អ្នកម្ដាយរូបនេះបង្ហាញស្នាមញញឹមនៅក្បែរកូនប្រកបដោយភាពកក់ក្ដៅ ស្ដ្រីរូបនេះ ត្រូវបានដកស្រង់សម្ដីលើហ្វេសប៊ុកមន្ទីរពេទ្យបេះដូងជប៉ុន ដោយបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ពីព្រោះខ្ញុំមិនធ្លាប់មាននរណាម្នាក់បរិច្ចាគឈាមដល់កូនខ្ញុំទេពីមុនមក។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះសប្បុរសជនទាំងអស់គ្នា»។
ក្នុងខែកក្កដានេះ លោកវេជ្ជបណ្ឌិត ហ៊ីដេតុ យូស៊ីអូកា ជាគ្រូពេទ្យវះកាត់កុមារ និងជាស្ថាបនិកអង្គការបេះដូងជប៉ុន រៀបចំរយៈពេល ២ សប្ដាហ៍ ធ្វើការវះកាត់អ្នកជំងឺកុមារដែលទន្ទឹងរង់ចាំការជួយឧបត្ថម្ភឈាមសង្គ្រោះជីវិតពួកគេ។
យោងតាមកញ្ញា រ៉េមី ហូរីកាវ៉ា បានឱ្យដឹងថា៖ «យើងដំណើរការយុទ្ធនាការនេះ ដោយគ្មានពេលកំណត់នោះទេ។ យ៉ាងណាមិញ យើងកំពុងត្រៀមធ្វើការវះកាត់ដល់អ្នកជំងឺជាកុមារដោយវេជ្ជបណ្ឌិត យូស៊ីអូកា ហើយវេលានេះ ពិតជាលំបាកចំពោះពួកគេក្នុងការទទួលបានឱកាសសង្គ្រោះជីវិត»។
មន្ទីរពេទ្យបេះដូងជប៉ុនបានបង្ហាញថា បច្ចុប្បន្ននៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានអ្នកជំងឺមហារីកកុមារជាង ៣០ នាក់ កំពុងទទួលការព្យាបាល។ រៀងរាល់ថ្ងៃ ពួកគេប្រឈមការលំបាកច្រើន ពីព្រោះនេះ គឺជាវិធីក្នុងការព្យាបាលដ៏ចាំបាច់ ដើម្បីសង្គ្រោះជីវិតពួកគេ និងជាផ្នែកសំខាន់នៃការប្រឆាំងជំងឺមហារីកដ៏មានប្រសិទ្ធភាព។
បុគ្គលិកមន្ទីរពេទ្យបេះដូងជប៉ុន បានឱ្យដឹងថា ពួកគេចង់បង្ហាញដល់ពលរដ្ឋកម្ពុជា ដែលមានការស្ទាក់ស្ទើរក្នុងការបរិច្ចាគឈាមថា វាគឺជាទង្វើប្រកបដោយសុវត្ថិភាព និងថែមទាំងទទួលបានសុខភាពល្អ ក៏ដូចជាអាចសង្គ្រោះជីវិតកុមារមហារីកទៀតផង។
ដោយសារតែកម្ពុជាកំពុងរងគ្រោះពីរលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ ការបរិច្ចាគឈាមអាចធ្វើឡើងតែនៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) ប៉ុណ្ណោះ។
មន្ដ្រីទំនាក់ទំនងរបស់អង្គការ ដែលទើបមកទទួលតំណែងថ្មី កញ្ញា ហូរីកាវ៉ា បានឱ្យដឹងថា៖ «អ្នកចង់បរិច្ចាគឈាមមិនអាចមកធ្វើការផ្ដល់ឈាមនៅមជ្ឈមណ្ឌលបេះដូងនោះទេ តែនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ កាលពីមុន យើងបានរៀបចំព្រឹត្ដិការណ៍ផ្ដល់ឈាមនៅមន្ទីរពេទ្យបេះដូងជប៉ុនផ្ទាល់ តែដោយសារបញ្ហាកូវីដ យើងមិនអាចធ្វើនៅទីនេះទៀតទេ»។
សម្រាប់ព័ត៌មានលម្អិតពីការបរិច្ចាគឈាម សុំចូលទៅកាន់ហ្វេសប៊ុកគ្រុប Japan Heart Blood Donation Friends មិត្តភក្តិផ្តល់ឈាមអង្គការបេះដូងជប៉ុន និងឆ្លើយសំណួរងាយៗចំនួន ៣ ជុំវិញការបរិច្ចាគឈាម ដើម្បីបញ្ចប់ការចុះឈ្មោះ។ អ្នកបានបញ្ចប់ការសិក្សាចុះឈ្មោះ នឹងត្រូវបានទាក់ទងដោយរដ្ឋបាលតាមរយៈសារហ្វេសប៊ុក។
កញ្ញា ហូរីកាវ៉ា បានបន្ដថា៖ «ចំពោះការបរិច្ចាគឈាម យើងនឹងទាក់ទងពួកគេ ១ ឬ ២ ថ្ងៃមុនមន្ទីរពេទ្យត្រូវការបញ្ចូលឈាម ហើយនៅថ្ងៃនោះ យើងនឹងជួបគ្នានៅមជ្ឈមណ្ឌលផ្ដល់ឈាមក្នុងរាជធានីភ្នំពេញតែម្ដង»។
ចំពោះព័ត៌មានលម្អិត សុំចូលទៅកាន់ហ្វេសប៊ុកមន្ទីរពេទ្យបេះដូងជប៉ុន @japanheart.hospital ឬតាមរយៈវេបសាយ https://www.japanheart.org/en/៕