
កសិដ្ឋានថាមពលសូឡាផ្គុំពីផ្ទាំងសូឡា ១២២០០០បន្ទះ ស្មើនឹងកីឡដ្ឋានបាល់ទាត់ ៤៥។ រូបថត AFP
ក្រុងសិង្ហបុរី៖ ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ បានបង្ហាញកសិដ្ឋានរោងចក្រថាមពលសូឡាបណ្ដែតទឹកដ៏ធំបំផុតមួយក្នុងលោក ដែលគ្របដណ្ដប់លើផ្ទៃដីទំហំប៉ុនកីឡដ្ឋានបាល់ទាត់ចំនួន ៤៥ ជាផ្នែកមួយនៃគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់របស់រដ្ឋមួយនេះ។
គម្រោងនេះគឺជាផែនការមហិច្ឆតារបស់ប្រទេសសិង្ហបុរី ដោយបានបំពាក់ផ្ទាំងសូឡា ១២២ ០០០ បន្ទះ នៅលើអាងស្ដុកទឹក Tengeh Reservoir ដែលនឹងផលិតថាមពលអគ្គិសនីគ្រប់គ្រាន់ក្នុងការដំណើរការរោងចក្រកែច្នៃទឹកស្អាតចំនួន ៥។
សិង្ហបុរីស្ថិតក្នុងប្រទេសបញ្ចេញឧស្ម័នកាបោឌីអុកស៊ីដ៏ធំមួយតាមដង់ស៊ីតេនៅអាស៊ី ហើយបញ្ហាខ្វះដីរបស់ប្រទេសតូចនេះធ្វើឱ្យជួបការលំបាកក្នុងការស្វែងរកប្រភពថាមពលកកើត។
មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រីកចម្រើនបានងាកមកបង្កើតរោងចក្រថាមពលនៅតាមសមុទ្រ និងអាងស្ដុកទឹកវិញ ហើយក៏មានបំណងផលិតថាមពលសូឡូកើនឡើង ៤ ដង នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ។

ទិដ្ឋភាពកសិដ្ឋានថាមពលសូឡាលើផ្ទៃទឹក ៤៥ហិកតាក្នុងអាងស្ដុកទឹក Tengehប្រទេសសិង្ហបុរី។ រូបថត AFP
កសិដ្ឋានថាមពលសូឡាថ្មីនេះ អាចផលិតអគ្គិសនីរហូតដល់ ៦០ មេហ្គាវ៉ាត់ ហើយនឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ស្មើនឹងការដករថយន្ដចេញពីផ្លូវ ៧ ពាន់គ្រឿង។ នេះបើយោងតាម Sembcorp Industries និងទីភ្នាក់ងារធនធានទឹកជាតិ PUB។
Sembcorp បានបង្កើតគម្រោងដែលគ្របដណ្ដប់លើផ្ទៃដីទឹកប្រមាណ ៤៥ ហិកតា ដោយមានការគាំទ្រពីទីភ្នាក់ងារធនធានទឹក។
នាយកប្រតិបត្ដិទីភ្នាក់ងារធនធានទឹក ង៉ ជូហ៊ីបាននិយាយថា៖ «ថាមពលសូឡាផលិតអគ្គិសនីស្អាត និងបៃតង និងជាគន្លឹះក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទាំងទីភ្នាក់ងារ PUB និងទូទៅប្រទេសសិង្ហបុរី»។
សិង្ហបុរី ក៏បានបង្កើតរោងចក្រថាមពលសូឡាមួយនៅ Johor Strait ដែលបានខ័ណ្ឌចែករដ្ឋដែនកោះពីប្រទេសម៉ាឡេស៊ី ក៏ដូចជារោងចក្រថាមពលនៅលើដីគោកផងដែរ។

កសិដ្ឋានថាមពលសូឡាផ្គុំពីផ្ទាំងសូឡា ១២២០០០បន្ទះ ស្មើនឹងកីឡដ្ឋានបាល់ទាត់ ៤៥។ រូបថត AFP
រដ្ឋាភិបាលកាលពីខែកុម្ភៈបានបង្ហាញ «ផែនការបៃតង» ដែលណែនាំកម្មវិធីជាច្រើនដូចជាការដាំដើមឈើកាត់បន្ថយសំរាមចាក់នៅលើគំនរសំរាម និងកសាងកន្លែងសាកថាមពលបន្ថែមដើម្បីលើកទឹកចិត្ដការប្រើប្រាស់រថយន្ដអគ្គិសនី។
សិង្ហបុរីបានប្ដេជ្ញាសម្រេចគោលដៅការបញ្ចេញឧស្ម័នដល់កម្រិតសូន្យឱ្យបានឆាប់បំផុតនៅត្រឹមពាក់កណ្ដាលសតវត្សរ៍ទី២១។
ក្រុមអ្នករិះគន់បាននិយាយថា គោលបំណងរបស់រដ្ឋមួយនេះស្ថិតនៅពីក្រោយបណ្ដាប្រទេសអភិវឌ្ឍដទៃទៀត ហើយប្រទេសនេះមិនទាន់បានខិតខំប្រឹងប្រែងសម្រេចមហិច្ឆតាបរិស្ថានរបស់ខ្លួននៅឡើយទេ៕ AFP/HR

ទិដ្ឋភាពកសិដ្ឋានថាមពលសូឡាលើផ្ទៃទឹក ៤៥ហិកតាក្នុងអាងស្ដុកទឹក Tengehប្រទេសសិង្ហបុរី។ រូបថត AFP