
បណ្ដុំគ្រឿងអលង្ការ Harvest ច្នៃម៉ូដដោយប្រើគោលគំនិត។ រូបថត សហការី
ភ្នំពេញ៖ Garden of Desire ប្រែថា «សួននៃសេចក្តីប្រាថ្នា» គឺជាវិចិត្រសាលនៃការរចនាម៉ូដគ្រឿងអលង្ការប្រកបដោយភាពច្នៃប្រឌិត ជាមួយវត្ថុធាតុដើមរាប់តាំងពីលោហៈប្រាក់រហូតទៅដល់ថ្មធម្មជាតិពណ៌ចម្រុះស្អាតទាក់ភ្នែក ដែលធ្វើឱ្យអ្នកប្រទះភ្នែកឃើញ នឹកភ្នកចង់ដឹងពីគំនិតសាវតារនៃការចេញម៉ូដនីមួយៗនេះឡើង។
ម៉ូដមួយក្នុងចំណោមម៉ូដពិសេសៗរបស់ហាងនោះ គឺចិញ្ចៀន វល្លិ៍រពាក់ធ្វើពីប្រាក់ (Rattan vine silver ring) មានរាងរង្វេលនៅពេលពាក់លើម្រាមដៃ។ ភាពលេចធ្លោរបស់វាត្រូវបានទទួលការបកស្រាយពីសហស្ថាបនិកថា វាជាការរំឭកដល់តម្បាញខ្មែរ។
ប្រជាជនច្រើនតែយករពាក់ ឫស្សី ធ្វើកញ្ច្រែង ល្អី ឬក្រណាត់សូត្រមកត្បាញជាសម្លៀកបំពាក់ផ្សេងៗ ហើយរពាក់ គឺជាធនធានធម្មជាតិសំខាន់មួយក្នុងអាជីវកម្មប្រពៃណីមួយនេះ។

ជាងទងផ្ចិតផ្ចង់ផលិតគ្រឿងអលង្ការ Garden of Desire។ NATALY LEE
សហស្ថាបនិក Garden of Desire លោក លី ពិសិដ្ឋ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំបង្កើតម៉ូដភ្ជាប់នឹងឫសគល់កម្ពុជាដែលទាំងអបអរចំពោះការបង្កើតនូវបេតិកភណ្ឌវប្បធម៌ហើយក៏ទៅលើសិល្បៈឌីហ្សាញ ស្ថាបត្យកម្ម តន្ត្រី និងធម្មជាតិ។ ការរស់នៅប្រចាំថ្ងៃ និងរបស់ជុំវិញខ្លួនខ្ញុំក៏ជាកម្លាំងជំរុញចិត្តមួយ»។
បទពិសោធនៃការបាត់បង់មនុសុ្សជាទីស្រឡាញ់ជាច្រើននាក់នៅសម័យសង្គ្រាមលោក ពិសិដ្ឋ ហាក់បាត់បង់ខ្លួនឯងមួយផ្នែកធំ។ ប៉ុន្តែ Garden of Desire ជាការបង្កើតភាពស្រស់ស្អាតឡើងវិញ និងតំណាងពីការពុះពាររបស់លោកក្នុងការបើកចិត្តស្រឡាញ់ទឹកដីកំណើត បន្ទាប់ពីភាពជូរចត់ដែលបានកើតឡើង។
សហស្ថាបនិកខ្មែរ-បារាំងរូបនេះថា៖ «ដើមចមនៃ Garden of Desire គឺត្រឡប់ទៅជិត ៥ ទសវត្សរ៍មុន នៅពេលខ្ញុំនៅជាកុមារា និងត្រូវបានបំបែកពីឪពុកម្ដាយហើយជម្លៀសទៅថៃ បន្ទាប់មកបារាំង»។
លោកបានរំឭកប្រាប់ពីវេលាដ៏លំបាកថា៖ «នៅវ័យ ២០ ឆ្នាំជាងរស់នៅទីក្រុងប៉ារីស ខ្ញុំបានរកឃើញការលួងលោមតាមរយៈការបង្កើតដោយដៃ និងជាអ្វីដែលខ្ញុំចូលចិត្តនោះ គឺការឌីហ្សាញ។
បន្ទាប់ពីចំណាយពេលរៀនទាំងសិល្បៈក្រាហ្វិក និងការតុបតែងច្រើនឆ្នាំ បន្ទាប់មកខ្ញុំក៏បានធ្វើជាអ្នកច្នៃម៉ូដផលិតផលក្រុមហ៊ុនយីហោអន្តរជាតិនៅក្រុងប៉ារីស ដូចជា អេឡេន មេកគឺ (Alain Mikli) ស្តាក (Starck) ជាដើម»។
អាជីពរបស់លោកបានធ្វើឱ្យលោកជួបកញ្ញា អេកណេស លីម (Agnes Lim) ជាអ្នកអភិរក្ស និងអ្នកធ្វើអលង្ការនៅសិង្ហបុរី។ ស្វែងយល់ពីចំណូលចិត្តដូចគ្នាលើគ្រឿងអលង្ការបានធ្វើឱ្យពួកគាត់សហការគ្នាបង្កើត Garden of Desire នៅឆ្នាំ ២០០៨ នៅកម្ពុជា។
លោកឱ្យដឹងពីគោលបំណងនៃជំនួញផលិតគ្រឿងលម្អកាយនេះដែរថា៖ «យើងមិនមែនបង្កើតវាឱ្យគ្រាន់តែជាគ្រឿងអលង្ការប៉ុណ្ណោះទេ។ យើងក៏ចង់ជួយដល់សិប្បករវ័យក្មេង និងជំនួយការផ្នែកលក់ដែលយើងបណ្តុះបណ្តាលដែរ»។
គ្រឿងអលង្ការមួយៗទាំងជាខ្សែក ខ្សែដៃ កងដៃ ក្រវិល និងចិញ្ចៀនត្រូវបានច្នៃឡើងដោយមានសាច់រឿងរបស់វារៀងៗខ្លួន។ អតិថិជនមានប្រវត្តិរឿងរ៉ាវជីវិតផ្សេងៗគ្នាចាប់កាន់នូវគ្រឿងអលង្ការ និងទទួលបាននូវទំនាក់ទំនងរឿងក្នុងកម្រិតផ្សេងៗគ្នា។ នេះអាចជាការបង្កើតឧទ្យាននៃសេចក្ដីប្រាថ្នាដោយខ្លួនឯងរបស់ពួកគេ។
ក្រុមបុគ្គលិក និងសហស្ថាបនិកទាំង ២ ធ្វើដោយដៃផ្ទាល់សម្រាប់គ្រប់ម៉ូដទាំងអស់ពីការគូរ រហូតទៅដល់ផលិតផលសម្រេច។
លោក ពិសិដ្ឋ បានលើកឡើងថា៖ «ខ្ញុំមិននិយាយថា ម៉ូដពួកយើងពិសេសជាងគេទេ ពីព្រោះអ្នកធ្វើគ្រឿងអលង្ការមួយៗសុទ្ធតែធ្វើដោយយកចិត្តទុកដាក់ និងខ្ញុំមានការគោរពគ្រប់ម៉ូដរបស់ពួកគាត់»។

អេកណេស លីម ជាអ្នកអភិរក្ស និងអ្នកធ្វើគ្រឿងអលង្ការនៅសិង្ហបុរី និងសហស្ថាបនិក Garden of Desire លោក លី ពិសិដ្ឋ។ រូបថត សហការី
លោកបន្តថា៖ «សម្រាប់ខ្ញុំផ្ទាល់ ម៉ូដនៅក្នុង Garden of Desire ជាស្នាដៃចម្លាក់ និងគ្មានទីបញ្ចប់។ វាជាការបង្កើតដែលគួរឱ្យទាក់ទាញអារម្មណ៍ និងប្រកបដោយអត្ថន័យសម្រាប់អ្នកពាក់»។
Garden of Desire ប្រៀបបានទៅនឹងកំណប់ទ្រព្យ ហើយអតិថិជនដឹងនូវអ្វីដែលពួកគេចង់បាន និងជ្រើសរើសយកបំណែកណាមួយ ដែលសមនឹងពួកគេបំផុត។ ដូច្នេះហើយ លោក ពិសិដ្ឋ បានបញ្ជាក់ថា មិនមានម៉ូដណាពេញនិយមជាងម៉ូដមួយណាទេ។
Garden of Desire មាន ២ សាខានៅសៀមរាប និងភ្នំពេញ ដោយមានការបោះដុំ និងលក់រាយ។
បច្ចុប្បន្នលោក ពិសិដ្ឋ កំពុងរង់ចាំការបើកសាខានៅភ្នំពេញឡើងវិញ តែលោកក៏មានការដាក់លក់គ្រឿងអលង្ការខ្លះៗនៅសណ្ឋាគារ រ៉ូសវូត និងហាង Trunkh Concept ដែរ។
លោក ពិសិដ្ឋ រៀបរាប់ទាំងក្រៀមក្រំថា នេះគឺជាចំណុចធ្លាក់ចុះទាបបំផុតរបស់លោកក្នុងអាជីវកម្មជាង ១៣ ឆ្នាំកន្លងមក ហើយលោកពិតជាខូចចិត្តដែលឃើញអាជីវកម្មបិទទ្វារជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនខ្មែរជាច្រើន និងជនបរទេសចាត់ទុកកម្ពុជា គឺជាផ្ទះរបស់ពួកគេ។
ហាងមិនអាចរកចំណូលបានតាំងពីដើមឆ្នាំ ២០២០ តែលោក និង អេកណេស នៅតែខិតខំព្យាយាមស្រោចស្រង់ក្រុមការងាររបស់ពួកគេតាមរយៈប្រាក់សន្សំ។
លោក ពិសិដ្ឋ បានឱ្យដឹងទៀតថា៖ «ក្រុមបុគ្គលិកយើងពួកគាត់ហាក់ដូចជាគ្រួសារ។ ពួកគាត់នៅជាមួយយើងជាង ១ ទសវត្សរ៍មកហើយ។ ហេតុនេះយើងនៅតែបន្តធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីជួយពួកគាត់។ ប៉ុន្តែយើងក៏មិនដឹងថា យើងអាចនឹងទៅបានឆ្ងាយប៉ុនណាដែរ»។
ស្ថាបនិក Garden of Desire រូបនេះបានលើកឡើងថា៖ «យ៉ាងណាមិញ ពួកយើងនៅតែប្រឹងបង្កើត និងច្នៃម៉ូដខូលិកសិនថ្មីៗដូចជា ការចងចាំនៃទឹកដី (Memories of landscapes) ដោយគ្រោងនឹងចេញឆាប់ៗនេះ។ យើងក៏ព្យាយាមបង្កើតឱកាសភ្ជាប់ទំនាក់ទំនងនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សិង្ហបុរី និងពង្រីកសមត្ថភាពវេបសាយយើងបន្ថែមទៀត»។
សម្រាប់ព័ត៌មានបន្ថែមអំពីគ្រឿងអលង្ការ Garden of Desire លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកតាមរយៈ @gardenofdesire៕