ក្រុងតូក្យូ៖ ទឹកជ្រោះមួយរចនាឡើងពីអំពូលភ្លើងរត់ប្រដេញលើផ្ទៃថ្ម ខណៈដើមផ្កាអាហ្សាលាត្រូវបានតុបតែងភ្លើងពណ៌ជះស្រមោលនៅពិព័រណ៍សិល្បៈឌីជីថលមួយក្នុងព្រៃប្រទេសជប៉ុន។
សិល្បៈតម្លើងពន្លឺភ្លើងពណ៌ដែលរំលេចនូវទស្សនីយភាពផ្ការីកស្គុះស្គាយ ត្រីកូយយក្ស និងអក្សរផ្ចង់ប្រពៃណី បានផុសត្រដែតឡើងនាពេលងងឹត ដែលបង្កើតបានជាភាពទាក់ទាញនៅពិព័រណ៍ដែលផ្ដោតសំខាន់លើធម្មជាតិ និងបច្ចេកវិទ្យា។
ពិព័រណ៍នេះស្ថិតនៅក្នុងតំបន់ភ្នំឃ្យូស៊ុ ភាគខាងត្បូងប្រទេសជប៉ុន គឺជាសិល្បៈតម្លើងពីសហករសិល្បៈ teamLab។ ពួកគេមានឈ្មោះបោះសំឡេងល្បីល្បាញលើឆាកអន្ដរជាតិចំពោះពិព័រណ៍ទាក់ទាញចំណាប់អារម្មណ៍ដោយបំពាក់បរិក្ខាបញ្ចាំងរូបភាព សោតទស្សន៍ និងការឌីហ្សាញយ៉ាងផ្ចិតផ្ចង់។
តាកាស៊ិ គូដុ សមាជិក teamLab បានប្រាប់ AFPថា៖ «ជួនកាល មនុស្សយើងគិតថា សិល្បៈឌីជីថល និងធម្មជាតិជាពីរផ្សេងគ្នាស្រឡះ។ ប៉ុន្ដែជាមួយគ្នានេះ យើងគិតថា ឌីជីថល និងធម្មជាតិងាយស្រួលក្នុងការច្របាច់បញ្ចូលគ្នា ដោយសារទឹកថ្នាំគំនូររបស់យើងគឺជាពន្លឺភ្លើង។ ដូច្នេះ យើងមិនបំផ្លាញធម្មជាតិ យើងមិនគូរលើដើមឈើ ឬថ្មផ្ទាល់ នៅពេលថ្ងៃ វានឹងបាត់ មើលមិនឃើញឡើយ»។
ពិព័រណ៍ ដែលបើកសម្ពោធនៅថ្ងៃសុក្រ និងបន្ដរហូតដល់ថ្ងៃទី ៧ ខែវិច្ឆិកា ស្ថិតក្នុងឧទ្យានមួយដែលហ៊ុំព័ទ្ធដោយព្រៃបុរាណក្នុងតំបន់សាហ្គាក្បែរណាហ្គាស៊ីគិ។
សេនស័របង្កប់ក្នុងព្រៃផ្កាអាហ្សាលាក្រាសៗនឹងមើលឃើញ ពេលមនុស្សដើរកាត់ ដោយបញ្ជូនពន្លឺភ្លើងភ្លិបភ្លែតរត់កាត់ដើមឈើនៅជុំវិញពួកគេ។
នៅលើផ្ទៃស្រះទឹក ដែលរំលេចនូវពន្លឺភ្លើងបង្កប់ពណ៌ស្វាយចាស់ លឿង និងបៃតង ជះពន្លឺចាំងឆ្លុះស្រមោលដើមឈើយ៉ាងស្រស់ស្អាត។ នៅក្នុងផ្ទះបោះបង់ចោលមួយ ទម្រង់ថ្មធំមួយផុសផុតផ្ទៃដី ដែលរំលេចនូវពន្លឺភ្លើងពីទីងងឹត។
លោក គូដុ បាននិយាយថា លោកសង្ឃឹមថា ពិព័រណ៍សិល្បៈតម្លើងពន្លឺភ្លើងពណ៌នេះ មានចំណងជើងថា «teamLab:ព្រៃឈើដែលអាទិទេពគង់នៅ» នឹងបង្កើតជាទស្សនីយភាពអស្ចារ្យសម្រាប់មហាជនក្នុងបរិស្ថានធម្មជាតិដ៏ត្រកាល។
លោកបានឱ្យដឹងថា៖ «ស្លឹកឈើហាក់ដូចជាមានពណ៌តែបៃតង តែសម្រាប់ពួកយើងវាជាអេក្រង់ប៉ុណ្ណោះ»៕ AFP/HR