ក្រុងស្ដុកខុល៖ មន្ដ្រីអ្នកនាំពាក្យពន្ធនាគារបានប្រាប់ AFP ថា អ្នកយាមគុក ២ នាក់ ត្រូវបានអ្នកទោស ២ នាក់ ចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ៩ ម៉ោង កាលពីថ្ងៃពុធ ដោយទាមទារភីហ្សាជាថ្នូរនឹងការដោះលែង។
អ្នកនាំពាក្យពន្ធនាគារឈ្មោះ ស្ទីណា លីលេស៍ បាននិយាយថា បុគ្គលិកឆ្មាំគុកអត់មានរបួសអ្វីទេ ហើយពួកគេអាចវិលត្រឡប់ទៅផ្ទះជួបជុំគ្រួសារដោយសុវត្ថិភាព។
មន្ត្រីពន្ធនាគារម្នាក់ទៀតឈ្មោះ ថូខែល អូមនែល បាននិយាយទៀតថា អ្នកទោសទាំង ២ នាក់ ជាប់ពន្ធនាគារពីបទឃាតកម្មនៅឯពន្ធនាគារសន្តិសុខខ្ពស់ Hallby ជិតក្រុង Eskilstuna បានបន្លំខ្លួនចូលដល់តំបន់បម្រុងទុកសម្រាប់តែឆ្មាំយាមនៅម៉ោងប្រហែល ១២ និង ៣០ នាទីរសៀល។
ទៅដល់ភ្លាម អ្នកទោសទាំង ២ នាក់នោះ បានចាប់ឆ្នាំគុក ២ នាក់ ធ្វើជាចំណាប់ខ្មាំងដែលស្ថិតនៅក្នុងតំបន់នោះតែម្ដង។
លោក អូមនែល បាននិយាយប្រាប់ថា៖ «យើងបានបញ្ជូនអ្នកសម្រុះសម្រួលយ៉ាងរហ័ស ហើយក៏បានទូរស័ព្ទទៅប៉ូលិសភ្លាមៗ»។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតបានឱ្យដឹងថា អ្នកចាប់ចំណាប់ខ្មាំងបានធ្វើការទាមទារ ២ ចំណុច គឺឧទ្ធម្ភាគចក្រសម្រាប់រត់គេចខ្លួន និងនំភីហ្សាចំនួន ២០ បន្ទះ សម្រាប់ឲ្យអ្នកទោសផ្សេងទៀតទទួលទាន។
អ្នកនាំពាក្យពន្ធនាគាររូបនេះបានបញ្ជាក់ប្រាប់ថា៖ «ត្រូវហើយ ភីហ្សាត្រូវបានប្រគល់ជូនអ្នកទោស»។
ប៉ូលិសបាននិយាយថា អ្នកទោសទាំង ២ នាក់ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការសាកសួរពីបទចាប់ជំរិត៕ AFP/HR