ក្រុងឡុងដ៍៖ ជាងកាត់សក់នៅទូទាំងចក្រភពអង់គ្លេសកំពុងត្រូវបានជំរុញឱ្យធ្វើអ្វីៗដើម្បីបរិស្ថាន ដោយការកែច្នៃកម្ទេចសក់កាត់រួច ដើម្បីជួយសម្អាតការធ្លាយប្រេងចូលប្រភពទឹក ធ្វើជាជីកំប៉ុស ឬច្នៃជាថាមពលកកើតឡើងវិញ។
នៅសាឡនភាគខាងលិចក្រុងឡុងដ៍ លោក ហ្វ្រី ថេល័រ ជាស្ថាបនិកម្នាក់នៃសហករណ៍សាឡនបៃតង បង្ហាញពីកម្ទេចសក់ប្រើក្នុងតម្រងចម្រោះ។
សំណុំសក់ខ្ចប់សំណាញ់កប្បាសត្រូវបានទម្លាក់ក្នុងកូនអាងទឹកកញ្ចក់ ស្រាប់តែស្រូបជាតិកខ្វក់ និងប្រេង។
អតីតជាងកាត់សក់រូបនេះប្រាប់ AFP ថា៖ «សក់នឹងស្រូបយកតាមធម្មជាតិរបស់វា ហើយនេះ គឺជាកត្តាដ៏សំខាន់បំផុត»។
សក់មួយគីឡូអាចស្រូបយកប្រេងរហូតដល់ ៨ លីត្រ។
គំនិតនៃការប្រើប្រាស់សក់ជាតម្រងស្រូបបឺតប្រេង ត្រូវបានផ្ដួចផ្ដើមដំបូងនៅសហរដ្ឋអាមេរិក ហើយត្រូវបានអនុវត្តសាកល្បងរួចមកហើយនៅក្នុងគ្រោះមហន្តរាយពេលនាវាដឹកប្រេងជប៉ុន ១ គ្រឿង លិចនៅឆ្នេរសមុទ្រម៉ូរីស កាលពីឆ្នាំមុន។
សហករណ៍បានឱ្យដឹងថា កាកសំណល់ពីឧស្សាហកម្មកាត់សក់នៅចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំអាចចាក់បំពេញកីឡដ្ឋានបាល់ទាត់ ៥០។
សំរាមភាគច្រើនរួមមានក្រដាសអាលុយមីញ៉ូមស្រោបសក់ ទឹកថ្នាំប្ដូរពណ៌ និងសក់កាត់រួច ៩៩ ភាគរយ ត្រូវបានបញ្ជូនទៅកន្លែងចាក់សំរាម។
លោក ថេល័រ បន្ដថា៖ «បច្ចុប្បន្ននៅអង់គ្លេសមានប្រមាណ ៣ ម៉ឺនហាងសាឡន និងជាងសាឡន ១០ ម៉ឺននាក់ ដែលកំពុងតែចាក់អ៊ីដ្រូហ្ស៊ែនពែរ៉ូស៊ីដ និងអាម៉ូញាក់ទៅក្នុងទឹក។
ជាងកាត់សក់ អាដាម រីដ ជាម្ចាស់ហាងសាឡនមួយនៅសង្កាត់ស្ពីដ-ថលហ្វៀលស៍ ឯក្រុងឡុងដ៍ គឺជាអ្នកប្ដូរផ្ដាច់នឹងបេសកកម្មកែច្នៃសំរាម ហើយថែមទាំងបានពន្យល់សកម្មភាពសាឡនជួយបរិស្ថាននេះដល់អតិថិជនទៀតផង។
លោក អាដាម ដែលមិនស្ដាយនឹងចំណាយ ១៩០ ដុល្លារ ចូលជាសមាជិកសហករណ៍សាឡនបៃតងនិយាយថា៖ «វាបានធ្វើឱ្យខ្ញុំដឹងថា ចីរភាពក្នុងហាងសាឡន គឺជាអ្វីដែលយើងមើលរំលង និងពុំបានអនុវត្តយូរហើយ»។
លោកបញ្ជាក់ថា៖ «យើងដាក់ធុង និងស្លាកបែងចែកប្រភេទសំរាមខុសៗគ្នា ដូចជា សក់ ក្រដាសអាលុយមីញ៉ូម និងថ្នាំប្ដូរពណ៌សក់ជាដើម ដើម្បីងាយស្រួលក្នុងការរកវា»។
បន្ថែមពីលើការប្រើសក់សម្អាតទឹកកខ្វក់ដោយប្រេង សក់ក៏អាចត្រូវបានប្រើប្រាស់ជាជីកំប៉ុស មានផ្ទុកអាសូតសម្បូរបែបជួយជីបំប៉នរុក្ខជាតិដ៏ល្អ។
សមាជិកសហករណ៍លោក រ៉ាយអេន ក្រូហ្វដ ជាម្ចាស់ហាងសាឡននៅក្រុងមីលធិន ឃីណេស ភាគពាយព្យនៃទីក្រុងឡុងដ៍ បានពិសោធយកសក់ដាំកូនស្ពៃក្ដោបនៅសួនច្បារ។
លោកនិយាយថា៖ «កម្ទេចសក់ដើរតួជារបាំងការពារជុំវិញកូនរុក្ខជាតិពីសត្វល្អិតចង្រៃ ហើយវាជួយផ្ដល់សំណើម និងជីវជាតិដល់ដី»។
កាលពីឆ្នាំមុន សាឡនប្រមាណ ៦០០ ហាងក្នុងចក្រភពអង់គ្លេស និងអៀរឡង់ចូលរួមសហករណ៍សាឡនបៃតង ដែលបានប្រមូលសក់ប្រហែល ៥០០ គីឡូក្រាម៕ AFP/HR