ក្រុង​ប៉ារីស៖ ហ៊ួន ហ៊ួន គឺជា​ខ្លា​ឃ្មុំ​ផេនដា​យក្ស​មួយ​ក្បាល​ដែល​ត្រូវបាន​ឱ្យ​បារាំង​ខ្ចីពីចិន​ បាន​ផ្ដល់​កំណើត​កូន​ភ្លោះ​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃនេះ។ នេះ​បើ​យោង​តាម​សួនសត្វ​ Beauval។

​អ្នក​គ្រប់​គ្រង​​សួន​សត្វ Zoo-Parc de Beauval ឃុំ Saint-Aignan ភាគ​កណ្ដាល​ប្រទេស​បារាំង លោក Rodolphe Delord បាន​និយាយថា​៖ «​កូន​ផេនដា​ទាំងពីរ​មាន​ពណ៌​ផ្កា​ឈូក។ ពួកវា​មាន​សុខភាព​ល្អ​បរិបូណ៌ និង​ធំធាត់​ល្មម​តាម​វ័យ។ ពួកវា​ពិត​ជា​អស្ចារ្យ​មែន​»។

ការ​បង្កាត់​ពូជ​ផេនដា ទាំង​នៅ​ក្នុង​សួន​ និង​ព្រៃ ពិត​ជា​បង្ក​ការលំបាក​ខ្លាំង ដោយសារ​ក្រុម​អ្នក​ជំនាញ​បាន​ឱ្យ​ដឹងថា ផេនដា​តិច​តួច​បំផុត​មាន​អារម្មណ៍​ចង់​បង្ក​កំណើត ឬ​ដឹង​ពីអ្វីដែល​ខ្លួន​ធ្វើ​ពេល​ពួកវា​ធ្វើ។

បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​ទៀត ទ្វារ​ទៅកាន់​ការ​បង្ក​កំណើត​ពិត​ជា​តូច​ចង្អៀត​ដោយសារ​ផេនដា​ញី​មាន​ចំណង់​តែ​ម្ដង​ក្នុង​មួយ​ឆ្នាំ​ចន្លោះ​ពី ២៤ ទៅ ៤៨ ​ម៉ោង​ប៉ុណ្ណោះ។

អ្នក​មើលថែផេនដា លូក​យក​កូន​ទើប​នឹងកើត​យក​ទៅ​រក្សា​ទុក​ ដើម្បីធានា​ឱ្យសុខភាពពួកវាមាំមួន។ AFP

ហ៊ួន ហ៊ួន និង​ដៃគូ យួន ហ្ស៊ី ជា​តារា​ល្បី​ប្រចាំ​សួន​សត្វ Beauval បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​បុគ្គលិក​សួន​សត្វ​កាលពី​ខែ​មីនា​ពេល​ពួកវា​ចាប់​ផ្ដើម​ចុះ​សម្រុង​គ្នា​ និង​បាន​រួមភេទ ៨​ដង​អំឡុង​ពេល​ចុង​សប្ដាហ៍។

ក្រុម​ពេទ្យ​សត្វ​ក៏​បាន​អនុញ្ញាត​ការ​បង្ក​កំណើត​សិប្បនិម្មិត​ ដើម្បី​ឱ្យ​កាន់តែ​ប្រាកដ​ចំពោះ​ពូជ​ថ្មី​របស់​ពួកវា។

កូន​ដំបូង​របស់​ ហ៊ួន ហ៊ួន ឈ្មោះ យួន ម៉េង ពេល​នេះ​មាន​ទម្ងន់​ជាង ១០០​ គីឡូក្រាម និង​នា​ឆ្នាំ​នេះ ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ជាទី​ដែល​មាន​ខ្លា​ឃ្មុំ​ផេនដា​យក្ស​ប្រមាណ ១៨០០​ក្បាល​រស់​នៅ​ក្នុង​ព្រៃ​ និង​ប្រមាណ ៥០០​ ក្បាល​ទៀត​នៅ​ក្នុង​សួន​សត្វ។

កូន​តូចៗ​ទើប​កើត​ពី​ផ្ទៃ ហ៊ួន ហ៊ួន នឹង​មិន​ទាន់​ត្រូវបាន​ដាក់​ឈ្មោះ​នោះទេ​ រហូត​ដល់​ ១០០​ ថ្ងៃ​ ​ហើយ​ស្ដ្រី​ទីមួយ​ចិន ផេង លីយួន ភរិយា​របស់​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ជាអ្នក​ដាក់​ឈ្មោះ​ឱ្យ​ពួកវា​៕ AFP/HR​

មេផេនដា​ពាំកូន​ភ្លោះ ក្រោយពីទើបតែ​បង្កើតពួកវារួច។ AFP

មេ​ផេនដា​ប្រើ​ស្លឹកឫស្សី​ធ្វើសម្បុក​ត្រៀមស្វាគមន៍​កំណើត​កូន​ភ្លោះ នៅ​សួនសត្វ​បារាំង។ AFP