ភ្នំពេញ៖ នៅ​ទីបំផុត​កុន​​ភាគ​រឿង ​«ស្នាម​ស្នេហ៍​​សមុទ្ររាម» ដែល​ជា​ការ​ថត​សម្តែង​តួឯក​ដំបូង​​របស់​​​អតីត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០១៩ កញ្ញា សំណាង អេលីណា ​ជិត​ចាក់​បញ្ចាំង​​នៅ​តាម​​កញ្ចក់​ទូរទស្សន៍​ហើយ ក្រោយ​ពី​​បានចេញ​ Trailer នាពេល​ថ្មីៗ​នេះ។ ​

ចំពោះ​កុន​ភាគ​រឿង​ «ស្នាម​ស្នេហ៍​សមុទ្រ​រាម» ​គឺ​​កុន​ភាគ​មាន​ចំនួន​ ៤៥ ភាគ ​​ជា​ស្នាដៃ​និពន្ធ​ និង​​​ដឹកនាំ​សម្តែង​របស់​អ្នកស្រី ពាន់ ភួងបុប្ជា ​ដែល​ធ្លាប់​តែ​រួច​ម្តង​មក​ហើយ តែ​ដោយសារ​រឿង​នេះ​ ​ទទួល​​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ ទើប​​ធ្វើ​ឱ្យ​ផលិតករ​ជើង​ចាស់​ល្បី​ឈ្មោះ​រូប​នេះ សម្រេច​​ចិត្ត​​ថត​សា​ជាថ្មី​ឡើង​វិញ​​ កាល​ពី​ដំណាច់​ឆ្នាំ ២០២០​ កន្លង​មក​ ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ 

ស្រប​ពេល​​ទូរទស្សន៍​ ភីអិនអិន ​បង្ហាញ Trailer រឿង «ស្នាម​ស្នេហ៍​សមុទ្រ​រាម» ក៏​ដូច​​ជា​ បទ​​ចម្រៀង​​ក្នុង​រឿង​នេះ កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជាច្រើន​ បង្ហាញ​ចំណាប់​អារម្មណ៍ និង​ចង់​ទស្សនា​រឿង​នេះ ​ឆាប់​បំផុត ពី​ព្រោះ​ពួក​គេ​ចង់​ដឹង​ថា​ តើ​រឿង​ចាស់ ដែល​ថត​កាល​ពី ១៧ ឆ្នាំ មុន​ និង​រឿង​ថត​ថ្មី​ទើប​ថត​នេះ​ វា​នឹង​មាន​អ្វី​ខុស​ប្លែក​​គ្នា​បែប​ណា​ខ្លះ? ​​

រឿង «ស្នាម​ស្នេហ៍​សមុទ្រ​រាម» ថត​ថ្មី​នេះ​ ប្រជុំ​​​ដោយ​តួសម្តែង​ថ្មី​ចាស់ ដែល​មាន​​ទេពកោលស្យ​​សម្តែង​ល្អ ​មិន​ចាញ់​តួសម្តែង​មុនៗ​ឡើយ ដោយ​តួអង្គ​សំខាន់ៗ​រួម​មាន​លោក ពៅ ពិសិដ្ឋ លោក ខាត់ វ៉ៃហាំង លោក បញ្ញា សិទ្ធ ​កញ្ញា អឿន រ៉ូហ្សា និង​កញ្ញា​ សំណាង អេលីណា ជាដើម។

បើ​​តាម​ការ​ប្រកាស​ពី​គេហទំព័រ​ផ្លូវ​​ការ​របស់​ទូរទស្សន៍​ភីអិនអិន​ រឿង ​«ស្នាម​ស្នេហ៍​សមុទ្រ​រាម» ដែល​កញ្ញា សំណាង អេលីណា ថត​ជា​តួឯក​ស្រី ​ជាមួយ​​នឹង​តួឯក​ប្រុស​លោក ខាត់ វ៉ៃហាំង នឹង​​ផ្តើម​ចាក់​បញ្ចាំង​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​យប់​ថ្ងៃទី​ ១០ ខែ​ សីហា ឆ្នាំ​ ២០២១​ ខាង​មុខ​នេះ​។​

គេ​នៅ​ចាំ​​បាន​ថា ក្រោយ​​​វិល​ត្រឡប់​ពី​ការ​​​​ទទួល​​ភារកិច្ច​​ដ៏​ធំ​​ជា​តំណាង​​​បវរកញ្ញា​​​​ចក្កវាឡ​​​កម្ពុជា​ឆ្នាំ ​២០១៩​ ក៏​លេច​​ឮ​ដំណឹង​ដែរ​ថា កញ្ញា​ សំណាង អេលីណា ​មាន​​ផលិតកម្ម​កុន​ចំនួន​ ​២​ បាន​ផ្តល់​តំណែង​​​តួឯក​​​កុន​ឱ្យ​​នា​ដើម​ឆ្នាំ​ ២០២០​ តែ​​​កញ្ញា​មិន​អាច​ទទួល​ព្រោះ​​ជាប់​រវល់​​សិក្សា​​​​នៅ​​ថ្នាក់​មហាវិទ្យាល័យ​លើ​​ជំនាញ​​​​ទំនាក់​ទំនង​​​​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​​បញ្ញាសាស្ត្រ​​។​​

ស្រីស្រស់​សោភា​​វ័យ ​២០ ឆ្នាំ​ សំណាង អេលីណា ​​ជា​ម្ចាស់​ពាន​​​​​បវរកញ្ញា​​ចក្កវាឡ​កម្ពុជា​​​ឆ្នាំ ២០១៩​ បាន​​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​​​​ពី​​បច្ចុប្បន្នភាព​នៃ​ការងារ​​កញ្ញា​ផង​ដែរ​​​តាមរយៈ​​​អ្នក​​គ្រប់គ្រង។ បើ​តាម​ប្រភព​អ្នក​គ្រប់គ្រង​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​នោះ បាន​ឱ្យ​ដឹង​​ថា​៖ ​«​កាល​ពី​ដើម​ឆ្នាំ​ ២០២០ អេលីណា មាន​​​​​ផលិតកម្ម​កុន​ ​២​ បាន​​​​​ផ្តល់​កិត្តិយស​ឱ្យ​នាង​​​គ្រង​តំណែង​ជា​​តួឯក​​ទាំង​​ ​២ ​រឿង​។ តែ​​ អេលីណា មិន​​អាច​​ទទួល​​បាន​ព្រោះ​ជាប់​រវល់​រៀន​សាកល​វិទ្យាល័យ​​​។ ចំពោះ​សមត្ថភាព​​​សម្តែង​​កុន​ ​អេលីណា គាត់​អាច​ទៅ​រួច​ ព្រោះ​​គាត់​​​​​ក៏​មាន​ទេព​កោសល្យដែរ»៕​