
កំពូលអ្នកប្រណាំងរថយន្ត F1 ឈ្នះពានពិភពលោក ៧ ដងលោក Michael Schumacher។
ក្រុងប៉ារីស៖ កំពូលអ្នកប្រណាំងរថយន្ត F1 ឈ្នះពានពិភពលោក ៧ ដងលោក Michael Schumacher គឺជាប្រធានបទនៃខ្សែភាពយន្តឯកសារថ្មីរបស់ ក្រុមហ៊ុន Netflix ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ។
ខ្សែភាពយន្តដែលមានចំណងជើងថា «Schumacher» រំឭកពីខ្សែជីវិត និងអាជីពរបស់អ្នកកាន់ចង្កូតឡានប្រណាំងអាល្លឺម៉ង់ ដែលរូបលោកមិនត្រូវបានគេប្រទះឃើញនៅទីសាធារណៈទាល់តែសោះចាប់តាំងពីគ្រោះថ្នាក់របួសធ្ងន់ធ្ងរពីការជិះស្គីក្នុងឆ្នាំ ២០១៣។
ភាពយន្តឯកសារពីជីវិតរបស់លោកបានអះអាងថា នឹងលាតត្រដាតនូវ «បុគ្គលិកលក្ខណៈជាច្រើនកម្រិត និងអត្តចរិតជាច្រើនសណ្ឋានរបស់លោក» ។

ខ្សែភាពយន្តដែលមានចំណងជើងថា «Schumacher» រំឭកពីខ្សែជីវិត និងអាជីពរបស់អ្នកកាន់ចង្កូតឡានប្រណាំងអាល្លឺម៉ង់។
ភាពយន្តឯកសារនេះត្រូវបានសេចក្ដីប្រកាសព័ត៌មានចាត់ទុកថា ជាសាច់រឿងជីវិតជើងឯកប្រណាំងរថយន្តវ័យ ៥២ឆ្នាំ និងជា «ខ្សែភាពយន្តតែមួយគត់ ដែលគាំទ្រដោយក្រុមគ្រួសាររបស់គាត់»។
លោក Sabine Kehm ដែលជាអ្នកចាត់ការទូទៅរបស់ជើងឯកប្រណាំងរថយន្ត Schumacher បានពិពណ៌នាខ្សែភាពយន្តឯកសារនេះថាជា៖ «អំណោយរបស់ភរិយាលោកជូនដល់ស្វាមី ជាអំណោយពីកូនៗជូនឪពុកជាទីស្រឡាញ់របស់ពួកគេ»។
ភាពយន្តឯកសារនេះមានបទសម្ភាសន៍ផ្តាច់មុខជាមួយភរិយារបស់ Schumacher អ្នកស្រី កូរីណា និងកូនទាំង ២របស់លោកឈ្មោះ ជីណា និង មីក ដែលជាអ្នកបើកឡាន F1 ផ្ដើមពីរដូវកាលប្រណាំងឆ្នាំនេះ បងប្រុសរបស់លោក រ៉ាហ្វ និងអ្នកដែលធ្វើការក្នុងវិស័យប្រណាំងរថយន្ត ព្រមទាំងគូប្រជែងរបស់លោកមាន Jean Todt, Bernie Ecclestone, Sebastian Vettel, Mika Hakkinen, Damon Hill និង David Coulthard។

រូបភាពយុវវ័យរបស់កំពូលអ្នកប្រណាំងរថយន្ត F1 ឈ្នះពានពិភពលោក ៧ ដងលោក Michael Schumacher។
Schumacher ដែលបានឈ្នះពានរង្វាន់ Grand Prix ចំនួន ៩១ មុនពេលចូលនិវត្តន៍ពីកម្មវិធីប្រណាំងរថយន្ត F1 ក្នុងឆ្នាំ ២០១២ បានរងរបួសក្បាលធ្ងន់ធ្ងរនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៣ នៅលើភ្នំអាល់ ទឹកដីបារាំង ហើយស្ថានភាពសុខភាពរបស់គាត់នៅតែជាអាថ៌កំបាំង។
អ្នកស្រី វេណាសា ណកឃើរ ដែលដឹកនាំថតភាពយន្តឯកសារនេះរួមជាមួយ Hanns-Bruno Kammertons និង Michael Wech បាននិយាយថា៖ «បញ្ហាប្រឈមធំបំផុតសម្រាប់អ្នកដឹកនាំរឿងគឺការស្វែងរកតុល្យភាពរវាងការរាយការណ៍ឯករាជ្យ និងគោលជំហររបស់ក្រុមគ្រួសាររបស់លោក»។

លោកមិនត្រូវបានគេប្រទះឃើញនៅទីសាធារណៈទាល់តែសោះចាប់តាំងពីគ្រោះថ្នាក់របួសធ្ងន់ធ្ងរពីការជិះស្គីក្នុងឆ្នាំ ២០១៣។
អ្នកស្រី ណកឃើ លើកឡើងថា៖ «កូរីណា ជាការគាំទ្រដ៏ធំបំផុតរបស់យើងនៅក្នុងរឿងនេះ។ នាងផ្ទាល់ចង់បង្កើតខ្សែភាពយន្តពិតប្រាកដមួយដើម្បីបង្ហាញពីជីវិតស្វាមី មិនថាជាវេលារុងរឿង និងធ្លាក់ចុះនោះទេ ដោយពុំមានបន្ថែមតែស្ករក្នុងសាច់រឿង»។
ខ្សែភាពយន្តឯកសារ «Schumacher» នឹងចេញផ្សាយនៅចំពេលខួប ៣០ឆ្នាំក្រោយពីមានព្រឹត្តិការណ៍ប្រណាំងរថយន្ត Grand Prix ដំបូងនៅប្រទេសប៊ែលហ្ស៊ិក កាលពីខែសីហា ឆ្នាំ១៩៩១៕ AFP/HR

អ្នកដែលធ្វើការក្នុងវិស័យប្រណាំងត្រូវបានសម្ភាសដើម្បីចងក្រងសាច់រឿងសម្រាប់ភាពយន្តឯកសារ។