ក្រុងម៉ុមបៃ៖ ស៊ី អេស សាធីសា បាន​ប្រកប​ពាក្យ «A-P-P-L-E» នៅ​ចំពោះ​មុខ​កាមេរ៉ា​ទូរស័ព្ទដៃ​ ពេល​លោក​បង្រៀន​សិស្ស​ពីចម្ងាយ​នៅ​ទីកន្លែង​ខ្ពស់ទើប​មាន​សេវា​អ៊ីនធឺណិត។ នោះជា​ផ្ទះ​ដើម​ឈើ​នៅ​ក្រោយ​សួន​ច្បារ​របស់​លោ​ក​ឯភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។

ក្នុង​ស្រុក​កូដាហ្គូ នៃរដ្ឋ​កាណាតាកា ស្រ៊ីស្មា អាយុ ៨​ ឆ្នាំ កំពុង​ត្រង​ត្រាប់​ស្ដាប់​ការពន្យល់​របស់​លោកគ្រូ សាធីសា លើ​កម្មវិធី​ WhatsApp ក្នុង​ទូរស័ព្ទដៃ​របស់​ម្ដាយ​ និង​អានតាម​ប្រយោគ​នានា ដូចជា «​នេះគឺជា​ឆ្មា​មួយ»។

ប៉ុន្ដែនៅ​ក្នុង​ប្រទេស​ដែល​សាលារៀន​ត្រូវបាន​បិទទ្វារ​ជាង​មួយ​ឆ្នាំ ជា​រយៈពេល​នៃ​ការ​បិទ​ដ៏​យូរ​បំផុត​ក្នុង​លោក កុមារី និង​មិត្ដភក្ដិ​មួយចំនួន​ទៀត​ក៏​ស្ថិតក្នុង​ចំណោម​ក្មេង​ដ៏​មាន​សំណាង។

កុមារ​ឥណ្ឌា​ខ្វះ​ទូរស័ព្ទសម្រាប់ការ​​​រៀន​ពីចម្ងាយ ខណៈ​​សាលារៀនបាន​បិទ​ទ្វារ​​ជាង​មួយ​ឆ្នាំ។ AFP

យោងតាមអង្គការ​យូនីសេហ្វ​​បាន​ឱ្យដឹងថា​ កុមារ​តែ​ម្នាក់​ក្នុង​ចំណោម ៤​ នាក់​ នៅ​ឥណ្ឌា​អាច​មាន​ឱកាស​ទទួល​ការសិក្សា​លើ​ប្រព័ន្ធអនឡាញ។ ក្រុម​គ្រួសារ​ជា​ច្រើន​បាន​លក់​ទ្រព្យ​ ឬ​ខ្ចី​បុល​មកទិញ​ទូរស័ព្ទ​ឱ្យ​កូន​បន្ដ​ការ​សិក្សា។

នៅ​តំបន់​ជន​បទ​ខ្លះ កុមារ​ត្រូវ​ដើរ​រាប់​គីឡូដី​ឡើង​ភ្នំ​ និង​កាត់​ព្រៃ​ពស់​ដើម្បី​ព្យាយាម​ និង​បន្ដ​ទាក់ទង​គ្រូ​បង្រៀនរបស់​ពួកគេ។ សូម្បី​តែនៅ​មុន​វិបត្ដិកូវីដ កុមារា និង​កុមារី​ឥណ្ឌា​ជាង ៦​លាន​នាក់​អត់​មាន​ឱកាស​បាន​ទៅ​សាលារៀន​រួច​ជា​ស្រេច។ នេះ​បើយោង​​តាម​​យូនីសេហ្វ​​។

លោក បាប្លូ បាហ្គែល ជា​អ្នក​រស់នៅ និង​ប្រកបរ​របរ​នៅ​ទឹកដី​ប្រាសាទ ​Taj Mahal ធ្លាប់តែ​រក​បាន​​ប្រាក់​ចំណូល​ ២ ​ម៉ឺន​រូពី (២៧០ ​ដុល្លារ​) ក្នុង​មួយ​ខែ តែ​ឥឡូវ​​ប្រាក់ចូល​ហោប៉ៅ​កាន់​តែដុនដាប​ទៅតាម​វិស័យ​ទេសចរណ៍​ឥណ្ឌា​ផង​ដែរ។

លោក ស៊ី អេស សាធីសា កំពុង​បង្រៀន​សិស្ស​តាមរយៈកម្មវិធី WhatsApp។ AFP

អ្នកបើករថយន្ដឈ្នួល ដែល​​មានតែ​ទូរស័ព្ទ ១ គ្រឿង​​ ហើយ​មានកូនដល់ទៅ​​ ៣​ នាក់​​ ត្រូវ​ចែករំលែក​គ្មាន​ប្រើ​ រូបនេះ​បាន​និយាយថា​៖ «យើង​មានតែ​ប៉ុណ្ណឹងទេ​កូនអើយ»។

រីឯ​លោក ​អ៊ីមរ៉ាម សាល់ម៉ានី ជា​ជាង​កាត់​សក់​នៅតំបន់ ​អាហ្គ្រា បាន​បាត់​បង់​ចំណូល ៨០ភាគរយ​ ហើយ​បច្ចុប្បន្ន​លោក​មិន​អាច​លៃលក​រក​ប្រាក់​ចុះ​ឈ្មោះ​កូនស្រី​២​​នាក់​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​បាន​ឡើយ។

លោក សាល់ម៉ានី បាន​ប្រាប់ទីភ្នាក់ងារ​ AFP ថា​៖ «​ខ្ញុំ​ចង់ផ្ដល់​​ឱ្យ​កូន​ៗ​នូវ​ឱកាស​អប់រំ​ ដែល​ខ្លួន​ខ្ញុំ​ពុំបានទទួល តែ​យើង​មិន​អាច​បន្ដ​ក្ដីសុបិន​នេះ​ឡើយ​»។

កូនស្រីរបស់លោកឈ្មោះ អាលីយ៉ា អាយុ ៩​ ឆ្នាំ បាន​និយាយថា​៖ «​ខ្ញុំ​ពិត​ជា​ចង់​ត្រឡប់​ទៅ​សាលារៀន​ណាស់​»៕ AFP/HR

គ្រូ​បង្រៀន​ត្រូវ​ឡើង​ជណ្ដើរ​ទៅ​ផ្ទះ​ដើម​ឈើ ដើម្បី​សេវា​អ៊ីនធឺណិត​ ស្រុក​កូដាហ្គូ រដ្ឋ​កាណាតាកា។ AFP

លោក ស៊ី អេស សាធីសា កំពុង​បង្រៀន​សិស្ស​តាមរយៈកម្មវិធី WhatsApp។ AFP