ក្រុងអង់ការ៉ា៖ តុក្កតាដាយណូស័រពុកផុយនៅក្រៅសួនកម្សាន្ដ ដែលត្រូវបានបោះបង់ចោលបានបង្ហាញឱ្យពីមហិច្ឆតា កាកសំំណល់ និងបញ្ហាប្រឈមរបស់គណបក្សកាន់អំណាចដ៏យូររបស់លោកប្រធានាធិបតីតួកគី រេខេប តាយយីព អេដូហ្គេន។
បញ្ហាកើតឡើងបានចាប់ផ្ដើមលើ ឧទ្យានកម្សាន្ដធំបំផុតនៅអឺរ៉ុប «Wonderland Eurasia» និងត្រូវបានលោក អេដូហ្គេន ហៅថា «និមិត្ដរូបនៃមោទនភាព» ក្នុងពេលបើកសម្ពោធនៅទីក្រុងអង់ការ៉ា កាលពីខែមីនា ឆ្នាំ ២០១៩។
រយៈពេល ២ ថ្ងៃ ក្រោយកាត់ខ្សែបូរ ឧបករណ៍រទេះក្រឡាប់ចាក់បានខូច ដែលធ្វើឱ្យចូលលេងភ័យលស់ព្រលឹង ស្រែករកម៉ែរកឪជួយ។ បន្ទប់ទឹកសាធារណៈក៏កខ្វក់ ឧបករណ៍ខ្លះនៅមិនទាន់សាងសង់រួច ហើយបរិវេណមួយចំនួននៅមិនអាចចូលលេងបានបើទោះបីជាទឹកប្រាក់ ៨០១ លានដុល្លារ ត្រូវបានចំណាយលើការកសាងឧទ្យាកម្សាន្ដស្រដៀង Disneyland របស់តួកគីយ៉ាងណាក៏ដោយ។
ឧទ្យាននេះបានបិទទ្វារជិតមួយឆ្នាំបន្ទាប់ពីសម្ពោធ ពេលប្រតិបត្ដិករអស់លទ្ធផលបង់ថ្លៃចំណាយប្រាក់ខែបុគ្គលិក និងអគ្គិសនីដោយសារតែអស់សូវមានភ្ញៀវ។
លោក តេស្កាន ការ៉ាគូស ខានដាន ដែលដឹកនាំក្រុមអ្នកជំនាញស្ថាបត្យករតួកគី បាននិយាយថា៖ «តម្រូវការបន្ទាន់របស់ក្រុងអង់ការ៉ាមិនមែនជាឧទ្យានកម្សាន្ដ Disneyland អីនោះទេ តែជាសេវាដឹកជញ្ជូន ដោយសារទីក្រុងនេះមានសួនកម្សាន្ដធំៗរួចទៅហើយ។ វាគ្រាន់តែជាគម្រោងធំហួសមាឌ»។
ទីក្រុងអង់ការ៉ា ពេលនេះបានប្ដឹងប្រតិបត្ដិករឧទ្យានកម្សាន្ដបំណងទាមទារការគ្រប់គ្រងត្រឡប់មកវិញ និងព្យាយាមយកទីតាំងនោះមកអភិវឌ្ឍ។ តុលាការក្រុងនឹងចេញសេចក្ដីសម្រេចលើសំណើនេះនៅថ្ងៃទី ១៣ ខែកញ្ញា ខាងមុខនេះ។
ឧទ្យានកម្សាន្ដស្ថិតនៅស្ងាត់ជ្រងំ តុក្កតាខូចៗ ក៏ដូចជាឧបករណ៍ច្រែះស៊ីដោយអន្លើ និងខ្លះទៀតពុកផុយ ដោយប៉ើងរប៉ាត់រប៉ាយរាប់គីឡូដី។
លោក ហ្គូវេន អារីហ្វ សាហ្គីន សាស្ដ្រាចារ្យនៅនាយកដ្ឋានស្ថាបត្យកម្មនៃសាកលវិទ្យាល័យបច្ចេកទេសមជ្ឈឺមបូព៌ាក្រុងអង់ការ៉ា បានហៅការប៉ុនប៉ងទាក់ទាញភ្ញៀវទេសចរថាជា «គំនិតកូនក្មេង»។
សាស្ដ្រាចារ្យ សាហ្គីន បានឱ្យដឹងថា ទង្វើអាទិភាពគឺប្រែក្លាយឧទ្យាន និងសម្ភារក្នុងបរិវេណនោះទៅជា «សម្បត្តិសាធារណជនម្ដងទៀត»។
លោក ខានដាន ដែលដឹកនាំក្រុមអ្នកជំនាញស្ថាបត្យករតួកគី ចង់ឱ្យតំបន់នោះក្លាយជាកេរដំណែលអតីតប្រធានាធិបតី អាតាតួក ដោយអំពាវនាវឱ្យមានវិធានការចាំបាច់។
លោក ខានដាន បាននិយាយថា៖ «ចូរឱ្យរបស់របរក្នុងឧទ្យាននេះទៅសួនណាដែលត្រូវការប្រើ ស្វែងរកប្រាក់សំណងពីអតីតអភិបាលក្រុងអង់ការ៉ា លោក ម៉េលី ហ្គុខេក ចំពោះការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបង្វែប្រាក់មកដាំដើមឈើឡើងវិញ។ ជាមួយការសម្រេចនេះ វាអាចប្រែក្លាយទៅជាសភាពដើមវិញ»៕ AFP/HR