ក្រុងឡុងដ៍៖ សម្ព័ន្ធផាប់នៅចក្រភពអង់គ្លេស JD Wetherspoon កាលពីថ្ងៃពុធ បានរាយការណ៍ថា បញ្ហាការផ្គត់ផ្គង់ស្រាបៀរដោយសារកង្វះអ្នកបើកបរ ដែលពាក់ព័ន្ធនឹងបញ្ហាចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) និងវិបត្ដិកូវីដ បានប៉ះពាល់ដល់ការដឹកជញ្ជូនទៅកាន់ភោជនីយដ្ឋាន និងសម្ព័ន្ធផ្សារទំនើបនានា។
អ្នកនាំពាក្យឱ្យ JD Wetherspoon បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ ដែល AFP ទទួលបានថា៖ «យើងកំពុងជួបបញ្ហាការផ្គត់ផ្គង់ទាំង Carling និង Coors ដែលមានន័យថា ផាប់មួយចំនួន មិនមានផលិតផលទាំងនេះលក់ឡើយ»។
អ្នកនាំពាក្យឱ្យក្រុមហ៊ុន Molson Coors ដែលផលិតស្រាបៀរយីហោ Carling និង Coors បាននិយាយកាលពីថ្ងៃពុធថា៖ «មិនខុសពីក្រុមហ៊ុនដទៃស្ថិតក្នុងវិស័យផលិតស្រាបៀរ និងផាប់នៅចក្រភពអង់គ្លេស យើងរងនូវវិបត្ដិខ្វះអ្នកបើកររថយន្ដធុនធំ HGV ដែលឥទ្ធិពលចំពោះការដឹកជញ្ជូនទៅកាន់ផាប់មួយចំនួននៅចក្រភពអង់គ្លេស»។
ក្រុមហ៊ុនធំៗនៅចក្រភពអង់គ្លេស បានចាត់ទុកកង្វះអ្នកបើកបររថយន្ដធុនធំដោយសារតែបញ្ហា Brexit ជាមួយច្បាប់ឥន្ដោប្រវែងថ្មី ដែលរំខានដល់ការរើសបុគ្គលិកក្នុងវិស័យដឹកជញ្ជូន ខណៈវិបត្ដិកូវីដជំរុញឱ្យកម្មករបរទេសជាច្រើនចាកចេញ។
សូម្បីតែ Nando''s, KFC និង McDonald''s បានរាយការណ៍ពីបញ្ហាកង្វះខាតបណ្ដោះអាសន្ននូវគ្រឿងផ្សំម្ហូបអាហារ និងភេសជ្ជៈ។
សមាគមន៍រថយន្ដធុនធំ បានព្រមានពីបញ្ហាកង្វះធ្ងន់ធ្ងរចំពោះអ្នកបើកបរប្រមាណ ១០ម៉ឺននាក់ និងអំពាវនាវចេញទិដ្ឋការរយៈពេលខ្លីសម្រាប់អ្នកបើកបររថយន្ដឡូរីពីបរទេស។
ស្ថាបនិក និងជាអគ្គនាយក Wetherspoon លោក Tim Martin ជាអ្នកគាំទ្រ Brexit ដ៏រឹងមាំ ដែលច្រានចោលការអះអាងថា ការចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប នឹងប៉ះពាល់ដល់ជំនួញរបស់អង់គ្លេស៕ AFP/HR