ក្រុងគីនសាសា៖ អ្នកសិល្បៈសម្ដែងស្រោបកំប៉ុង ពោះវៀនកង់ឡាន កញ្ចក់ និងបន្ទះស៊ីឌីចាស់ៗ ហែរក្បួនកាត់ដងវិថីនានាក្នុងទីក្រុងគីនសាសា ដើម្បីផ្សព្វផ្សាយពីសិល្បៈ និងផ្ដោតលើបញ្ហាសំរាមដ៏រ៉ាំរ៉ៃនៃសាធារណរដ្ឋកុងហ្គោ។
ក្រុមសម្ដែងជាន់ខ្ពស់នាំគ្នាដើរវិថីហុយដី សំរាមលើចរាចរណ៍ដ៏កកស្ទះក្នុងសង្កាត់ការិយាល័យការងារ ម៉ាកាឡា ក្នុងទីក្រុងធំរបស់សាធារណរដ្ឋកុងហ្គោ។
លោក អេដឌី អេកេតេ អាយុ ៤៣ ឆ្នាំ ជាវចិត្រករ បានរៀបចំមហោស្រព KinAct ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់សំរាមលើបរិស្ថាន។ ក្រោយពីព្រឹត្ដិការណ៍ឆ្នាំមុន ត្រូវបានលុបចោលដោយសារតែវិបត្ដិកូវីដ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកសិល្បៈបាននាំយកស្នាដៃសិល្បៈចុងក្រោយរបស់ខ្លួនបង្ហាញមហាជន។
លោក អេកេតេ ល្បីខាងសម្លៀកបំពាក់ឈុតច្នៃពិសេស ដែលផលិតពីសម្បកកំប៉ុងសូដារាប់រយ បាននិយាយថា៖ «យើងចង់នាំយកសិល្បៈទៅកាន់ដងផ្លូវ ទៅដល់មហាជន និងផ្សារផ្សោរនានា»។
កម្ពស់កំពរអំណោយផលដូចកីឡាករបាល់បោះ លោក អេកេតេ បានបង្ហាញឈុតពិសេសនេះ កាលពី ១៣ ឬ ១៤ឆ្នាំមុន។ លោកបានរចនារូបរាងដ៏គួរទាក់ទាញនេះសម្រាប់យុទ្ធនាការចុងក្រោយនេះ។
វិចិត្រកររួមអាជីព ផាទ្រីក គីតេតេ បានឯកភាពថា៖ «ទីក្រុងគីនសាសា ពិតជាកខ្វក់ និងមានលក្ខណៈរ៉ាំរ៉ៃយូរហើយ»។
លោកនិយាយថា សិល្បៈរបស់លោកផលិតឡើងពីបំបែងកញ្ចក់ ដោយសារអាហ្វ្រិកបែកបាក់គ្នាហើយ។
លោកបានបន្ដថា មហោស្រពនេះបង្កើតបានជាចម្ងល់ជាច្រើនថា តើគួរមានវិធានការដូចម្ដេចចំពោះសំរាមទាំងនោះ។
លោក គីតេតេ បានពាក់មួកសុវត្ថិភាព និងកាំបិតវែងមួយ ជាមួយឈុតកញ្ចក់អ្នកចម្បាំងរបស់លោក។
ក្រុមការងារ KinAct មានក្ដីសង្ឃឹមខ្លាំងចំពោះព្រឹត្ដិការណ៍ឆ្នាំបន្ទាប់។ ស្របពេលនេះ ឈុតពិសេសៗត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលវប្បធម៌ក្នុងសង្កាត់ការងារ ម៉ាតុងហ្គេ ដែលសម្បូរទៅដោយបារ៍ និងតន្ដ្រី។
នៅទីនេះ មហាជនអាចទស្សនាឈុតសំរាមទាំងនោះ ដែលផលិតឡើងពីសំណល់ផ្សេងៗ ចាប់ពីស្បែកជើងផ្ទាត់រហូតដល់ស្រោមទូរស័ព្ទ ខ្សែភ្លើង ឌុយ និងកញ្ចប់បារីជាដើម។
សំណេរនៅជញ្ជាំងបានសរសេរស្វាគមន៍ភ្ញៀវថា៖ «គ្មានអ្វីបាត់បង់ គ្មានអ្វីបង្កើតថ្មី អ្វីៗគ្រប់យ៉ាងត្រូវបានកែច្នៃឡើងវិញ»៕ AFP/HR