ក្រុងប៉េកាំង៖ អាជ្ញាធរ​ចិន​បាន​បង្គាប់​ឱ្យ​ក្រុម​ហ៊ុន​ហ្គេម​យក្ស​បញ្ចប់​ការ​សម្លឹង​ឃើញ​តែ​ប្រាក់​ចំណូល​ និង​កាត់​មាតិកាបង្ហាញ​រូបភាព​តួអង្គ​​ «ស្រីមិនស្រី ប្រុសមិនប្រុស​​» ខណៈ​ក្រុងប៉េកាំង​ព្យាយាម​តម្រែ​តម្រង់​វប្បធម៌​យុវវ័យ​ ភាពរឹងមាំរបស់​យេនឌ័រ និង​ទំនោរពេញ​និយម​នៃបច្ចេកវិទ្យា​ធំៗ។

វិធានការ​នេះត្រូវបាន​ដាក់​ចេញ​ចុង​ក្រោយ​បំផុត​ដោយ​អាជ្ញាធរ​ ដើម្បី​រឹត​បន្តឹង​ដើម្បីគ្រប់គ្រង​វិស័យ​បច្ចេកវិទ្យា​ ដែលធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ធ្លាក់​តម្លៃ​ផ្សារ​ហ៊ុន​យ៉ាង​ខ្លាំង។

ក្រុម​មន្ដ្រី កាលពីថ្ងៃពុធ​ បានកោះហៅក្រុមហ៊ុនធំៗ រួមទាំង Tencent និង ​NetEase ជា​អ្នកដឹកនាំផ្សារហ៊ុន​ចម្បង​ពីរក្នុង​ឧស្សាហកម្ម​ហ្គេម​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ចិន ដើម្បី​ជជែក​ពីវិធានការ​ទប់ស្កាត់​បន្ដ​ទៀត​ បន្ទាប់​ពី​ការ​កំណត់​ម៉ោង​ពេល​លេង​ហ្គេម​របស់​កុមារ​មក​ត្រឹម ៣​ម៉ោង​ក្នុង​មួយសប្ដាហ៍។

ចំណោម​គោលដៅ​ថ្មីៗ​គឺជាតារា​​តំណាង​ផលិតផល​ ដែល​ក្រុម​អ្នក​ជំនាញ​និយាយថា បាន​បង្ក​ការ​ខិង​សម្បារ​ពីសំណាក់​អ្នក​អភិរក្ស​និយម ជាពិសេស មនុស្ស​ជំនាន់មេដឹកនាំ​កុម្មុយនិស្ដ​មុនៗ។

រូបតំណាង៖ ក្រុម​អ្នក​កេភេទ និង​ភេទទីបី​ជួបជុំ​គ្នា​ក្នុង​កម្មវិធី​សិល្បៈ​​​នៅក្រុង​ប៉េកាំង។

កាលពី​ប៉ុន្មាន​ថ្ងៃនេះ និយតករ​បាន​បង្គាប់​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​បញ្ចប់​ការ​ផ្សាយ «​ទស្សនីយភាព​អប្រក្រតី» ដូចជា «​ភាព​ម្ញ៉េកម្ញ៉ក់​» ដោយ​ទទូច​​ឱ្យ​ពង្រឹង​ភាព​ជា​បុរស​មក​ធ្វើ​ជា​អ្នក​តំណាង​កម្មវិធី។

កាលពី​ថ្ងៃពុធ​កន្លង​ទៅ Xinhua បាន​រាយការណ៍​ពី​សេចក្ដី​បង្គាប់​របស់រដ្ឋាភិបាល​ជា​ច្រើន​ទៅលើ​ឧស្សាហកម្ម​ហ្គេម។

របាយការណ៍​បាន​​ឱ្យដឹងថា​៖ «​មាតិកាអាសអាភាស​​ និង​ហិង្សា​ ក៏ដូចជា​អ្វីដែល​ប៉ះពាល់​ដល់សង្គម រួមមាន កម្មវិធី​យកលុយ​ជាធំ និង​បង្ហាញ​ភាព​ទន់ជ្រាយ​របស់​បុរស គួរតែ​លុប​ចេញ​»។

អាជ្ញាធរ​បាន​ព្រមានថា សហគ្រិន ដែល​មិន​គោរពតាម​បទបញ្ញត្ដិ​នេះ​នឹង​ត្រូវ​ទទួល​ពិន័យ។

ជំនួយ​ការ​សាស្ដ្រាចារ្យ​នៃ​សកលវិទ្យាល័យ​ក្រុង​ហុងកុង ហ្គេង សុង បាន​និយាយថា ចំណាត់​ការ​នេះ បាន​កើតឡើង​តាម​ការ​រិះគន់​ថា «​បុរស​ឃ្យូតៗ​បង្ហាញ​ពីភាព​ទន់ជ្រាយ​ផ្លូវកាយ និង​ផ្លូវចិត្ដ​» ដោយ​បា​នលើកឡើងថា «​បុរស​ចរឹត​ស្រី​មិនអាច​ការពារ​ប្រទេស​បាន​ឡើយ»។

លោក សុង បាន​បន្ថែមថា បុគ្គលស្រឡាញភេទដូចគ្នា​ត្រូវបាន​មើល​ឃើញ​ជា​អប្រក្រតីភាព​នៃ​យេនឌ័រ ដែលនាំ​មានការ​ច្របូក​ច្របល់​ចំពោះ​ការ​ប្រតិព័ទ្ធ​ភេទណាមួយ និង​មាន​អត្ដសញ្ញាណាមួយ​​​ឱ្យពិតប្រាកដ​ឡើយ​៕ AFP/HR

ក្រុម​មន្ដ្រី កាលពីថ្ងៃពុធ​ បានកោះហៅក្រុមហ៊ុនធំៗ រួមទាំង Tencent និង ​NetEase។