ភ្នំពេញ៖ ពីទឹកដីកំណើតសម្បូរជីវចម្រុះនៃប្រទេសម៉ាដាហ្គាស្កា រហូតដល់ក្រុងប៉ារីស ជាទីដែលលោក អេរិក រេស៊ីណា ក្រេបចំណេះដឹងហ្វេសសិន អ្នកច្នៃម៉ូដរូបនេះបានឮភាពល្បីល្បាញរបស់សូត្រខ្មែរ។
លោកបានមកកសាងអាណាចក្រសម្លៀកបំពាក់ប្រណីតនៅកម្ពុជាជាង ២០ ឆ្នាំ ដោយផ្ដោតលើវាយនភណ្ឌប្រណីតពីតម្បាញសូត្រខ្មែរ រំលេចជាឈុតតាក់តែងកាយដ៏ស្រស់ស្អាត ថ្លៃថ្នូរ និងទាន់គ្រប់សម័យកាល។
ម៉ូដសម្លៀកបំពាក់ កាបូប កន្សែង ពណ៌ស្រស់ឆើតជាស្នាដៃច្នៃម៉ូដរបស់លោក បានរំលេចភាពប្រណីតក្នុងទូ លើស្នួ និងម៉ាណឺកាំងនៃបន្ទប់កញ្ចក់នៃសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ ហាយ៉ាត់ (Hyatt Regency Phnom Penh) កាលពីថ្ងៃទី ២៧-២៩ ខែសីហា។
នេះគ្រាន់តែជាផ្នែកមួយនៃការតាំងបង្ហាញអំឡុងពេលវិបត្តិកូវីដ ខណៈស្នាដៃសម្លៀកបំពាក់របស់លោក អេរិក កន្លងមក ធ្លាប់បង្ហាញវត្តមានលើវេទិកាជាតិ និងអន្តរជាតិធំៗ រាប់តាំងពីកម្មវិធីដើរម៉ូដនៅទីក្រុងប៉ារីស ញូវយ៉ក អាហ្វ្រិក ចិន និងបណ្ដាប្រទេសជាច្រើនទៀត។
ឆ្នាំ ១៩៩៣ ជាវេលាដែលបានផ្លាស់ប្ដូរជីវិតលោក ដោយជយលាភីលេខ ១ ជា «អ្នកច្នៃម៉ូដវ័យក្មេងប្រចាំឆ្នាំ» នៅម៉ាដាហ្គាស្កា បាននាំឱ្យទទួលបានអាហារូបករណ៍ទៅរៀនច្នៃម៉ូដ និងវាយនភណ្ឌនៅទីក្រុងប៉ារីស ក៏ដូចជានាំរូបលោកឱ្យឈានជើងមកដល់កម្ពុជា។
ទោះជាមានឱកាសក្នុងវិស័យហ្វេសសិនដ៏ត្រចះត្រចង់ ដោយធ្លាប់បម្រើការឱ្យប៊្រេនធំៗ និងច្នៃម៉ូដឱ្យកំពូលតារាហូលីវូដដូចជា អ្នកនាង អេនជេលីណា ជោលី ក៏ពិតមែន ប៉ុន្តែ អេរិក បានជាប់ចិត្តនឹងដែនដីអង្គរ និងជ្រើសរើសកម្ពុជាជាផ្ទះរបស់លោក។
អ្នកច្នៃម៉ូដ និងជំនាញវាយនភណ្ឌដោយតម្បាញសូត្រខ្មែររូបនេះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំបានមកកម្ពុជាលើកដំបូង កាលពីឆ្នាំ ១៩៩៦ ព្រោះបានឮពីភាពល្បីល្បាញរបស់សូត្រខ្មែរពីទីក្រុងប៉ារីស។ មកដល់ខ្ញុំពិតជាបានឃើញពីភាពពិសេសរបស់សូត្រខ្មែរមែនតាមរយៈខេត្តជាច្រើន តែខេត្តដែលទាក់ចិត្តខ្ញុំបំផុត គឺសៀមរាប»។
លោករំឭកប្រាប់ថា៖ «ខ្ញុំស្រឡាញ់គ្រប់យ៉ាងដែលទីនេះមាន ទឹកដីអង្គរ វប្បធម៌ ប្រជាជន និងម្ហូប។ រហូតបន្ទាប់ពីបញ្ចប់ការសិក្សា និងចប់កុងត្រាជាមួយ យីហោ Yves Saint-Laurent និង Christian Lacroix ខ្ញុំក៏សម្រេចចិត្តផ្លាស់មករស់នៅទីនេះឆ្នាំ ២០០១ ហើយមកទល់សព្វថ្ងៃក៏មិនធ្លាប់គិតចង់ងាកក្រោយដែរ»។
ជាង ២០ ឆ្នាំដែលនៅទីនេះ ជាមួយព្យាយាមរក្សាទម្រង់វប្បធម៌សូត្រខ្មែរ អេរិក បានអភិវឌ្ឍតិចនិកជាច្រើនទៅលើការត្បាញ និងចាក់ផងដែរ។ អតិថិជនអាចកំណត់អត្តសញ្ញាណសាច់ក្រណាត់របស់លោកបានដោយសារលក្ខណពិសេសគឺ ស្រាល ទន់ ផុស និងពណ៌ស្រស់។
លោក អេរិក បានលើកឡើងថា៖ «អាចនិយាយថា ខ្ញុំជាអ្នកទី១ ដែលបង្កើតបានសាច់ក្រណាត់ដ៏ទន់បែបនេះ ពីសូត្រខ្មែរ។ វាពិបាក តែខ្ញុំចូលចិត្ត និងរីករាយដែលស្រ្តីខ្មែរផ្ទាល់បានទទួលស្គាល់ និងកោតសរសើរ បើទោះយើងប្រើពេលច្នៃបង្កើតយូរក៏ពិតមែន ព្រោះចង់ឱ្យវាចេញមកទាំងប្រណីត និងមានតែមួយលើលោក»។
ដោយទទួលការបណ្ដុះបណ្ដាលជំនាញវាយនភណ្ឌមុននឹងយល់ដឹងពីការកែច្នៃសម្លៀកបំពាក់ ដូច្នេះការផ្ដោតលើសាច់ក្រណាត់ក្នុងការច្នៃវាចេញជាឈុតអ្វីមួយ វាមានភាពងាយស្រួលណាស់សម្រាប់លោក។
លោកបានលើកពីលក្ខណពិសេសនៃស្នាដៃរបស់ខ្លួនថា៖ «ពេលខ្ញុំយកវាមកច្នៃម៉ូដ សាច់ក្រណាត់ខ្ញុំជាអ្នកប្រាប់ខ្ញុំថា វានឹងចេញជារ៉ូប ខោ ឬអាវតាមរយៈទម្ងន់ វាយនភណ្ឌ និងគ្រប់យ៉ាង។ ដូច្នេះក្នុងពេលដែលយើងអាចបង្កើតក្រណាត់ខ្លួនឯង ខ្ញុំមិនគិតថា ចាំបាច់អីធ្វើតាមនិន្នាការហ្វេសសិនណាមួយទេ តែខ្ញុំបង្កើតការពេញនិយមដោយខ្លួនឯង»។
ប៉ុន្តែលោកបញ្ជាក់ថា បើអតិថិជនចង់បានតាមការពេញនិយមណាមួយ លោកមិនព្យាយាមធ្វើតាមភ្ញៀវទាំងស្រុងទេ តែលៃលកធ្វើសំយោគម៉ូដឱ្យបានល្អ និងប្លែកតម្រូវចិត្តអតិថិជន។
ហេតុផលគឺ អេរិក ប្រាថ្នាឱ្យអតិថិជនលោកមានអារម្មណ៍ស្រាលខ្លួន មានភាពពិសេសសម្រាប់ខ្លួនឯង។ អ្វីដែលសំខាន់ គឺម៉ូដសម្លៀកបំពាក់ដែលពាក់មិនចេះសាំ ឬមិនហួសសម័យ។ អ្នកដែលទិញសម្លៀកបំពាក់ពីលោកនៅថ្ងៃនេះ នៅតែអាចពាក់បាន ៥-១០ ឆ្នាំទៅមុខ។
បើទោះជាកន្លងមក លោក អេរិក ច្រើនច្នៃសម្លៀកបំពាក់នារី តែហាង ERIC RAISINA haute texture របស់លោក រចនាម៉ូដសម្លៀកបំពាក់តម្រូវគ្រប់ភេទ ក្នុងតម្លៃចាប់ពីជាង ១០០ ទៅ ១ ០០០ ដុល្លារ។
ម្ចាស់ហាងហ្វេសសិនល្បីនៅទឹកដីសៀមរាបរូបនេះនិយាយថា៖ «វាមើលទៅថ្លៃ ហើយក៏ប្រើពេលវេលាយូរ តែអតិថិជនយើងយល់ព្រមរង់ចាំទោះជាប្រើពេល ២-៣ ខែ ព្រោះពួកគាត់ឱ្យតម្លៃទៅលើការត្បាញ ចាក់ធ្វើពីដៃ។ ម្យ៉ាងពួកយើងផ្ដើមធ្វើចេញតាំងពីត្បាញសាច់ក្រណាត់រហូតដល់ច្នៃចេញជាសម្លៀកបំពាក់»។
ហ្វេសសិនផ្ដើមពីសរសៃអំបោះក្លាយជាក្រណាត់សូត្ររហូតដល់ឈុតដ៏ប្រណីតគ្រងលើរាងកាយ ជាអ្វីដែល អេរិក ប្រាថ្នាឱ្យប្រជាជនកម្ពុជាសាទរចំពោះគោលដៅរបស់លោកក្នុងការនាំសូត្រខ្មែរពីសិប្បកម្មខេត្តសៀមរាបទៅកាន់ឆាកអន្តរជាតិ។
លោកក៏បានឱ្យដឹងដែរថា លោកមានក្តីសុបិនចង់ធ្វើឱ្យវិស័យសម្លៀកបំពាក់ខ្មែរល្បីល្បាញ និងចង់បង្រៀនក្មេងជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ចង់ដើរលើវិថីនេះ។
អ្នកច្នៃម៉ូដបរទេសលើកកម្ពស់សូត្រខ្មែររូបនេះ បានបន្តថា៖ «បើខ្ញុំបើកបង្រៀន ខ្ញុំចង់ធ្វើក្នុងវិជ្ជាជីវៈមួយត្រឹមត្រូវ មានការជ្រោមជ្រែងពីវិទ្យាស្ថាន និងក្រសួងវប្បធម៌ ព្រោះខ្ញុំពិតជាចង់ចែករំលែកអ្វីដែលខ្ញុំមាន ហើយអាចជួយដល់ក្ដីសុបិនពួកគេ។ ខ្ញុំធ្លាប់បានបង្រៀននៅអាហ្វ្រិក ហើយបើអាចនាំអារម្មណ៍នោះមកកន្លែងដែលខ្ញុំរស់នៅជាង ២ ទសវត្សរ៍នេះ វានឹងជាក្ដីសុបិនក្លាយជាការពិត»។
បន្ទាប់ពីរួមការងារនឹងសណ្ឋាគារ ហាយ៉ាត់ដោយជោគជ័យ អេរិក អាចនឹងរៀបចំកម្មវិធីហ្វេសសិនមួយទៀតនៅចុងឆ្នាំ បើស្ថានភាពកូវីដប្រសើរឡើង។ លោកក៏កំពុងធ្វើដំណើរទៅក្រុងប៉ារីសមើលឱកាសសម្រាប់រៀបចំកម្មវិធីដើរម៉ូដបន្ថែមផងដែរ។
លោក អេរិក បាននិយាយទៅកាន់ប្រជាជនខ្មែរថា៖ «ខ្ញុំស្រឡាញ់ប្រទេសនេះណាស់។ វាឱ្យអារម្មណ៍ដូចផ្ទះរបស់ខ្ញុំ។ ជាពិសេសជាប្រទេសដែលមានវប្បធម៌ និងមនុស្សពោរពេញដោយទេពកោសល្យក្នុងជំនាញជាច្រើន។ ខ្ញុំសង្ឃឹមថា ពួកគេនឹងរក្សាភាពពិសេសនេះ ព្រោះវាជាមន្តស្នេហ៍ដែលធ្វើឱ្យមនុស្សសុបិនចង់មកទស្សនាប្រទេសកម្ពុជា»៕