ភ្នំពេញៈ បើទោះបីជា ស្ថិតក្នុងបរិបទកូវីដមែនក្តី ក៏ព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ ទ្រង់ទ្រាយធំមួយមានឈ្មោះថា កម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ២០២១ (Miss Grand Cambodia 2021) បានដំណើរការដោយរលូន ចាប់តាំងពីដើម និងឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ នាចុងសប្តាហ៍នេះ។
នាថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ គឺជាការប្រកាសលទ្ធផលបេក្ខនារីដ៏ស្រស់ស្អាត សុទ្ធសឹងតែជាបេក្ខភាពលេចធ្លោ និងសម្រិតសម្រាំង បានចំនួន ២៥ រូប (Top25) ជាតំណាងឱ្យ ២៥ ខេត្ត-ក្រុង និងជាការប្រកួតប្រជែងឈុតហែលទឹក (Swimsuit Competition)។ កាលពីថ្ងៃទី ២៣ ខែកញ្ញា គឺជាការប្រកួតឈុតប្រពៃណី (National Costume Competition) របស់បេក្ខនារីស្រស់ស្អាតទាំង ២៥ រូប។
បើតាមផេចផ្លូវការរបស់កម្មវិធី Miss Grand Cambodia បានបង្ហើបឱ្យដឹងថា៖ «ការប្រកួតវគ្គបឋម Preliminary Competition នៃ Miss Grand Cambodia 2021 នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៧ យប់តទៅ ដែលនឹងមានផ្សាយលើ Youtube Channel របស់ Miss Grand Cambodia។ ឯវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើនៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៧ យប់ទៅ ផ្សាយផ្ទាល់នៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥ និងផ្សាយហ្វេសប៊ុក Miss Grand Cambodia និង Channel Youtube Miss Grand Cambodia»។
អ្វីដែលកាន់តែអស្ចារ្យក្នុងកម្មវិធីប្រកួត Miss Grand Cambodia 2021 នេះគឺមានវត្តមានក្រុមគណៈ-កម្មការផ្តល់ពិន្ទុច្រើនរូបសុទ្ធតែជាអតីតម្ចាស់មកុដកម្មវិធី Miss Grand Cambodia ច្រើនជំនាន់។ គណៈកម្ម-ការទាំងនោះ រួមមានកញ្ញា ហេង ចន្ថា ម្ចាស់មកុដឆ្នាំ ២០១៦ កញ្ញា ខ្លឹម ស្រីគា ម្ចាស់មកុដឆ្នាំ ២០១៧ កញ្ញា ដេត ស្រីនាថ ជាម្ចាស់មកុដនៅឆ្នាំ ២០១៩ កញ្ញា លីវ ជីលី ជាម្ចាស់មកុដឆ្នាំ ២០២០ និងកញ្ញា ហុក សារិតុលា ម្ចាស់មកុដកម្មវិធីថ្មី Miss Wisdom Cambodia 2021។
ឯស្រីស្អាតទាំង ២៥ រូប ជាតំណាងឱ្យកញ្ញាឯកប្រចាំខេត្ត-ក្រុងទាំង ២៥ រូបនោះ រួមមានកញ្ញា សាម សេរីរ័ត្ន តំណាងឱ្យរាជធានីភ្នំពេញ កញ្ញា វ៉ា ម៉ាលីណា តំណាងខេត្តព្រះវិហារ កញ្ញា ពក ស្រីល័ក្ខ តំណាងខេត្តព្រៃវែង កញ្ញា យាង សូនីតា តំណាងខេត្តស្វាយរៀង កញ្ញា អៀម ផាយា តំណាងខេត្តបន្ទាយមានជ័យ កញ្ញា ញ៉ែម ស្រីតី តំណាងខេត្តមណ្ឌលគិរី កញ្ញា យន់ ណាវី តំណាងខេត្តពោធិ៍សាត់ កញ្ញា ភឹម ស្រីនោ តំណាងខេត្តកោះកុង កញ្ញា កែវ សេងលីហួរ តំណាងខេត្តកំពត កញ្ញា សាយ ស្រីលាង តំណាងខេត្តសៀមរាប កញ្ញា អុល រីណា តំណាងខេត្តកំពង់ធំ កញ្ញា លីម ណាលី តំណាងខេត្តប៉ៃលិន កញ្ញា ស៊ុំ វត្តី តំណាងខេត្តស្ទឹងត្រែង កញ្ញា វ៉ាត ចិន្តា តំណាងខេត្តកណ្តាល កញ្ញា ធុន បញ្ញា តំណាងខេត្តឧត្តរមានជ័យ កញ្ញា ប៉ូគឹមថេងសុតធីតា តំណាងខេត្តបាត់ដំបង កញ្ញា ស្រ៊ាន ស៊ីថាយ តំណាងខេត្តត្បូងឃ្មុំ កញ្ញា អ៊ិន លក្ខិណា តំណាងខេត្តកំពង់ចាម កញ្ញា លីម ដានីន តំណាងខេត្តក្រចេះ កញ្ញា អែម គុនថង តំណាងខេត្តព្រះសីហនុ កញ្ញា ឡេង ចន្ថា តំណាងខេត្តកំពង់ស្ពឺ កញ្ញា ឈុំ ម៉េងលី តំណាងខេត្តកែប កញ្ញា ឆួន ម៉ាឡែន តំណាងឱ្យខេត្តរតនគិរី កញ្ញា សុខ រ៉ាតចារៈកន តំណាងឱ្យខេត្តកំពង់ឆ្នាំង កញ្ញា ភូ ផាត់ធីយ៉ា តំណាងឱ្យ ខេត្តតាកែវ៕