ក្រុងគែរ: បុរសអេហ្ស៊ីបវ័យ ២៩ ឆ្នាំ អាប្រាហ៊ីម ប៊ីឡាស់ ពិតជាបានសម្រួចទេពកោសល្យប្លែកខុសពីគេគ្មាន ២ តាមរយៈស្នាដៃឆ្លាក់ចុងខ្មៅដៃជាចម្លាក់ដ៏តូចគួរឱ្យស្ងើចសរសើរ។
ដោយប្រើឧបករណ៍ឆ្លុះពង្រីកមីក្រូទស្សន៍ និងសម្ភារៈឆ្លាក់ដ៏សាមញ្ញ លោក ប៊ីឡាស់ បានជ្រើសរើសយកចម្លាក់វប្បធម៌អេហ្ស៊ីបជាតិសាសន៍របស់ខ្លួន រំលេចលើបណ្ដូលខ្មៅដៃ។
លោកបានរំឭកប្រាប់ពីប្រតិកម្មមហាជនចំពោះស្នាដៃសិល្បៈរបស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំបានចាប់ផ្ដើមបង្ហោះរូបភាពចម្លាក់អធិរាជអេហ្ស៊ីបនៅចុងខ្មៅដៃ ហើយមហាជនពិតជាចាប់អារម្មណ៍ខ្លាំង មិនគួរឱ្យជឿ។ ការចែករំលែក និងមតិកោតសរសើរមកពីជុំវិញពិភពលោក ធ្វើឱ្យខ្ញុំខ្នះខ្នែងបន្តកិច្ចការសិល្បៈម្លាក់លើបណ្ដូលខ្មៅដៃនេះតទៀត»។
លោក ប៊ីឡាស់ បានឱ្យដឹងថា លោកមានគំនិតឆ្លាក់បណ្ដូលខ្មៅដៃជារូបភាពផ្សេងៗ ក្រោយពីមើលឃើញអ្នកសិល្បៈអាស៊ីបានធ្វើការងារសិល្បៈនេះយ៉ាងផ្ចិតផ្ចង់ និងអំណត់អត់ធន់បំផុត។
លោកបាននិយាយថា៖ «ខ្ញុំបានចាប់ផ្ដើមឆ្លាក់បណ្ដូលខ្មៅដៃប្រមាណជាង ៣ ឆ្នាំ ក្រោយពីឃើញសិល្បករតៃវ៉ាន់ម្នាក់ធ្វើដូច្នេះ។ ខ្ញុំពិតជាចូលចិត្ត ហើយចង់សាកល្បង»។
សិល្បករចម្លាក់បណ្ដូលខ្មៅដៃ ចេះដោយអត់មានសាលារៀនរូបនេះបានបញ្ជាក់ថា ក្រោយពីសាកល្បងរាប់សិបដង ទើបលោកអាចរំលេចស្នាដៃមួយលក្ខណៈអាជីព»។
ទោះជាស្នាដៃដំបូងទទួលបានការកោតសរសើរក៏ពិតមែន ប៉ុន្តែ ប៊ីឡាស់ យល់ថា ក្នុងនាមជាសិល្បករម្នាក់ លោកគួរតែមានអត្ថន័យសារបង្កប់ក្នុងទម្រង់សិល្បៈរបស់ខ្លួន។
ស្នាដៃចម្លាក់ដែលពុំអាចធ្វើដោយភ្នែកទទេបាន ត្រូវបានលោក ប៊ីឡាស់ បញ្ជាក់ថា៖ «ភាគច្រើនពាក់់-ព័ន្ធនឹងប្រវត្តិសាស្ត្រ និងកេរដំណែលអេហ្ស៊ីប ដែលត្រូវបានអភិរក្ស និងផ្សព្វផ្សាយដោយចុងខ្មៅដៃរបស់លោក»៕ AFP/HR