​ក្រុង​ហ្សេ​រុយ​សា​ឡឹម: ក្នុង​រណ្ដៅ​ភ្នំភ្លើង​ដ៏​ធំ​មួយ​លើ​វាល​ខ្សាច់ Negev ដុត​ដោយ​កម្ដៅ​ព្រះអាទិត្យ​នៃ​ប្រទេសអ៊ីស្រា​អែល មនុស្ស​មួយក្រុម​ដែល​គ្រង​ឈុត​ការពារ​ក្រាស់ឃ្មឹក​បានធ្វើ​​ដំណើរ​ទៅ​បំពេញបេសកកម្ម​ដូច​ក្នុង​ភព​ព្រះ​អង្គារ​។

Austrian Space Forum បាន​បង្កើត​មូលដ្ឋាន​ផ្កាយ​ព្រះ​អង្គារ​សិប្ប​​និម្មិត​ជាមួយ​ទីភ្នាក់ងារ​អវកាសអ៊ី​ស្រា​លី​នៅរណ្ដៅ​ភ្នំភ្លើង Makhtesh Ramon ជម្រៅ ៥០០ ​ម៉ែត្រ និង​ទំហំ ៤០​ គីឡូម៉ែត្រ​។

​អវកាសយានិក​ទទួល​ការបណ្ដុះ​​បណ្ដាល ៦ ​នាក់ នឹង​រស់នៅ​ផ្ដាច់ខ្លួន​ក្នុង​ស្ថានីយ​សិប្បនិម្មិត​រហូតដល់​ដំណាច់ខែ​ខាងមុខនេះ​។

​លោក អា​ឡុ​ន ធេ​ន​ហ្ស័​រ អាយុ ៣៦ ​ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អែលបាន​ប្រាប់ AFP ថា​៖ «​វា​ជា​ក្ដី​សុបិន​ក្លាយជា​ការពិត​។ វា​ជា​អ្វីដែល​យើង បាននិងកំពុង​តែ​ធ្វើជា​ច្រើន​ឆ្នាំ​»​។

​អ្នកចូលរួម​មកពី​អូទ្រីស អាល្លឺម៉ង់ ហូ​ឡង់ ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ ទាំងអស់គ្នា​ត្រូវធ្វើ​តេស្ដ​កាយសម្បទា និង​ចិ​ត្ដ​វិទ្យា​ជាមុនសិន​។

​អំឡុងពេល​បេសកកម្ម​នេះ ពួកគេ​នឹងធ្វើ​តេស្ដ​ជាច្រើន រួមមានកា​រប​ញ្ជ្រា​ដូន​ស៊េរី​ថ្មី​ដែល​គ្មាន​ប្រព័ន្ធ GPS និង​យាន​ដៅ​ផែនទី ដែល​ដំណើរការ​ដោយ​ថាមពលខ្យល់ និង​សូ​ឡា​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​។

​បេសកកម្ម​នេះ ក៏មាន​បំណង​សិក្សា​អំពី​អត្ដ​ចរិត​របស់​មនុស្ស និង​ផល​ប៉ះពាល់​នៃ​ការរស់នៅ​ផ្ដាច់ខ្លួន​នៅលើ​អវកាស​ផងដែរ​។

​លោក ហ្គេ​ណុ​ត ក្រែ​ម័​រ ប្រធាន​ក្រុម​បេសកកម្ម​ជនជាតិ​អូទ្រីស បាន​និយាយថា​៖ «​សាមគ្គីភាព​របស់​ក្រុម និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ធ្វើ​ការងារ​រួមគ្នា ពិតជា​សំខាន់​សម្រាប់​ដំណើរ​រស់នៅ​លើ​ភព​អង្គារ​។ វា​មិន​ខុសពី​ចំណងអាពាហ៍ពិពាហ៍​នោះទេ ខុស​ត្រង់ចំណងអាពាហ៍ពិពាហ៍ យើង​អាច​កាត់ផ្ដាច់ តែ​នៅលើ​ភព​អង្គារ យើង​មិនអាច​នោះទេ​»​។

យាន​ដែល​នឹង​ប្រមូល​ទិន្ន័យ និង​វត្ថុ​តាងនានា​ពី​ភព​ក្រៅផែនដី​។ រូបថត AFP

​គម្រោង​ផែនការ​របស់អ៊ី​ស្រា​អែល គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម Amadee-20 ដែល​គ្រោង​រៀបចំឡើង​កាលពី​ឆ្នាំមុន តែ​ត្រូវបាន​ពន្យារ​ដោយ​បញ្ហា​វិបត្ដិ​កូ​វីដ​។

​មជ្ឈមណ្ឌល​នេះ បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់អ៊ី​ស្រា​លី D-MARS ដើម្បី​ស្ថាបនា​មូលដ្ឋាន​បំពាក់​ថាមពល​សូ​ឡា​។

​អវកាសយានិក​អាល្លឺម៉ង់ អា​នី​កា មេ​លី​ស ជា​ស្ដ្រី​តែ​ម្នាក់​ក្នុង​ក្រុមបាន​ប្រាប់ AFP អំពី​ភាព​រីករាយ​របស់ខ្លួន​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​។

​អ្នកស្រីបាន​និយាយថា​៖ «​ឪពុក​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅកាន់​សារមន្ទីរ​អវកាស​ពេល​ខ្ញុំ​នៅ​តូច​។ ពេល​ខ្ញុំ​បាន​ឃើញថា មជ្ឈមណ្ឌល​នេះ​ត្រូវការ​ជ្រើសរើស អវកាសយានិក​ទទួល​ការបណ្ដុះ​​បណ្ដាល ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ត្រូវតែ​ដាក់ពាក្យ​»​។

​នាង​នឹងសិក្សា​អំពី​សេណារីយោ ដែល​បាក់តេរី​មកពី​ផែនដី​អាច​ទៅ​ចម្លង​ដល់​ជីវិត​នៅលើ​ភព​ព្រះ​អង្គារ ដោយបាន​និយាយថា «​នេះ​ទំនងជា​អាច​បង្ក​ជា​បញ្ហា​ធំ​»​។

​លោក ក្រែ​ម័​រ បានឱ្យដឹងថា​៖ «​នៅទីនេះ យើង​ស្ថិតក្នុង​សីតុណ្ហភាព​ចន្លោះ​ពី ២៥ ទៅ ៣០ ​អង្សា​សេ តែ​នៅលើ​ភព​ព្រះ​អង្គារ សីតុណ្ហភាព​នឹង​ធ្លា​ក់ដក ៦០ ​អង្សា​សេ ហើយ​បរិ​យា​​កាស​មិន​អំណោយផល​ដល់​ការដក​ដង្ហើម​នោះឡើយ​»​។​

​អង្គការ​ណា​សា គ្រោង​បង្កើត​បេសកកម្ម​ទៅកាន់​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ ​២០៣០៕ AFP/HR

វីដេអូ៖