
ពេលថ្ងៃរះលើសមុទ្រខ្សាច់នៃក្រុងឌូបៃ វិថីកង់អាល់-ក្វាត្រា ពេញទៅដោយក្រុមអ្នកជិះកង់។ AFP
ក្រុងឌូបៃ៖ ពេលថ្ងៃរះលើសមុទ្រខ្សាច់នៃក្រុងឌូបៃ វិថីកង់អាល់-ក្វាត្រា ពេញទៅដោយក្រុមអ្នកជិះកង់ព្រោងព្រៀតដែលចាកចេញពីមហាវិថីហាយវ៉េ និងអគារខ្ពស់កប់ពពក ធ្វើដំណើរលើចម្ងាយផ្លូវ ៨០ គីឡូម៉ែត្រ។
រៀងរាល់ចុងសប្ដាហ៍ ពេញមួយឆ្នាំ ទោះស្ថិតក្រោមកម្ដៅថ្ងៃហួតហែង មនុស្សយ៉ាងតិចរាប់រយនាក់ ដែលនិយមជិះកង់នាំគ្នាចុះវិថីអាល់-ក្វាត្រា ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីក្រុង។
ទីឋានគ្មានរថយន្ដនៅលើទិដ្ឋភាពស្រដៀងព្រះខែជាទំនោរផ្លាស់ប្ដូរសម្រាប់មនុស្សជាច្រើនពីជីវិតក្នុងទីក្រុង ក៏ដូចជាជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងអាចប្រទះឃើញពពួកសត្វក្ដាន់ស្នែងស្រួចផងដែរ។

ទោះស្ថិតក្រោមកម្ដៅថ្ងៃហួតហែង មនុស្សយ៉ាងតិចរាប់រយនាក់ ដែលនិយមជិះកង់នាំគ្នាចុះវិថីអាល់-ក្វាត្រា។ AFP
ថ្វីដ្បិតតែសីតុណ្ហភាពដែលតែងតែកើនដល់ ៤០ អង្សាសេ ជាមួយកម្រិតសំណើមខ្ពស់ ការជិះកង់បានកើនប្រជាប្រិយភាពខ្លាំងនៅអេមីរ៉ាត់អារ៉ាប់រួម។
ហេដ្ឋារចនាសម្ព័ន្ធជិះកង់ថ្មីតែងតែត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងអាប៊ូដាប៊ី និងឌូបៃ ជាទីដែលព្រឹត្ដិការណ៍ «Dubai Ride» ត្រូវបានបង្កើតឡើងកាលពីថ្ងៃសុក្រនៅតាមដងមហាវិថីហាយវ៉េទីក្រុង។
អត្ដពលិកទ្រីយ៉ាថ្លុងអារ៉ាប់ អាស្មា អាល់-ចាណាហ៊ី អាយុ ២៨ ឆ្នាំ ចាត់ទុកវិថី អាល់-ក្វាត្រា ជាទីកន្លែងសំណព្វចិត្ដនៅក្រុងឌូបៃ និងជាសកម្មភាពស្មើនឹងការធ្វើសមាធិ។

ក្រោមកម្ដៅថ្ងៃហួតហែង អ្នកនិយមជិះកង់នាំគ្នាចុះវិថីអាល់-ក្វាត្រា ដែលពុំមានវត្តមានរថយន្ត។ AFP
រដ្ឋបាលកីឡានៅសាកលវិទ្យាល័យញូវយ៉កក្រុងអាប៊ូដាប៊ី បានប្រាប់ AFP ថា៖ «យើងគេចចេញពីទីក្រុង ហើយយើងមើលឃើញនូវមាតាធម្មជាតិ។ នេះពិតជាវាលខ្សាច់ដ៏ស្រស់ស្អាត។ វាពិតជាស្ងប់សុខ ដោយបានឃើញបក្សី និងពពួកសត្វក្ដាន់ស្នែងស្រួច។ យើងមានអារម្មណ៍ផ្សារសាច់ផ្សារឈាមនៅទីកន្លែងនោះ ជាពិសេស ជាមួយនឹងកង់»។
ជនជាតិអាល្លឺម៉ង់ វូហ្វហ្គាង ហូមេន ដែលបើកហាងលក់កង់មួយក្នុងក្រុងឌូបៃ ជាមួយភរិយាក្នុងឆ្នាំ ២០០២ បាននិយាយថា អេមីរ៉ាត់ ជាដែនដីល្បីខាងអ្នកស្រឡាញ់រថយន្ដប្រណិត បានដើរឆ្ងាយពីទំនោរនោះហើយ។
លោកបាននិយាយថា៖ «ពេលនេះ យើងមានក្រុម ProTour ដែលឈ្នះការប្រកួតដ៏សំខាន់ក្នុងពិភពលោក ហើយយើងមានអ្នកជិះកង់រាប់ពាន់នាក់នៅចុងសប្ដាហ៍លើវិថីកង់ដាច់ដោយឡែក»។

ទីឋានគ្មានរថយន្ដនៅលើទិដ្ឋភាពស្រដៀងព្រះខែជាទំនោរផ្លាស់ប្ដូរសម្រាប់មនុស្សជាច្រើនពីជីវិតក្នុងទីក្រុង។ AFP
យោងតាម យូស៊ី ហ្វមីហ្សា ជាជនជាតិអេមីរ៉ាត់និយមកង់តែម្នាក់ឯងបានឱ្យដឹងថាកីឡានៅអេមីរ៉ាត់អារ៉ាប់រួមគឺជាវិវត្ដន៍ទៅមុខយ៉ាងរហ័ស។
ក្រុងឌូបៃតែងតែធ្វើអ្វីធំៗ និងល្អប្រសើរ។ ដូច្នេះប្រជាជនត្រូវការកង់ល្អៗផងដែរ។
អ្នកនាង ណាទី កាឡេវីស ជាអ្នកជិះកង់មកពីវែលស៍ បាននិយាយថា៖ «មនុស្សតែងតែមានការប្រកួតប្រជែង ទាំងជនជាតិអារ៉ាប់ និងបរទេស។ ការជិះកង់មិនមែនជាសកម្មភាពឥតចាយលុយនោះទេនៅឌូបៃ»៕ AFP/HR

ពេលថ្ងៃរះលើសមុទ្រខ្សាច់នៃក្រុងឌូបៃ វិថីកង់អាល់-ក្វាត្រា ពេញទៅដោយក្រុមអ្នកជិះកង់។ AFP