ក្រុង​ឡុងដ៍៖ ម្ចាស់ពាន​ណូបែល​សន្ដិភាព ម៉ាឡាឡា យូសាហ្វហ្សៃ ដែល​ត្រូវបាន​បាញ់​ប្រហារ​ដោយ​ក្រុម​តាលីបង់​ជនជាតិ​ប៉ាគីស្ថាន​ ចំពោះការ​ធ្វើ​យុទ្ធនាការ​អប់រំ​ក្មេង​ស្រី បាន​រៀបការ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​កម្មវិធី​តូច​មួយ​ នៅ​ក្រុង​ប៊ើមីងហេម ភាគ​កណ្ដាល​ប្រទេស​អង់គ្លេស។ នេះ​បើយោងតាម​ការ​ប្រកាស​របស់​សាមីខ្លួន​នៅ​លើ​បណ្ដាញ​សង្គម។

អ្នកនាងបាន​សរសេរ​នៅ​លើ​ Twitter អមដោយ​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​ស្វាមី​នៅថ្ងៃ​មង្គ​លថា​៖ «​ថ្ងៃនេះ ជា​ឱកាស​ដ៏​មា​ន​តម្លៃ​ក្នុង​ឆាក​ជីវិត​ខ្ញុំ។ អាសស័រ (ម៉ាលិក​) និង​រូប​ខ្ញុំ​បាន​រៀប​មង្គល​ការ​ជា​ប្ដី​ប្រពន្ធ​ពេញ​មួយ​ជីវិត​ហើយ​»។

អ្នកនាងបាន​បន្ដថា​៖ «​យើង​បាន​រៀបចំ​កម្មវិធី​នីកកា​មួយ​តូច​នៅ​ផ្ទះ​ក្នុង​ទីក្រុង​ប៊ើមីងហេមជាមួយ​សាច់​ញាតិ។ សុំ​បួង​សួងឱ្យ​យើង​ខ្ញុំ​ទាំង២នាក់​ផង។ យើង​មាន​ក្ដី​រំភើប​រីករាយ​ដែល​បាន​ដើរ​លើ​វិថី​ជីវិត​រួម​គ្នា»។

ម្ចាស់ពាន​ណូបែល​សន្ដិភាពម៉ាឡាឡាយូសាហ្វហ្សៃប្រកាស​ពី​មង្គលការ​នាង​ក្នុង​បណ្ដាញ​សង្គម។ Instagram/MalalaYousafzai

ពេល​អ្នកនាងស្ថិត​ក្នុង​​វ័យ ១៥ ​ឆ្នាំ​ យូសាហ្វហ្សៃ ត្រូវបាន​បាញ់​ចំ​ក្បាល​ដោយ​ក្រុម​ជីវពល​ប៉ាគីស្ថាន​តេរីក​-អ៊ី-​តាលីបង់ ជា​ខ្សែ​ស្រឡាយ​ក្រុមតាលីបង់​អាហ្វហ្គាន​ នៅ​ទីក្រុង​លំនៅឋាន​នៃ​ជ្រលង Swat ខណៈ​ជិះ​រថយន្ដ​ក្រុង​សាលា​ក្នុង​ឆ្នាំ​ ២០១២។

អ្នក​នាង​​បាន​ជា​សះស្បើយ​ក្រោយ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ​ទាំង​​នៅ​ផ្ទះ​ និង​បរទេស​មុន​ពេល​សរសេរ​សៀវភៅ​រួម​គ្នា​មួយ​ដែល​លក់​ដាច់​បំផុត​ក្រោម​ចំណង​ជើង​ថា «​ខ្ញុំ​ឈ្មោះ ម៉ាឡាឡា​»។

យូសាហ្វហ្សៃ ទទួល​បាន​ពាន​ណូបែល​សន្ដិភាព​តាំងពី​អាយុ ១៧ ​ឆ្នាំ​ ក្នុង​ឆ្នាំ​ ២០១៤ ជាពាន​ដែល​ទទួល​បាន​រួម​គ្នា​ជាមួយ​ កៃឡាស សាទីយ៉ាធី។

នាង និង​ស្វាមី​បានរៀបចំ​កម្មវិធី​នីកកា​មួយ​តូច​នៅ​ផ្ទះ​ក្នុង​ទីក្រុង​ប៊ើមីងហេមជាមួយ​សាច់​ញាតិ។

អ្នកនាង បាន​បញ្ចប់​ការ​សិក្សា​កាលពី​ឆ្នាំ​មុន​ពី​សាកលវិទ្យាល័យ​អុកហ្វដ ក្នុង​ផ្នែក​ទស្សនវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច។

បច្ចុប្បន្ន ក្នុង​វ័យ ២៤ ​ឆ្នាំ អ្នកនាង​បន្ដ​គាំទ្រ​ដល់​ការអប់រំ​ក្មេង​ស្រី ជាមួយ​អង្គការ​មូលនិធិ ម៉ាឡាឡា ដែល​បាន​វិនិយោគ​ទឹក​ប្រាក់ ២​ លាន​ដុល្លារ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នកនាង​ក៏​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ Apple TV+ ដែល​នឹង​ផលិត​ជា​សាច់រឿងនិង​ឯកសារ​អំពី​ដំណើរ​ជីវិត​​​អ្នកនាងដោយ​ផ្ដោត​លើ​ស្ដ្រី​ និង​កុមារ៕ AFP/HR

នាង និង​ស្វាមី​បានរៀបចំ​កម្មវិធី​នីកកា​មួយ​តូច​នៅ​ផ្ទះ​ក្នុង​ទីក្រុង​ប៊ើមីងហេមជាមួយ​សាច់​ញាតិ។