​ភ្នំពេញ: កែវភ្នែក​ពណ៌​ខ្មៅ​មូល​-​ក្រឡង់ ចិញ្ចើម​ក្រាស់​ខ្វង់ សម​នឹង​សាច់​សម្បុរ​ស្រអែម យុវជន​អាយុ​ខ្ទង់ ២០ ​ឆ្នាំ ជួត​ក្រមា​លើ​ថ្ងាស អាវ​ពណ៌​ខៀវ និង​ក្បិន​ពណ៌​ខៀវ​បៃតង ដៃ​កាន់​ត្បូង​ជះ​ពន្លឺ​មួយ រត់​ឆ្លងកាត់​ឧបសគ្គ​គន្លឹះ​យន្ដ សំដៅ​ទៅកាន់​ប្រាង្គ​ប្រា​សាទ​កំពូល ​៣ មួយ​។

​យុវជន ខេ​ម៉ា មាន​ភារកិច្ច​យក​ត្បូង​ចរណៃ​ទៅ​ប្រគល់​សង​ឱ្យ​វិហារ​នាង​នាគ ដ៏​ចំណាស់​ដែល​បន្សល់​តាំងពី​ចក្រភព​ហ្វ៊ូ​ណន​។ ក្នុង​បេសកកម្ម​នេះ ខេ​ម៉ា ប្ដេជ្ញា​ចិ​ត្ដ​បំពេញ​កិច្ចការ​ឱ្យបាន​សម្រេច​ដោ​យ​ខាងតែបាន​។ ប៉ុន្ដែ​វា​មិន​ងាយស្រួល​ដូច​ការរំពឹងទុក​រប​ស់​យុវជន​រូបនេះ​ឡើយ​។

​ខេ​ម៉ា គឺជា​តួអង្គ​គំនូរជីវចល​ប្រឌិត​នៃ​រឿង «The Legend of Khema» នៅក្នុង​សម័យកាល​ចាប់បដិសន្ធិ​នៃ​ចក្រភព​ខ្មែរ​ដ៏​រុងរឿង​។ យុវជន​ខ្មែរ​មន ស្ថិតក្នុង​ចំណោម​ជនជាតិភាគតិច​

​រស់នៅក្នុង​ព្រៃ​ជ្រៅ​នៃ​នគរ​កម្ពុជ ដែល​គោរព​ព្រះពុទ្ធសាសនា និង​បូជា​អាទិទេព Sauveli ដែល​ជួយ​ឃុំគ្រង​ជនជាតិ​នេះ​ឱ្យ​រួច​ផុតពី​សង្គ្រាម​។

​សកម្មភាព​គំនូរជីវចល​ដ៏​រស់​រវើក​របស់​ខេ​ម៉ា រត់ ហក់លោត ឆ្លងកាត់​ឧបសគ្គ ក្រោម​សម្រស់​ធម្មជាតិ​នៃ​ព្រៃ​ព្រឹក្សា និង​ប្រាង្គ​ប្រាសាទ​តែ​ជាង​ ១ ​នាទី បានធ្វើឱ្យ​អ្នកទស្សនា​នៅលើ​បណ្ដាញ​សង្គម​មិនទាន់​អស់​ចិ​ត្ដ និង​ចង់ដឹង​ចង់ឃើញ​សកម្មភាព ក៏ដូចជា​សាច់រឿង​បន្ដទៀត​របស់​ខេ​ម៉ា​។

​អ្នក​នៅ​ពីក្រោយ​គំនូរជីវចល 3D ខ្លី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ គឺជា​យុវជន​វ័យ​ ២២ ​ឆ្នាំ លោក ម៉េង យូ​ឌី​ស័ក​។

​និស្សិត​បញ្ចប់​ការសិក្សា​នៅ​បរទេស​រូបនេះ​ចូលចិត្ត​ទស្សនា​ភាពយន្ត​ល្បីៗ និង​បានចាប់ផ្ដើម​ស្រឡាញ់​វិស័យ​ក្រាហ្វិក​ឌី​ហ្សា​ញ​ភាពយន្ដ រហូត​ប្ដូរ​ជំនាញ​ស្ថាបត្យកម្ម និង​សំណង់ មក​សិក្សា​ចាប់យក​ជំនាញ​គំនូរជីវចល​នៅ​ប្រទេស​អូស្ដ្រាលី​។

យុវជន ម៉េង យូឌីស័ក ជា​និស្សិត​រៀន​នៅ​អូស្ដ្រាលី ដែល​ទើប​បញ្ចប់ការសិក្សា​ផ្នែកឌីហ្សាញ។ រូបថត សហ​ការី

​គំនូរជីវចល ខេ​ម៉ា ដែល​ផ្ដើមចេញពី​កិច្ចការ​សាលា​នេះ​ត្រូវបាន យូ​ឌី​ស័ក រៀបរាប់ថា​៖ «​ខ្ញុំ​បាន​នឹកឃើញ​រឿង​មួយ ដែល​កាលពី ២-៣ ​ឆ្នាំមុន ខ្ញុំ​ចាប់​​ផ្ដើម​និពន្ធ​រឿង​មួយ​ឈ្មោះ (​ខេ​ម៉ា​) ជា​រឿង​ប្រ​វ​ត្ដិ​សាស្ដ្រ​ប្រឌិត​នៅ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​២​។ ខ្ញុំ​យក​ឱកាស​នេះ​ផលិត​គំនូរជីវចល ខេ​ម៉ា សម្រាប់​កិច្ចការ​សាលា​តែម្ដងទៅ​»​។

​និស្សិត​ឌី​ហ្សា​ញ និង 3D animation ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ក្រុង​ស៊ីដនី ត្រូវបាន​តម្រូវឱ្យ​ផលិត​គំនូរ​ជីវ​ច​ល​បែប​ឧស្សាហកម្ម​ដូច​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ត្រឹម​ ១ ​នាទី​កន្លះ​សម្រាប់​ឱ្យ​ខាង​សាលា​ដាក់ពិន្ទុ​។

​អ្នកបង្កើត​គំនូរជីវចល ខេ​ម៉ា ដែល​រំលេច​តួអង្គ​ខ្មែរ​តាម​ស្ដង់ដា​គំនូរ​​ជីវ​ច​ល​អឺរ៉ុប ក្នុង​រយៈពេល ១,១៨ ​នាទី រូបនេះ​បាន​បន្តថា​៖ «​ខ្ញុំ​គិតថា រយៈពេល​ប្រមាណ​ ១ ​ខែ​នេះ វា​មាន​ល្បឿន​លឿន​គ្រាន់បើ​ដែរ ដោយសារ​ខ្ញុំ​ធ្វើ​តែម្នាក់ឯង​។ ប៉ុន្ដែ ខ្ញុំ​ក៏​ឆ្លៀត​យក​ឱកាស​នេះ​បន្ដ​ស្នាដៃ​សាច់រឿង​តែម្ដង ពីព្រោះ​គោលដៅ​របស់ខ្ញុំ​ចង់​បង្កើត​រឿង​ភាគ​គំនូរជីវចល ខេ​ម៉ា នេះ​មែន​​ទែន​នៅក្នុង​ស្រុក​ខ្មែរ​យើង​តែម្ដង​»​។

​ការផលិត​សាច់រឿង​នេះ យូ​ឌី​ស័ក បាន​និយាយថា ផលិតករ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ច្រើន​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ ព្រោះ​អត់​សូវ​មានការ​កត់ត្រា រវាង​សម័យ​ហ្វ៊ូ​ណន និង​សម័យ​ចេនឡា​។

​យូ​ឌី​ស័ក បាន​អះអាងថា​៖ «​ទោះបីយ៉ាងណា ទាំង​ការសរសេរ​សៀវរ​ភៅ និង​ការផលិត​គំនូរជីវចល ខ្ញុំ​ផ្ដោតលើ​ប្រ​វ​ត្ដិ​សាស្ដ្រ​បែប​ប្រឌិត ដោយ​ខ្ញុំ​ចង់យក​ស្ទីល​តាម​អឺរ៉ុប ចិន និង​ជប៉ុន ដែល​ពួកគេ​យក​ប្រ​វ​ត្ដិ​សាស្ដ្រ​មែន​ទែន​មក និង​បន្ថែមបន្ថយ​ខ្លះ ដើម្បី​ឱ្យមាន appeal (​ភាព​ទាក់ទាញ​) ដែល​រំលេច​នូវ​ភាព​ល្អមើល និង​ចូល​ចិ​ត្ដ​»​។​

​លោក​ទទួលស្គាល់ថា មហិច្ឆតា​ចង់​ផលិត​គំនូរជីវចល 3D ខេ​ម៉ា ឱ្យចេញ​ជា​រូបរាង ទៅតាម​សាច់រឿង​របស់លោក​បាន​និពន្ធ​កន្លងមក វា​ត្រូវការ​ពេលវេលា​ទាំង​ផ្នែក​ស្រាវជ្រាវ​ប្រ​វ​ត្ដិ​សាស្ដ្រ ការ​ឌី​ហ្សា​ញ ជាពិសេស​ការបង្កើត​ក្រុមការងារ​ដ៏​ល្អ​មួយ​។​

​លោក​បាន​បន្ដថា​៖ «​វា​នៅ​វែងឆ្ងាយ​ទៀត​ដែរ ដោយសារ​ឥឡូវ ខ្ញុំ​ទើប​រៀន​ចប់ ខ្ញុំ​អត់​ទាន់​មាន team​។ ខ្ញុំ​អត់​ទាន់​រក artists និង​សមាជិក​ផ្សេងៗ​ទៀត ខ្ញុំ​នៅ​ធ្វើ​ម្នាក់​នៅឡើយ​»​។

​កាលពី​ខែឧសភា សាកលវិទ្យាល័យ​របស់​លោក​ក៏បាន​ឱ្យ​លោក​ចូលរួម​ជាមួយ​សមាជិក ៤​ នាក់​ផ្សេងទៀត ក្នុង​ការផលិត​គំនូរជីវចល​មួយ​ដែល​ត្រូវ​បានដាក់​បញ្ចាំង​នៅ​បារាំង​ក្នុង​មហោស្រព Annecy International Animation Film Festival​។​

3D Animation​​​​។ រូបថត សហ​ការី

​ខេ​ម៉ា គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​មួយ​ដែល​យុវជន យូ​ឌី​ស័ក ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ដ 3D ដោយ​លោក​បាន​បង្កើត​ល្ខោន​ស្ទូឌីយូ​ផ្ដោតលើ​បច្ចេកវិទ្យា​រួម​។

​លោក យូ​ឌី​ស័ក បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់ឱ្យ ល្ខោន​ស្ទូ​ឌី​យោ ជា​ស្ទូ​ឌី​យោ​ហូលីវូដ​មួយ ដែល​រួមបញ្ចូល​គ្នា​ទាំង​អស់ទាំង​ការផលិត​គំនូរជីវចល 3D ការ​ឌី​ហ្សា​ញ​បែប VFXs​។ នេះ​ជា​គោលដៅ​របស់ខ្ញុំ​»​។

​លោក​បានឱ្យដឹងថា​៖ «​ខ្ញុំ​ចង់ឱ្យ​ខ្មែរ​យើង​មាន​វិស័យ​កុន ឬ media នេះ​ឱ្យ​ខ្លាំង​ដែល​អាច​ប្រជែង​ជាមួយ​ពិភពលោក​បាន​។ ដូចជា នៅ​ជប៉ុន គំនូរជីវចល​របស់​គេ​ល្បី​មែនទែន ហើយ​អាមេរិក រឿង​របស់​ក្រុមហ៊ុន Marvel ក៏​ល្បីល្បាញ​ខ្លាំង​»​។

​ក្រៅពី​ទទួល​កិច្ចការ​រាយរង​តាម​តម្រូវការ​អតិថិជន ល្ខោន​ស្ទូ​ឌី​យោ នឹង​ចាប់ផ្ដើម​ដំណើរ​ពី​ការ​គំនូរជីវចល​ភាគ ខេ​ម៉ា និង​បន្ដ​ទៅធ្វើ​តុក្កតា​ខ្លីៗ ក៏ដូចជា​ភាពយន្ត​ផ្សេងៗ​ទៀត​។

​លោក យូ​ឌី​ស័ក បានឱ្យដឹងថា​៖ «​យោងតាម​ការនិពន្ធ​ជា​សាច់រឿង​ខេ​ម៉ា​នេះ ខ្ញុំ​គិតថា វា​មាន​ប្រវែង​ពី ៣ ទៅ ៤​ រដូវ​កាល ដែល​មិន​វែង​ខ្លាំង បើ​ធៀប​នឹង​រឿង​សម័យ​ឥឡូវ​»​។

​យ៉ាងណាមិញ លោក​ប្រ​មើ​មើលថា ការដាក់​បញ្ចាំង​ស្នាដៃ​នេះ ​គឺជា​ឧ​ប​​សគ្គ​មួយ​ដែរ ដោយសារ​លោក​អត់​-​ទាន់​ដឹង​អំពី​ទីផ្សារ​នៅ​ស្រុក​ខ្មែរ​។

​លោក​លើកឡើងថា​៖ «​ខ្ញុំ​មិនដឹងថា អាច​លក់​របៀប​មេ​៉​ច ហើយ​សិន​ជា​រឿង​ដុំ វា​អាចដាក់​បញ្ចាំង​ក្នុង​រោងកុន​បាន​។ តែ​ជា​ប្រភេទ​គំនូរជីវចល​ភាគ ត្រូវ​ការដាក់​បញ្ចាំង​លើ​អន​ឡាញ ដូចជា Netflix អី​។ ខ្ញុំ​អត់​ទាន់​ដឹងថា ខ្ញុំ​ត្រូវធ្វើ​យ៉ាងដូចម្ដេច​។ អ៊ីចឹង ខ្ញុំ​ត្រូវការ​ពេលវេលា​ស្រាវជ្រាវ​តទៅទៀត​»​។​

​បើទោះបីជា ខេ​ម៉ា ត្រូវបាន​ឃុំគ្រង​ប្រកបដោយ​សុខ​សុវត្ថិភាព និង​បញ្ចៀស​អស់​រាល់​ឧបសគ្គ​ផង​ទាំង​-​ពួ​ង​យ៉ាងណាក៏ដោយ ក៏​តួអង្គ​ដ៏​មាន​ភាពស្វាហាប់​រូបនេះ​បាន​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើង​ដ៏​ចលាចល​ដើម្បី​ភ្លក្ស​រសជាតិ​ជីវិត​ស្ថិតក្នុង​ភាពលំបាក​។

​នៅ​ទីបញ្ចប់ ខេ​ម៉ា បានសម្រេច​គោលដៅ​បេសកកម្ម​នៃ​ដំណើរ​​ផ្សងព្រេង​ទៅដល់ Java Kingdom Authority Gate​។

​ព័ត៌មាន​លម្អិត និង​ការ​ទស្សនា​វីដេអូ​គំនូរជីវចល «The Legend of Khema» សុំចូល​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក @lakhonstudio ឬ​វេ​ប​សាយ https://studiolakhon.wixsite.com/lakhon/៕

វីដេអូ៖